អេសាយ 8
8
កូនរបស់ព្យាការីអេសាយជាប្រផ្នូលអំពីការគំរាមកំហែងពីសំណាក់ជនជាតិអាស្ស៊ីរី
1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរយកបន្ទះថ្មធំមួយមក ហើយចារអក្សរនៅលើនោះថា “រឹបអូសជាប្រញាប់ ប្រមូលជយភណ្ឌឲ្យលឿន!”។ 2ពេលនោះ ខ្ញុំក៏បង្ហាញបន្ទះថ្មដល់មនុស្ស ដែលគួរជាទីទុកចិត្ត គឺបូជាចារ្យអ៊ូរី និងលោកសាការី ជាកូនរបស់លោកបេរេគា ធ្វើជាសាក្សី»។
3ខ្ញុំបានរួមរស់ជាមួយព្យាការិនីជាភរិយារបស់ខ្ញុំ នាងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា៖ «ត្រូវដាក់ឈ្មោះឲ្យកូននេះថា “ម៉ាហ៊េ-សាឡាល-ហាសបាស” #៨.៣ មានន័យថា «រឹបអូសជាប្រញាប់ ប្រមូលជយភណ្ឌឲ្យលឿន!» (ដូចនៅខ ១)។ 4ដ្បិតមុនពេលដែលកូននេះចេះហៅ ពុក! ម៉ែ! មានគេប្រមូលទ្រព្យសម្បត្តិរបស់ក្រុងដាម៉ាស ហើយប្រមូលជយភណ្ឌពីក្រុងសាម៉ារី យកទៅដាក់នៅចំពោះមុខស្ដេចស្រុកអាស្ស៊ីរី»។
5 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំទៀតថា៖
6«ដោយប្រជាជនមាក់ងាយទឹកដែលហូរ
យ៉ាងស្រួលនៅប្រឡាយស៊ីឡោម
ហើយបែរជានាំគ្នាពេញចិត្តនឹងស្ដេចរេស៊ីន
ព្រមទាំងស្ដេចពេកាវិញនោះ
7 ព្រះអម្ចាស់នឹងធ្វើឲ្យទឹកទន្លេដ៏ធំ
ហូរយ៉ាងខ្លាំង ជន់ឡើងហួសច្រាំង
បំផ្លាញពួកគេ
ពោលគឺស្ដេច និងកងទ័ពរបស់ស្រុកអាស្ស៊ីរី។
8ទន្លេនេះនឹងហូរមកលើទឹកដីយូដា
ហើយជន់ឡើង លិចរហូតដល់ក។
ឱព្រះអេម៉ាញូអែលអើយ!
ទឹកនេះនឹងជន់ឡើង
លិចពាសពេញទឹកដីរបស់ព្រះអង្គ។
9ប្រជាជនទាំងឡាយអើយ ចូរញាប់ញ័រ!
ដ្បិតអ្នករាល់គ្នានឹងត្រូវវិនាសសូន្យ
អស់អ្នកដែលស្ថិតនៅទីដាច់ស្រយាល
នៃផែនដីអើយ ចូរផ្ទៀងត្រចៀកស្ដាប់!
អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹក
តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យមិនខាន!
ពិតមែនហើយ អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹក
តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យ!។
10អ្នករាល់គ្នារៀបចំផែនការ
តែផែនការទាំងនោះនឹងត្រូវរលាយសូន្យ
អ្នករាល់គ្នាចាត់វិធានការ
តែវិធានការនោះមិនអាចសម្រេចឡើយ
ដ្បិតព្រះជាម្ចាស់គង់នៅជាមួយយើង!
11ពេលព្រះអម្ចាស់សណ្ឋិតនៅជាមួយខ្ញុំ ព្រះអង្គហាមខ្ញុំមិនឲ្យដើរតាមមាគ៌ារបស់ប្រជាជាតិនេះទេ គឺព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖
12 #
១ពត្រ. ៣.១៤-១៥
អ្វីៗដែលប្រជាជាតិនេះហៅថាការបះបោរ
មិនត្រូវចាត់ទុកថាជាការបះបោរឡើយ
កុំភ័យខ្លាចអ្វីៗដែលពួកគេភ័យខ្លាច
គឺកុំញញើតឲ្យសោះ»។
13អ្នករាល់គ្នាត្រូវតែទទួលស្គាល់ថា
មានតែព្រះអម្ចាស់នៃពិភពទាំងមូលប៉ុណ្ណោះ
ដែលជាព្រះដ៏វិសុទ្ធ
អ្នករាល់គ្នាត្រូវស្ញែងខ្លាច និងកោតញញើត
តែព្រះអង្គប៉ុណ្ណោះ។#៨.១៣ ខ ១២-១៣ សូមប្រៀបធៀបជាមួយ មថ. ១០.២៨; លក. ១២.៤-៥ និង ១ពត្រ. ៣.១៤-១៥។
14 #
១ពត្រ. ២.៨
ពេលនោះ ព្រះអង្គផ្ទាល់នឹងធ្វើជាទីសក្ការៈ
តែព្រះអង្គជាថ្មដែលនាំឲ្យ
ប្រជាជាតិអ៊ីស្រាអែលទាំងពីរនគរប៉ះទង្គិច
ជាសិលាដែលនាំឲ្យគេជំពប់ដួល#៨.១៤ សិលាដែលនាំឲ្យគេជំពប់ដួល សូមអាន ១ពត្រ. ២.៨។
ហើយក៏ជាជង់ និងជាអន្ទាក់
ដល់ក្រុងយេរូសាឡឹមដែរ។
15មនុស្សជាច្រើនជំពប់ជើងនឹងថ្មនេះ
ហើយដួលបាក់បែកខ្ទេចខ្ទាំ
ពួកគេនឹងជាប់អន្ទាក់
ហើយត្រូវព្រានចាប់យកទៅ។
ហេតុការណ៍នាបច្ចុប្បន្នកាល និងអនាគតកាល
16ខ្ញុំរក្សាសក្ខីភាពនេះទុក ខ្ញុំបិទត្រាលើពាក្យទូន្មាននេះ ហើយរក្សាទុកក្នុងចំណោមសាវ័ករបស់ខ្ញុំ។ 17#ហប. ២.១៣ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ដែលបានលាក់ព្រះភ័ក្ត្រនឹងកូនចៅរបស់លោកយ៉ាកុប។ 18#ហប. ២.១៣នៅស្រុកអ៊ីស្រាអែល ខ្ញុំ និងកូនដែលព្រះអម្ចាស់ប្រទានឲ្យខ្ញុំ រួមគ្នាធ្វើជាទីសម្គាល់ និងជាប្រផ្នូល មកពីព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅលើភ្នំស៊ីយ៉ូន។
19ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា «ចូរទៅរកគ្រូខាប គ្រូទាយ និងគ្រូស្ដោះផ្លុំ ដ្បិតប្រជាជននីមួយៗត្រូវតែរកព្រះរបស់ខ្លួន ហើយបញ្ជាន់អារក្ស ដើម្បីជួយអ្នកនៅរស់»។ 20ចូរពិនិត្យមើលពាក្យទូន្មាន និងសក្ខីភាពចុះ! ប្រសិនបើគេនិយាយមិនស្របតាមព្រះបន្ទូលនេះទេ នោះនឹងគ្មានថ្ងៃរះលើពួកគេសោះឡើយ។
21គេនឹងដើរកាត់ស្រុកទាំងកើតទុក្ខ ទាំងឃ្លាន
ពេលគេឃ្លាន គេក្ដៅក្រហាយ
ហើយប្រទេចផ្ដាសាស្ដេច និងព្រះរបស់ខ្លួន
គេងើយមើលទៅលើ
22បន្ទាប់មក ពេលឈ្ងោកចុះមកដី
ឃើញមានសុទ្ធតែទុក្ខលំបាក និងភាពងងឹត
ហើយត្រូវខ្មាំងកៀរទៅរកភាពអន្ធការ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 8: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.