យេរេមា 15:1-9

យេរេមា 15:1-9 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ទោះ​បី​ម៉ូសេ និង​សាំយូ‌អែល មក​អង្វរ​យើង​ឲ្យ​ត្រា​ប្រណី​ប្រជា‌ជន​នេះ​ក្ដី ក៏​យើង​មិន​អត់‌ឱន​ឲ្យ​ពួក​គេ​ដែរ។ ចូរ​បណ្ដេញ​ប្រជា‌ជន​នេះ​ឲ្យ​បាត់​ពី​មុខ​យើង​ទៅ! ពេល​គេ​សួរ​អ្នក​ថា “តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ណា?” នោះ​ត្រូវ​ឆ្លើយ​វិញ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ស្លាប់ អ្នក​នោះ​ត្រូវ​តែ​ស្លាប់ អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ស្លាប់​ដោយ​មុខ​ដាវ អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ! អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ស្លាប់​ដោយ​អត់​ឃ្លាន អ្នក​នោះ​នឹង​ស្លាប់​ដោយ​អត់​ឃ្លាន! អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ជាប់​ជា​ឈ្លើយ អ្នក​នោះ​នឹង​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រើ​គ្រោះ​កាច​បួន​យ៉ាង សម្រាប់​ដាក់​ទោស​ពួក​គេ គឺ​ដាវ​នឹង​ប្រហារ​ពួក​គេ ឆ្កែ​នឹង​ខាំ​ពួក​គេ​អូស​យក​ទៅ ហើយ​ត្មាត​ព្រម​ទាំង​ចចក​នឹង​ត្របាក់​ស៊ី​ពួក​គេ ឥត​នៅ​សេស‌សល់​អ្វី​ឡើយ។ ពេល​ឃើញ​គ្រោះ​កាច​ទាំង​នេះ នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​នឹង​ញ័រ​រន្ធត់។ ហេតុ‌ការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ម៉ាណា‌សេ បុត្រ​របស់​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូ‌សាឡឹម។ យេរូ‌សាឡឹម​អើយ គ្មាន​នរណា​អាណិត​អ្នក គ្មាន​នរណា​ស្រណោះ​អ្នក គ្មាន​នរណា​យក​ចិត្ត​ទុក​ដាក់​ឈឺ‌ឆ្អាល​នឹង​អ្នក​ទេ ដ្បិត​អ្នក​បាន​បោះ​បង់​ចោល​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - អ្នក​បាន​បែរ​ខ្នង​ដាក់​យើង ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ទោស​អ្នក យើង​បំផ្លាញ​អ្នក​ឲ្យ​វិនាស យើង​លែង​ស្ដាយ​ស្រណោះ​ទៀត​ហើយ។ យើង​នឹង​រែង​ប្រជា‌ជន​នេះ​នៅ​តាម​ស្រុក​នានា យើង​កម្ចាត់‌កម្ចាយ​ពួក​គេ យើង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​វិនាស ដោយ​បាត់​បង់​កូន​ចៅ ដ្បិត​ពួក​គេ​ពុំ​ព្រម​ងាក​ចេញ​ពី ផ្លូវ​ដ៏​អាក្រក់​របស់​ខ្លួន​ឡើយ។ យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ត្រី​មេម៉ាយ​ច្រើន​ជាង គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ទៀត។ យើង​នឹង​នាំ​មហន្ត‌រាយ​មក​លើ​ពួក​គេ ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ គឺ​មក​លើ​ម្ដាយ​របស់​ទាហាន​ដែល​នៅ​ក្មេង យើង​ធ្វើ​ឲ្យ​ស្ត្រី​នោះ​តក់‌ស្លុត ញ័រ​រន្ធត់។ ស្ត្រី​ដែល​បង្កើត​បាន​កូន​ប្រុស​ប្រាំ‌ពីរ​នាក់ បែរ​ជា​បាត់​បង់​កូន​អស់ ហើយ​អស់​សង្ឃឹម ពន្លឺ​របស់​នាង​លិច​បាត់​ទៅ​ក្នុង​វេលា​ថ្ងៃ​ត្រង់ នាង​ត្រូវ​បាក់​មុខ និង​អាម៉ាស់​យ៉ាង​ខ្លាំង។ រីឯ​អ្នក​ដែល​នៅ​សេស‌សល់ យើង​នឹង​ប្រគល់​ទៅ​ឲ្យ​ខ្មាំង​សត្រូវ​ប្រហារ ដោយ​មុខ​ដាវ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។