ចៅហ្វាយ ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរ «ចៅហ្វាយ» រៀបរាប់ព្រឹត្តិការណ៍ផ្សេងៗដែលកើតមាននៅស្រុកអ៊ីស្រាអែល ចាប់ពីគ្រាដែលពួកគេចូលកាន់កាប់ទឹកដី រហូតដល់គ្រាមានស្ដេចឡើងគ្រងរាជ្យ គឺជាអំឡុងពេលដែលជនជាតិអ៊ីស្រាអែលជួបប្រទះភាពវឹកវរ និងអនាធិបតេយ្យ។ ពួកចៅហ្វាយមានតួនាទីមិនត្រឹមតែធ្វើជាចៅក្រមកាត់ក្ដីឲ្យប្រជាជនប៉ុណ្ណោះទេ តែលោកទាំងនោះទទួលអំណាចពីព្រះជាម្ចាស់ ដើម្បីគ្រប់គ្រងលើប្រជារាស្ត្រអ៊ីស្រាអែល ហើយរំដោះកុលសម្ព័ន្ធនានាឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។
យើងអាចបែងចែកកណ្ឌគម្ពីរចៅហ្វាយជាបីផ្នែក:
• ព្រឹត្តិការណ៍ដែលកើតមានចាប់ពីពេលជនជាតិអ៊ីស្រាអែលចូលកាន់កាប់ទឹកដី រហូតដល់ពេលលោកយ៉ូស្វេទទួលមរណភាព (១.១-២.១០)។
• ព្រះជាម្ចាស់ជ្រើសរើសចៅហ្វាយផ្សេងៗឲ្យរំដោះប្រជារាស្ត្ររបស់ព្រះអង្គ (២.១១-១៦.៣១)។
• អនាធិបតេយ្យក្នុងចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល មុនពេលមានស្ដេចសោយរាជ្យ (១៧-២១)។
កណ្ឌគម្ពីរចៅហ្វាយបង្ហាញឲ្យយើងឃើញថា សេចក្ដីសុខ ឬទុក្ខលំបាក ដែលជនជាតិអ៊ីស្រាអែលជួបប្រទះ សុទ្ធសឹងជាលទ្ធផលនៃទំនាក់ទំនងរវាងពួកគេ និងព្រះជាម្ចាស់។ ពេលណាពួកគេបោះបង់ចោលព្រះជាម្ចាស់ ពួកគេត្រូវជាតិសាសន៍នានានៅជុំវិញជិះជាន់សង្កត់សង្កិន ប៉ុន្តែ ពេលណាពួកគេបែរចិត្តមករកព្រះអង្គវិញ ព្រមទាំងទូលអង្វរសូមព្រះអង្គជួយ នោះព្រះអង្គរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ ជាញឹកញាប់ ជនជាតិអ៊ីស្រាអែលចេះតែមានចិត្តចង់គោរពបម្រើព្រះរបស់សាសន៍ដទៃ ឬគោរពព្រះជាម្ចាស់ ដោយចង់បានផលប្រយោជន៍ផ្ទាល់ខ្លួន (ចំពូក ១៧-១៨) មិនប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ (ចំពូក ១៩-២១)។ ការប្រព្រឹត្តដូច្នេះ នាំឲ្យពួកគេជួបនឹងភាពអាសន្ន ហើយប្រសិនបើព្រះជាម្ចាស់មិនជួយទេ នោះពួកគេមុខជាត្រូវអន្តរាយមិនខាន។
កណ្ឌគម្ពីរនេះណែនាំយើងឲ្យយល់ថា ប្រជាជាតិរបស់ព្រះជាម្ចាស់ពុំអាចរស់នៅក្នុងភាពអនាធិបតេយ្យ គឺម្នាក់ៗពុំអាចប្រព្រឹត្តតាមតែខ្លួនយល់ឃើញនោះឡើយ។ ការបោះបង់ចោលព្រះជាម្ចាស់ ហើយមិនព្រមទទួលស្គាល់អំណាចរបស់ព្រះអង្គ រមែងបណ្ដាលឲ្យយើងបាត់បង់សេរីភាពជាប្រជារាស្ត្ររបស់ព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ចៅហ្វាយ ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.