អេសាយ 65:17-25

អេសាយ 65:17-25 គខប

យើង​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី អ្វីៗ​ដែល​កើត​មាន​កាល​ពី​មុន គេ​លែង​នឹក​នា​ទៀត​ហើយ គឺ​គ្មាន​នរណា​នឹង​ឃើញ​ទៀត​ទេ។ ចូរ​អរ​សប្បាយ​ឡើង ចូរ​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ ចំពោះ​អ្វីៗ​ដែល​យើង​បង្កើត​មក គឺ​យើង​បង្កើត​ក្រុង​យេរូ‌សាឡឹម ដែល​មាន​អំណរ​សប្បាយ​រីក‌រាយ យើង​បង្កើត​ប្រជា‌ជន​នៅ​ក្រុង​នេះ ដែល​មាន​អំណរ។ ក្រុង​យេរូ‌សាឡឹម​នឹង​ធ្វើ​ឲ្យ​យើង សប្បាយ​រីក‌រាយ ប្រជា‌ជន​របស់​យើង​ក៏​ធ្វើ​ឲ្យ​យើង​រីក‌រាយ ក្នុង​ទីក្រុង គេ​លែង​ឮ​សូរ​សម្រែក​យំ​សោក​ទៀត​ហើយ នៅ​ក្រុង​នោះ ក៏​លែង​មាន​ទារក​រស់​បាន​តែ បួន​ដប់​ថ្ងៃ​ទៀត​ដែរ ប្រជា‌ជន​ទាំង​អស់​សុទ្ធ​តែ​មាន​អាយុ​វែង អ្នក​ដែល​ស្លាប់​ក្មេង​ជាង​គេ មាន​អាយុ​យ៉ាង​ហោច​ណាស់​មួយ​រយ​ឆ្នាំ រីឯ​មនុស្ស​ដែល​រស់​បាន​ត្រឹម​តែ​មួយ​រយ​ឆ្នាំ គេ​ចាត់​ទុក​ថា​ជា​អ្នក​ត្រូវ​បណ្ដាសា។ ពេល​នោះ គេ​នឹង​សង់​ផ្ទះ ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ គេ​ដាំ​ដំណាំ ហើយ​បរិភោគ​ផល​ពី​ដំណាំ​នោះ គឺ​គេ​មិន​សង់​ផ្ទះ​ឲ្យ​អ្នក​ផ្សេង​មក​នៅ គេ​មិន​ដាំ​ដំណាំ​ទុក​ឲ្យ​អ្នក​ផ្សេង បរិភោគ​ផល​ឡើយ ដ្បិត​ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មាន​អាយុ​វែង ដូច​អាយុ​ដើម​ឈើ​ធំៗ អស់​អ្នក​ដែល​យើង​ជ្រើស​រើស នឹង​ប្រើ‌ប្រាស់​អ្វីៗ​ដែល​ខ្លួន​បាន​បង្ក​បង្កើត ។ គេ​នឹង​មិន​ធ្វើ​ការ​នឿយ‌ហត់​ជា​អសារ‌បង់ ហើយ​គេ​ក៏​មិន​បង្កើត​កូន​ចៅ​មក ដើម្បី​ឲ្យ​ត្រូវ​អន្តរាយ​ដែរ ដ្បិត​ពួក​គេ​នឹង​បាន​ទៅ​ជា​ពូជ‌ពង្ស​មួយ ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរ កូន​ចៅ​របស់​គេ​នឹង​គង់‌វង្ស​នៅ​ជា​មួយ​គេ។ ពេល​នោះ យើង​នឹង​ឆ្លើយ​តប​ចំពោះ​ពួក​គេ មុន​ពួក​គេ​អង្វរ​ករ​យើង​ទៅ​ទៀត ពេល​ពួក​គេ​កំពុង​តែ​ទូល‌អង្វរ​នោះ យើង​សម្រេច​តាម​ពាក្យ​សុំ​របស់​គេ រួច​ស្រេច​ទៅ​ហើយ។ ពេល​នោះ ចចក និង​កូន​ចៀម នឹង​ស៊ី​ស្មៅ​ជា​មួយ​គ្នា សត្វ​សិង្ហ​នឹង​ស៊ី​ស្មៅ​ដូច​គោ។ រីឯ​សត្វ​ពស់ វា​នឹង​ស៊ី​ធូលី​ដី​ជា​អាហារ។ គេ​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​បំផ្លាញ​គ្នា នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ