យេរេមា 23:1-40

យេរេមា 23:1-40 គខប

«ពួក​គង្វាល​ដែល​មិន​ថែ​ទាំ​ហ្វូង​ចៀម​របស់​យើង តែ​ធ្វើ​ឲ្យ​គេ​ខ្ចាត់‌ខ្ចាយ​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​អំពី​ពួក​មេ​ដឹក​នាំ ដែល​ឃ្វាល​ប្រជា‌ជន​របស់​ព្រះអង្គ​ថា៖ «អ្នក​រាល់​គ្នា​បោះ​បង់​ចោល​កូន​ចៀម​របស់​យើង​ឲ្យ​ខ្ចាត់‌ខ្ចាយ ហើយ​អ្នក​រាល់​គ្នា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​ទេ។ ឥឡូវ​នេះ យើង​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា គឺ​ដាក់​ទោស​តាម​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!។ «យើង​នឹង​ប្រមូល​កូន​ចៀម​របស់​យើង ដែល​នៅ​សេស‌សល់​ពី​គ្រប់​ស្រុក ដែល​យើង​បាន​កម្ចាត់‌កម្ចាយ​ទៅ នោះ​ឲ្យ​ត្រឡប់​មក​វិញ។ យើង​នឹង​កៀង​ពួក​គេ​ចូល​វាល​ស្មៅ​របស់​ខ្លួន ហើយ​ឲ្យ​ពួក​គេ​បង្កើត​កូន​ចៅ និង​កើន​ចំនួន​ឡើង​ជា​ច្រើន យើង​នឹង​តែង‌តាំង​ពួក​គង្វាល​ឲ្យ​ដឹក​នាំ​ពួក​គេ ពេល​នោះ ចៀម​លែង​ភ័យ​ខ្លាច ឬ​ញ័រ​រន្ធត់​ទៀត​ឡើយ ហើយ​ក៏​គ្មាន​ចៀម​ណា​មួយ​បាត់​បង់​ដែរ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​ធ្វើ​ឲ្យ​មាន​ពន្លក គឺ​ស្ដេច​មួយ​អង្គ​ដ៏​សុចរិត​កើត​ចេញ​ពី ពូជ‌ពង្ស​របស់​ដាវីឌ។ ស្ដេច​នោះ​នឹង​គ្រង​រាជ្យ ប្រកប​ដោយ​ប្រាជ្ញា ព្រម​ទាំង​គ្រប់‌គ្រង​ស្រុក ដោយ​សុចរិត និង​យុត្តិធម៌។ នៅ​រជ្ជកាល​របស់​ស្ដេច​នោះ ជន‌ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​រស់​យ៉ាង​សុខ‌សាន្ត។ គេ​ថ្វាយ​ព្រះ‌នាម​ស្ដេច​នោះ​ថា “ព្រះ‌អម្ចាស់​ជា​សេចក្ដី​សុចរិត​របស់​យើង”»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ គេ​នឹង​លែង​ស្បថ​ក្នុង​ព្រះ‌នាម “ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ដែល​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប” ទៀត​ហើយ ផ្ទុយ​ទៅ​វិញ គេ​នឹង​ស្បថ​ក្នុង​ព្រះ‌នាម “ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ដែល​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​មក​ពី​ស្រុក​ខាង​ជើង និង​ពី​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ!”។ យើង​នឹង​នាំ​ពួក​គេ​ឲ្យ​វិល​មក​តាំង​ទី​លំ‌នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​វិញ»។ នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ពួក​ព្យាការី: ព្រោះ​តែ​ព្រះ‌អម្ចាស់ និង​ព្រះ‌បន្ទូល​ដ៏វិសុទ្ធ ចិត្ត​ខ្ញុំ​ប្រេះ​ឆា ឆ្អឹង​របស់​ខ្ញុំ​រញ្ជួយ​ញាប់‌ញ័រ ខ្ញុំ​ប្រៀប​បាន​នឹង​មនុស្ស​ស្រវឹង​ស្រា ដើរ​ទ្រេត​ទ្រោត។ នៅ​ក្នុង​ស្រុក ពួក​គេ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ គ្រប់ៗ​គ្នា អ្នក​ស្រុក​ទាំង​មូល​កាន់​ទុក្ខ ព្រោះ​ត្រូវ​បណ្ដាសា វាល​ស្មៅ​ក្រៀម​ស្ងួត​អស់ ព្រោះ​ប្រជា‌ជន​គិត​តែ​ពី​រត់​ទៅ​រក​អំពើ​អាក្រក់ ហើយ​ក្លា‌ហាន​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ ពួក​ព្យាការី និង​ពួក​បូជា‌ចារ្យ​សុទ្ធ​តែ​ទុច្ចរិត សូម្បី​តែ​នៅ​ក្នុង​ដំណាក់​របស់​យើង ក៏​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ហេតុ​នេះ​ហើយ​បាន​ជា​ផ្លូវ​ដែល​គេ​ដើរ ក្លាយ​ទៅ​ជា​ផ្លូវ​រអិល និង​ងងឹត ពួក​គេ​នឹង​ជំពប់​ជើង​ដួល ដ្បិត​នៅ​ឆ្នាំ​ដែល​យើង​ត្រូវ​ដាក់​ទោស​ពួក​គេ យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ដល់​ពួក​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ នៅ​ក្រុង​សាម៉ារី យើង​បាន​ឃើញ​ពួក​ព្យាការី ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ គឺ​ពួក​គេ​នាំ​គ្នា​ទាយ​ក្នុង​នាម​ព្រះ​បាល ពួក​គេ​នាំ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​វង្វេង។ រីឯ​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ យើង​ឃើញ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម គឺ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ពួក​គេ​និយម​ការ​កុហក ពួក​គេ​លើក​ទឹក​ចិត្ត​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់ ដូច្នេះ គ្មាន​នរណា​អាច​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ របស់​ខ្លួន​បាន​ឡើយ។ ចំពោះ​យើង ពួក​គេ​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជា អ្នក​ក្រុង​សូដុម ហើយ​អ្នក​ក្រុង​យេរូ‌សាឡឹម​ក៏​ប្រៀប​ដូច​ជា អ្នក​ក្រុង​កូម៉ូរ៉ា​ដែរ។ ហេតុ​នេះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ពួក​ព្យាការី​ថា៖ «យើង​នឹង​ឲ្យ​ពួក​គេ​បរិភោគ​ផ្លែ​ស្លែង និង​ឲ្យ​ពួក​គេ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល ដ្បិត​អំពើ​ទុច្ចរិត​បាន​រាល‌ដាល​ពាស‌ពេញ ស្រុក​ទាំង​មូល ព្រោះ​តែ​ពួក​ព្យាការី នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​ឯង»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ស្ដាប់​ពាក្យ​ដែល​ព្យាការី​ទាំង​នោះ ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ឡើយ! ពួក​គេ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​យល់​ខុស ពួក​គេ​រៀប​រាប់​អំពី​និមិត្ត‌ហេតុ តាម​តែ​ចិត្ត​របស់​គេ​នឹក​ឃើញ គឺ​មិន​មែន​ជា​ពាក្យ​របស់​យើង​ទេ។ ពួក​គេ​ហ៊ាន​ពោល​ទៅ​កាន់​អស់​អ្នក​ដែល ប្រមាថ​មាក់‌ងាយ​យើង​ថា “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​នឹង​បាន​សុខ‌សាន្ត‌ត្រាណ!” ហើយ​ពោល​ទៅ​កាន់​អស់​អ្នក​ដែល មាន​ចិត្ត​រឹង‌រូស​ថា “គ្មាន​គ្រោះ​កាច​អ្វី​កើត​មាន​ដល់​អ្នក​ទេ!”»។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ តើ​នរណា​បាន​រួម​ប្រជុំ​ជា​មួយ​ព្រះ‌អម្ចាស់? តើ​នរណា​បាន​ឃើញ និង​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ? តើ​នរណា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ព្រះ‌បន្ទូល​របស់​ព្រះអង្គ? ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់​នឹង​បក់​បោក​មក ដូច​ជា​ខ្យល់​ព្យុះ។ ព្រះ‌ពិរោធ​នេះ​ប្រៀប​ដូច​ជា​ខ្យល់​កំបុត​ត្បូង បក់​នៅ​លើ​ក្បាល​របស់​ពួក​ទុច្ចរិត។ ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់​នឹង​មិន​ងាក​រេ ចេញ​ទៅ​ណា​ឡើយ ដរាប​ណា​ទាល់​តែ​បាន​សម្រេច​តាម​គម្រោង‌ការ របស់​ព្រះអង្គ​យ៉ាង​សុក្រឹត​ជា​មុន​សិន។ នៅ​ថ្ងៃ​ចុង​ក្រោយ អ្នក​រាល់​គ្នា​មុខ​ជា​យល់​ច្បាស់​ពុំ‌ខាន។ «យើង​ពុំ​បាន​ចាត់​ព្យាការី​ទាំង​នេះ​ទេ តែ​ពួក​គេ​នាំ​គ្នា​រត់​ទៅ យើង​ពុំ​បាន​និយាយ​អ្វី​ជា​មួយ​ពួក​គេ​ទេ តែ​គេ​នាំ​គ្នា​និយាយ​ក្នុង​នាម​យើង។ ប្រសិន​បើ​ពួក​គេ​បាន​ជួប​ពិភាក្សា​ជា​មួយ​យើង នោះ​ពួក​គេ​មុខ​ជា​នាំ​ពាក្យ​របស់​យើង​ទៅ ប្រាប់​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​នាំ​ប្រជា‌ជន​នេះ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ និង​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត​ជា​មិន​ខាន។ យើង​មិន​មែន​ជា​ព្រះ​ដែល​មើល​ឃើញ តែ​ជិតៗ​ប៉ុណ្ណោះ​ទេ យើង​ក៏​ជា​ព្រះ​ដែល​មើល​ឃើញ​អ្វីៗ នៅ​ឆ្ងាយ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ គ្មាន​នរណា​ម្នាក់​ពួន​នៅ​កន្លែង​មួយ ហើយ​យើង​មើល​មិន​ឃើញ​នោះ​ទេ ដ្បិត​យើង​ស្ថិត​នៅ​ពាស‌ពេញ​លើ​ផ្ទៃ​មេឃ និង​នៅ​លើ​ផែនដី» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ «យើង​ឮ​ពាក្យ​ដែល​ព្យាការី​ទាំង​នោះ​ថ្លែង​ក្នុង​នាម​យើង ពួក​គេ​និយាយ​ភូត‌ភរ គឺ​ពោល​ថា “ខ្ញុំ​សុបិន​ឃើញ​ដូច្នេះ! ខ្ញុំ​សុបិន​ឃើញ​ដូច្នោះ!”។ តើ​ព្យាការី​ទាំង​នោះ​មាន​គំនិត​បែប​ណា បាន​ជា​គេ​នៅ​តែ​ចូល​ចិត្ត​ថ្លែង​ពាក្យ​ភូត‌ភរ ថ្លែង​ពាក្យ​បោក​ប្រាស់ តាម​ទំនើង​ចិត្ត​របស់​ខ្លួន​ដូច្នេះ? ពួក​គេ​ស្មាន​ថា​អាច​ធ្វើ​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​យើង​បំភ្លេច​នាម​យើង ដោយ​ចាប់​អារម្មណ៍​ទៅ​លើ​សុបិន​ដែល​គេ​រៀប​រាប់​ប្រាប់​គ្នា ដូច​ដូនតា​របស់​ពួក​គេ​បាន​ភ្លេច​នាម​យើង ទៅ​គោរព​ព្រះ​បាល។ ដូច្នេះ ព្យាការី​ណា​យល់​សុបិន​ឲ្យ​គេ​រៀប​រាប់​ពី​សុបិន​នោះ​ទៅ។ រីឯ​អ្នក​ដែល​ទទួល​ពាក្យ​យើង ត្រូវ​យក​ពាក្យ​នោះ​ទៅ​ថ្លែង​ប្រាប់​ឲ្យ​បាន​ត្រឹម​ត្រូវ។ កុំ​លាយ​អង្កាម និង​អង្ករ​ចូល​គ្នា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ពាក្យ​របស់​យើង​ប្រៀប​បី​ដូច​ជា​ភ្លើង និង​ដូច​ញញួរ​ដំ​បំបែក​ថ្ម - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រឆាំង​នឹង​ពួក​ព្យាការី ដែល​លួច​យក​ពាក្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បន្លំ​ថា​ជា​ពាក្យ​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​ប្រឆាំង​នឹង​ពួក​ព្យាការី​ដែល​យក​ពាក្យ​ខ្លួន​មក​ប្រកាស ហើយ​ថា​ជា​ពាក្យ​មក​ពី​យើង -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​ប្រឆាំង​នឹង​អស់​អ្នក​ដែល​យក​សុបិន​និមិត្ត​ក្លែងក្លាយ មក​ថ្លែង​ប្រាប់​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​នាំ​ពួក​គេ​ឲ្យ​វង្វេង​តាម​ពាក្យ​កុហក​បោក​ប្រាស់។ យើង​ពុំ​បាន​ចាត់​ព្យាការី​ទាំង​នោះ​ឲ្យ​មក​ទេ ហើយ​យើង​ក៏​ពុំ​បាន​បញ្ជា​ពួក​នោះ​ដែរ។ ព្យាការី​ទាំង​នោះ​គ្មាន​ផល​ប្រយោជន៍​ដល់​ប្រជា‌រាស្ត្រ​របស់​យើង​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ប្រសិន​បើ​ប្រជា‌ជន​នេះ ឬ​ព្យាការី* ឬ​បូជា‌ចារ្យ*​ណា​ម្នាក់ សួរ​អ្នក​ថា “តើ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ព្រមាន​ពួក​យើង​ពី​រឿង​អ្វី?” នោះ​ត្រូវ​ឆ្លើយ​ទៅ​គេ​វិញ​ថា “ព្រះ‌អម្ចាស់​ព្រមាន​ថា ព្រះអង្គ​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា”។ យើង​នឹង​ដាក់​ទោស​ព្យាការី បូជា‌ចារ្យ ឬ​ប្រជា‌ជន​ណា​ដែល​ពោល​ថា “ព្រះ‌អម្ចាស់​ព្រមាន​ពួក​យើង” យើង​ក៏​ដាក់​ទោស​ក្រុម​គ្រួសារ​របស់​គេ​ដែរ។ អ្នក​រាល់​គ្នា​ត្រូវ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក និង​សួរ​បងប្អូន​របស់​ខ្លួន​ថា “តើ​ព្រះ‌អម្ចាស់​ឆ្លើយ​ដូច​ម្ដេច? ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ម្ដេច?” គឺ​មិន​ត្រូវ​ពោល​ពាក្យ “ព្រះ‌អម្ចាស់​ព្រមាន” ទៀត​ឡើយ ដ្បិត​អ្នក​ណា​ពោល​ពាក្យ​នេះ អ្នក​នោះ​នឹង​ទទួល​ទោស​តាម​ពាក្យ​របស់​ខ្លួន។ អ្នក​រាល់​គ្នា​បាន​បង្ខូច​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ គឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​យើង។ ចូរ​សួរ​ព្យាការី​ថា “តើ​ព្រះ‌អម្ចាស់​ឆ្លើយ​មក​អ្នក​វិញ​ដូច​ម្ដេច? តើ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ម្ដេច​ខ្លះ”? ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ពោល​ថា ព្រះ‌អម្ចាស់​ព្រមាន នោះ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​បាន​ហាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​ពោល​ពាក្យ “ព្រះ‌អម្ចាស់​ព្រមាន” ប៉ុន្តែ ដោយ​អ្នក​រាល់​គ្នា​នៅ​តែ​ពោល​ពាក្យ​នេះ យើង​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា យើង​នឹង​បណ្តេញ​អ្នក​រាល់​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​មុខ​យើង គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​ទីក្រុង​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា និង​ដូនតា​របស់​អ្នក​រាល់​គ្នា។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អាម៉ាស់​មុខ​រហូត​ត​ទៅ អ្នក​រាល់​គ្នា​នឹង​បាក់​មុខ​អស់‌កល្ប​ជានិច្ច មិន​អាច​បំភ្លេច​បាន​ឡើយ»។