អេសាយ 9:1-8

អេសាយ 9:1-8 គខប

ក៏​ប៉ុន្តែ ភាព​ងងឹត​មិន​គ្រប​បាំង​ទឹក​ដី ដ៏​សែន​លំបាក​នេះ​ទៀត​ឡើយ។ កាល​ពី​មុន ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ តំបន់​សាប់យូ‌ឡូន និង​តំបន់​ណែប‌ថាលី ត្រូវ​អាម៉ាស់ តែ​ទៅ​អនាគត ព្រះអង្គ​នឹង​ប្រទាន​ឲ្យ ស្រុក​នៅ​តាម​ឆ្នេរ​សមុទ្រ ស្រុក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ និង​ស្រុក​កាលី‌ឡេ​ដែល​សាសន៍​ដទៃ រស់​នៅ​បាន​រុងរឿង​ឡើង។ ប្រជា‌ជន​ដែល​ដើរ​ក្នុង​ភាព​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ចិញ្ចែង‌ចិញ្ចាច មាន​ពន្លឺ​មួយ​លេច​ឡើង​បំភ្លឺ​អស់​អ្នក ដែល​រស់​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រោស​ប្រទាន ឲ្យ​ប្រជា‌ជាតិ​នេះ​បាន​ចម្រើន​ឡើង ព្រម​ទាំង​ឲ្យ​គេ​មាន​អំណរ​ដ៏​លើស‌លុប។ គេ​នឹង​សប្បាយ​រីក‌រាយ​នៅ​ចំពោះ ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ដូច​ជា​សប្បាយ​នៅ​រដូវ​ចម្រូត ឬ​ដូច​នៅ​ពេល​ចែក​ជយ‌ភណ្ឌ​ដែរ ដ្បិត​ព្រះអង្គ​បំបាក់​នឹម ដែល​ខ្មាំង​សត្រូវ​ដាក់​លើ​គេ ព្រះអង្គ​រំដោះ​គេ​ឲ្យ​រួច​ពី​ការ​ជិះ‌ជាន់ សង្កត់‌សង្កិន​របស់​ខ្មាំង​សត្រូវ ដូច​នៅ​ជំនាន់​ដែល​ព្រះអង្គ​រំដោះ បុព្វបុរស​របស់​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ នៃ​ជន‌ជាតិ​ម៉ាឌាន​ដែរ។ ស្បែក​ជើង​របស់​ទាហាន ដែល​តែងតែ​រុក​ទន្ទ្រាន និង​សម្លៀក‌បំពាក់​ដែល​ប្រឡាក់​ដោយ​ឈាម នឹង​ត្រូវ​ដុត​ឲ្យ​ឆេះ​អស់​គ្មាន​សល់ ដ្បិត​មាន​ព្រះ‌រាជ‌បុត្រ​មួយ​អង្គ​ប្រសូត​មក សម្រាប់​យើង ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បុត្រា​មួយ​ព្រះអង្គ មក​យើង​ហើយ។ បុត្រ​នោះ​ទទួល​អំណាច​គ្រប់‌គ្រង គេ​នឹង​ថ្វាយ​ព្រះ‌នាម​ថា: “ព្រះ​ដ៏​គួរ​ស្ងើច​សរសើរ ព្រះ​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ ព្រះ​ដ៏​មាន​ឫទ្ធិ​ចេស្ដា ព្រះ‌បិតា​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជានិច្ច ព្រះអង្គ​ម្ចាស់​នៃ​សេចក្ដី​សុខ‌សាន្ត”។ ព្រះ‌រាជ‌បុត្រ​នោះ​នឹង​លាត​សន្ធឹង​អំណាច ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​រាជ​បល្ល័ង្ក​របស់​ព្រះ‌បាទ ដាវីឌ និង​នគរ​របស់​ព្រះអង្គ មាន​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។ ព្រះអង្គ​យក​សេចក្ដី​សុចរិត និង​យុត្តិធម៌ មក​ពង្រឹង​នគរ​របស់​ព្រះអង្គ​ឲ្យ​គង់‌វង្ស ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ជា​អង្វែង ត​រៀង​ទៅ ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ មក​ពី​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់ យ៉ាង​ខ្លាំង​ចំពោះ​យើង។ ព្រះ‌អម្ចាស់​ប្រកាស​ដាក់​ទោស ប្រជា‌ជន​នៅ​ក្នុង​រាជា​ណាចក្រ​អ៊ីស្រា‌អែល ដែល​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប។