អេសាយ 64:1-11

អេសាយ 64:1-11 គខប

សូម​ព្រះអង្គ​ហែក​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក! ពេល​នោះ ភ្នំ​ទាំង‌ឡាយ​មុខ​ជា​កក្រើក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។ ដូច​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​រំលាយ​លោហ‌ធាតុ និង​ធ្វើ​ឲ្យ​ទឹក​ពុះ​កញ្ជ្រោល ដើម្បី​ឲ្យ​ខ្មាំង​សត្រូវ​ស្គាល់ ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ។ ពេល​នោះ ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ភ័យ‌ញ័រ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ ពេល​ព្រះអង្គ​សម្តែង​មហិទ្ធិ‌ឫទ្ធិ​ដ៏​អស្ចារ្យ ដែល​យើង​ខ្ញុំ​មិន​បាន​ទន្ទឹង​រង់‌ចាំ គឺ​នៅ​ពេល​ព្រះអង្គ​យាង​ចុះ​មក ភ្នំ​ទាំង‌ឡាយ​មុខ​ជា​កក្រើក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ពុំ‌ខាន។ តាំង​ពី​ដើម​រៀង​មក គេ​ពុំ​ដែល​ឮ​ពុំ​ដែល​ឃើញ ព្រះ​ណា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​អស់​អ្នក​ដែល ជឿ​សង្ឃឹម​លើ​ព្រះអង្គ​ឡើយ គឺ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ប្រព្រឹត្ត​ដូច្នេះ។ ព្រះអង្គ​តែងតែ​ប្រណី​សន្ដោស​អស់​អ្នក​ដែល ប្រព្រឹត្ត​អំពើ​សុចរិត​ដោយ​ចិត្ត​រីក‌រាយ គឺ​អស់​អ្នក​ដែល​មិន​ភ្លេច​មាគ៌ា​របស់​ព្រះអង្គ។ ពេល​ណា​យើង​ខ្ញុំ​ដើរ​តាម​មាគ៌ា​ពី​មុន​វិញ ព្រះអង្គ​នឹង​សង្គ្រោះ​យើង​ខ្ញុំ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ នៅ​ពេល​ណា​យើង​ខ្ញុំ​ងាក​ចេញ​ពី មាគ៌ា​របស់​ព្រះអង្គ។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ ហើយ​អំពើ​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត ដោយ​ស្មាន​ថា​ជា​អំពើ​សុចរិត​នោះ ប្រៀប​បាន​នឹង​ក្រណាត់​សំពត់​ប្រឡាក់​ឈាម យើង​ខ្ញុំ​ទាំង​អស់​គ្នា​ប្រៀប​បាន​នឹង​ស្លឹក​ឈើ​ក្រៀម ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​នឹង​បក់​បោក នាំ​យើង​ខ្ញុំ​ទៅ​ដូច​ស្លឹក​ឈើ​ប៉ើង​តាម​ខ្យល់។ គ្មាន​នរណា​ម្នាក់​អង្វរ​រក​ព្រះ‌នាម​ព្រះអង្គ​ទេ គ្មាន​នរណា​ម្នាក់​ភ្ញាក់​រឭក ហើយ​ជំពាក់​ចិត្ត​នឹង​ព្រះអង្គ​ឡើយ ដ្បិត​ព្រះអង្គ​បាន​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​យើង​ខ្ញុំ ព្រះអង្គ​បណ្ដោយ​ឲ្យ​ចិត្ត​អាក្រក់ របស់​យើង​ខ្ញុំ ដឹក​នាំ​យើង​ខ្ញុំ។ ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ប្រៀប​បាន​នឹង​ដី​ឥដ្ឋ ហើយ​ព្រះអង្គ​ដូច​ជា​ជាង​ស្មូន។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​ស្នា​ព្រះ‌ហស្ដ របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ព្រះ‌ពិរោធ នឹង​យើង​ខ្ញុំ​ខ្លាំង​ពេក សូម​កុំ​ចង​ចាំ​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ រហូត​ត​ទៅ​ឡើយ សូម​ទត​មើល​ចុះ យើង​ខ្ញុំ​ទាំង​អស់​គ្នា សុទ្ធ​តែ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។ ក្រុង​ដ៏វិសុទ្ធ​នានា​របស់​ព្រះអង្គ ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ ស៊ីយ៉ូន​បាន​ក្លាយ​ទៅ​ជា​ក្រុង​ស្ងាត់​ជ្រងំ យេរូ‌សាឡឹម​បាន​ក្លាយ​ទៅ​ជា​ក្រុង​ហិន‌ហោច។ ព្រះ‌វិហារ​ដ៏វិសុទ្ធ និង​ថ្កុំ‌ថ្កើង​របស់​យើង​ខ្ញុំ ជា​កន្លែង​ដែល​ដូនតា​យើង​ខ្ញុំ​តែងតែ​នាំ​គ្នា សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះអង្គ បាន​ត្រូវ​ភ្លើង​ឆាប‌ឆេះ​អស់ អ្វីៗ​ទាំង​អស់​យើង​ខ្ញុំ​ស្រឡាញ់​យ៉ាង​ខ្លាំង ក៏​ត្រូវ​វិនាស​ដែរ។ ឱ​ព្រះ‌អម្ចាស់​អើយ ពេល​ព្រះអង្គ​ទត​ឃើញ​ដូច្នេះ តើ​ព្រះអង្គ​នៅ​ស្ងៀម​កើត​ឬ? តើ​ព្រះអង្គ​ធ្វើ​ព្រងើយ ទុក​ឲ្យ​យើង​ខ្ញុំ អាម៉ាស់​ងើប​មុខ​មិន​រួច​ឬ?

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេសាយ 64:1-11

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ