ចៅហ្វាយ 5:1-31

ចៅហ្វាយ 5:1-31 គខប

នៅ​ថ្ងៃ​នោះ លោក​ស្រី​ដេបូរ៉ា និង​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណោម នាំ​គ្នា​ច្រៀង​ថា៖ «នៅ​ស្រុក​អ៊ីស្រា‌អែល ប្រជា‌ជន​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះ‌ជាម្ចាស់ ហើយ​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ប្រយុទ្ធ សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! ស្ដេច​ទាំង‌ឡាយ​អើយ សូម​ស្ដាប់! អ្នក​ដឹក​នាំ​ទាំង‌ឡាយ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់! ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ឱ​ព្រះ‌អម្ចាស់​អើយ កាល​ព្រះអង្គ​យាង​ចាក​ចេញ​ពី​ស្រុក​សៀរ កាល​ព្រះអង្គ​យាង​មក​ពី​ស្រុក​អេដុម នោះ​ផែនដី​បាន​រញ្ជួយ មេឃ​ក៏​ប្រែ​ជា​ខ្មៅ​ងងឹត ពពក​ក៏​បង្អុរ​ភ្លៀង​ចុះ​មក​យ៉ាង​ខ្លាំង។ ភ្នំ​ទាំង‌ឡាយ​រលាយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ភ្នំ​ស៊ីណៃ គឺ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ នៅ​ជំនាន់​លោក​សាំកើរ ជា​កូន​លោក​អណាត នៅ​ជំនាន់​នាង​យ៉ាអែល គ្មាន​នរណា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទេ គឺ​គេ​ធ្វើ​ដំណើរ​តែ​តាម​ផ្លូវ​វាង។ ប្រជា‌ជន​បាន​បោះ​បង់​ចោល​ភូមិ​ទាំង‌ឡាយ នៅ​ស្រុក​អ៊ីស្រា‌អែល គ្មាន​អ្នក​ដឹក​នាំ​ទេ រហូត​ទាល់​តែ​ព្រះ‌ជាម្ចាស់​ឲ្យ​ដេបូរ៉ា​ខ្ញុំ​នេះ ក្រោក​ឡើង គឺ​ឲ្យ​ខ្ញុំ​ក្រោក​ឡើង ធ្វើ​ជា​ម្ដាយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ ប្រជា‌ជន​បាន​ជ្រើស​រើស​ព្រះ​ថ្មីៗ​ទៀត ពេល​នោះ សង្គ្រាម​ក៏​ផ្ទុះ​ឡើង។ ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល​បួន​ម៉ឺន​នាក់ គេ​រក​តែ​ខែល ឬ​លំពែង​មួយ​មិន​បាន​ផង។ ខ្ញុំ​ពេញ​ចិត្ត​នឹង​មេ‌ទ័ព​ទាំង‌ឡាយ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ក្នុង​ចំណោម​ប្រជា‌ជន ខ្ញុំ​ពេញ​ចិត្ត​នឹង អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ច្បាំង សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! អស់​អ្នក​ដែល​ជិះ​មេ​លា​សម្បុរ​ស អស់​អ្នក​ដែល​អង្គុយ​លើ​កម្រាល​ព្រំ និង​អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អើយ ចូរ​រិះគិត​ពិចារណា​ចុះ! ពួក​អ្នក​ដង​ទឹក​នាំ​គ្នា​ច្រៀង​នៅ​ក្បែរ​អណ្ដូង រៀប​រាប់​អំពី​ព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះ‌អម្ចាស់ គឺ​ព្រះអង្គ​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ជ័យ‌ជម្នះ! ពេល​នោះ ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់ នាំ​គ្នា​ចុះ​ទៅ​កាន់​ទ្វារ​ក្រុង។ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ដេបូរ៉ា​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ច្រៀង​បទ​មួយ! បារ៉ាក់ ជា​កូន​លោក​អប៊ី‌ណោម​អើយ ចូរ​ក្រោក​ឡើង នាំ​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ត្រឡប់​មក​វិញ។ អស់​អ្នក​ដែល​រួច​ពី​ស្លាប់ បាន​ទៅ​ជួប‌ជុំ​នឹង​មេ​ដឹក​នាំ​របស់​ខ្លួន ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់​ក៏​នាំ​គ្នា​ចូល​មក​ជិត​ខ្ញុំ រួម​ជា​មួយ​វីរ‌ជន​ឯ​ទៀតៗ។ អ្នក​ខ្លះ​មក​ពី​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ដែល​នៅ​ជាប់​នឹង​ស្រុក​អាម៉ា‌ឡេក កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ក៏​មក​តាម​ដែរ ហើយ​រួម​កម្លាំង​ជា​មួយ​ពល​ទ័ព​របស់​គេ​ផង។ មាន​មេ‌ទ័ព​មក​ពី​អំបូរ​ម៉ាកៀរ ហើយ​នាយ​ទាហាន​មក​ពី​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន ពួក​ប្រមុខ​នៃ​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ បាន​ទៅ​ជា​មួយ​ដេបូរ៉ា។ កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ​ក៏​ទៅ​ជា​មួយ​បារ៉ាក់​ដែរ គេ​រត់​តាម​ក្រោយ​លោក រហូត​ដល់​ជ្រលង​ភ្នំ។ រីឯ​កុល‌សម្ព័ន្ធ​រូបេន​វិញ គេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។ ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​ស្ទាក់​ស្ទើរ ហើយ​ស្ដាប់​សំឡេង​ពួក​គង្វាល ហៅ​ហ្វូង​សត្វ​ខ្លួន​ដូច្នេះ? មែន​ហើយ នៅ​ក្នុង​ពួក​រូបេន គេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។ កុល‌សម្ព័ន្ធ​នានា នៅ​ស្រុក​កាឡាដ ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ មិន​បាន​មក​ជួយ​ទេ កុល‌សម្ព័ន្ធ​ដាន់​នៅ​សម្ងំ​នៅ​លើ​នា​វា កុល‌សម្ព័ន្ធ​អេ‌ស៊ើរ​ក៏​នៅ​សម្ងំ​តាម​ឆ្នេរ​សមុទ្រ ជិត​កំពង់‌ផែ​ដែរ។ រីឯ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន ក៏​ដូច​ជា​កុល‌សម្ព័ន្ធ​ណែប‌ថាលី​ដែរ ប្រជា‌ជន​របស់​គេ​ស៊ូ​ប្ដូរ​ជីវិត​ក្នុង​សមរ‌ភូមិ នៅ​តាម​តំបន់​ភ្នំ។ ស្ដេច​របស់​ខ្មាំង​នាំ​គ្នា​លើក​ទ័ព​មក ស្ដេច​របស់​ជន‌ជាតិ​កាណាន​លើក​គ្នា​មក​ច្បាំង នៅ​តាណាក់ ក្បែរ​ប្រភព​ទឹក​មេគី‌ដោ តែ​ពួក​គេ​ពុំ​បាន​ទទួល​ប្រាក់ ជា​ជយ‌ភណ្ឌ​អ្វី​សោះ​ឡើយ។ ផ្កាយ​ទាំង‌ឡាយ​បាន​ជួយ​ច្បាំង​ពី​លើ​មេឃ ផ្កាយ​ទាំង​នោះ​គោ‌ចរ​តាម​ផ្លូវ​របស់​វា មក​ច្បាំង​ជា​មួយ​ស៊ី‌សេ‌រ៉ា។ ឱ​ទឹក​ជ្រោះ​គីសូន ជ្រោះ​គីសូន​ដែល​មាន ទឹក​ហូរ តាំង​ពី​បុរាណ​កាល​មក​អើយ អ្នក​បាន​ហូរ​នាំ​ខ្មាំង​សត្រូវ​ចេញ​ទៅ។ ខ្ញុំ​នឹង​ជាន់​ខ្មាំង​សត្រូវ ដោយ​ចិត្ត​មោះ‌មុត! ពេល​នោះ មាន​ឮ​សន្ធឹក​ជើង​សេះ​កក្រើក​ផ្ទៃ​ដី គឺ​ពល​ទ័ព​សេះ​ដ៏​ខ្លាំង​ពូកែ។ ទេវតា*​នៃ​ព្រះ‌អម្ចាស់​ប្រកាស​ថា៖ ចូរ​ដាក់​បណ្ដាសា​ក្រុង​មេរ៉ូស​ចុះ ចូរ​ដាក់​បណ្ដាសា​អ្នក​ក្រុង​នោះ​ផង ពី‌ព្រោះ​គេ​មិន​បាន​មក​ជួយ​ព្រះ‌អម្ចាស់ គឺ​គេ​មិន​បាន​មក​ជួយ​ព្រះ‌អម្ចាស់ រួម​ជា​មួយ​ពួក​វីរ‌ជន​ទេ។ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​នាង​យ៉ាអែល ជា​ភរិយា​របស់​លោក​ហេប៊ើ ជន‌ជាតិ​កែន លើស​ស្ត្រី​ទាំង‌ឡាយ! សូម​ព្រះអង្គ​ប្រទាន​ពរ​ដល់​នាង លើស​ស្ត្រី​ទាំង‌ឡាយ​ដែល​រស់​នៅ​ក្នុង​ជំរំ។ ស៊ី‌សេ‌រ៉ា​បាន​សុំ​ទឹក តែ​នាង​បាន​ឲ្យ​ទឹក​ដោះ គឺ​យក​ទឹក​ដោះ​ដែល​មាន​ជាតិ​ខ្លាញ់​ដាក់​ក្នុង ពែង​ដ៏​ប្រណីត បន្ទាប់​មក នាង​លូក​ដៃ​ឆ្វេង​ទៅ​ចាប់​ចម្រឹង ហើយ​ដៃ​ស្ដាំ​ចាប់​ញញួរ​របស់​ជាង រួច​នាង​ដំ​ស៊ី‌សេ‌រ៉ា​នឹង​ញញួរ​បែក​លលាដ៍​ក្បាល ព្រម​ទាំង​ចោះ​ទម្លុះ​សៀត‌ផ្កា​ទៀត​ផង។ ស៊ី‌សេ‌រ៉ា​ទន់​ជង្គង់​ដួល​ដេក​នៅ​ទាប​ជើង​នាង។ គឺ​ទន់​ជង្គង់​ដួល​ស្លាប់​បាត់​ទៅ។ ម្ដាយ​របស់​ស៊ី‌សេ‌រ៉ា​សម្លឹង​មើល​តាម​ប្រឡោះ គាត់​សម្លឹង​មើល​តាម​បង្អួច ទាំង​ពោល​ថា៖ ហេតុ​អ្វី​បាន​ជា​រទេះ​កូន​ខ្ញុំ​ក្រ​មក​ដល់​ម៉្លេះ? ហេតុ​អ្វី​បាន​ជា​ទ័ព​រទេះ​មក​យឺត​ម៉្លេះ? ស្ត្រី​បម្រើ​ដែល​ឆ្លាត​ជាង​គេ​នាំ​គ្នា​ជម្រាប​គាត់ ហើយ​គាត់​ក៏​ទន្ទេញ​ចម្លើយ​របស់​ពួក​គេ​ថា: ពួក​ទាហាន​ប្រាកដ​ជា​នៅ​ប្រមូល​ជយ‌ភណ្ឌ ពួក​គេ​កំពុង​តែ​ចែក​ជយ‌ភណ្ឌ ទាហាន​ម្នាក់​ទទួល​បាន​ស្រី​ក្រមុំ​ម្នាក់ ឬ​ពីរ​នាក់ ស៊ី‌សេ‌រ៉ា​ទទួល​បាន​ផ្ទាំង​សំពត់​ពណ៌ និង​ក្រណាត់​ប៉ាក់។ អ្នក​មាន​ជ័យ‌ជម្នះ​ទទួល​សម្លៀក‌បំពាក់​ពណ៌ ធ្វើ​ពី​ក្រណាត់​ប៉ាក់​មួយ​ផ្ទាំង ឬ​ពីរ​ផ្ទាំង​សម្រាប់​បង់​ក។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ វិនាស​អន្តរាយ​ដូច្នោះ​ដែរ! សូម​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ បាន​ដូច​ព្រះ‌អាទិត្យ​មាន​រស្មី​ភ្លឺ​ចាំង​ចែង»។ ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ចៅហ្វាយ 5:1-31

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ