អេសាយ 63:1-19

អេសាយ 63:1-19 គខប

- តើ​អ្នក​ដែល​មក​ពី​ក្រុង​បូសរ៉ា នៅ​ស្រុក​អេដុម ហើយ​ស្លៀក​ពាក់​ដ៏​ក្រហម​ឆ្អិន‌ឆ្អៅ ព្រម​ទាំង​ដើរ​យ៉ាង​អង់‌អាច សម្តែង​ឫទ្ធិ​ដ៏​ខ្លាំង​ពូកែ​នេះ​ជា​នរណា? - គឺ​យើង ដែល​មក​កាត់​ក្ដី ដោយ​យុត្តិធម៌ យើង​មក​រក​រឿង​ប្រជា‌ជាតិ​នានា ដើម្បី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​យើង។ - ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌ភូសា​របស់ ព្រះអង្គ​មាន​ពណ៌​ក្រហម ដូច​សម្លៀក‌បំពាក់ របស់​អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ដូច្នេះ? - ពិត​មែន​ហើយ យើង​បាន​ជាន់​ផ្លែ ទំពាំង‌បាយជូរ​តែ​ម្នាក់​ឯង គឺ​ក្នុង​ចំណោម​ប្រជា‌ជន គ្មាន​នរណា​ម្នាក់​នៅ​ជា​មួយ​យើង​ឡើយ។ យើង​បាន​ជាន់​ឈ្លី​ពួក​គេ តាម​កំហឹង​របស់​យើង យើង​បាន​ជាន់​កម្ទេច​ពួក​គេ ព្រោះ​យើង​ខឹង​ជា​ខ្លាំង។ ឈាម​របស់​ពួក​គេ​បាន​ខ្ទាត​មក​លើ សម្លៀក‌បំពាក់​របស់​យើង ហើយ​សម្លៀក‌បំពាក់​របស់​យើង ប្រឡាក់​ទៅ​ដោយ​ឈាម។ យើង​បាន​គ្រោង​ទុក​ថា នឹង​ដាក់​ទោស​ពួក​គេ​នៅ​ថ្ងៃ​នេះ ឆ្នាំ​កំណត់​ដែល​យើង​ត្រូវ​លោះ ប្រជា‌រាស្ត្រ​របស់​យើង ក៏​បាន​មក​ដល់​ហើយ។ យើង​រំពៃ​មើល តែ​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ទេ យើង​អស់​សង្ឃឹម ព្រោះ​គ្មាន​នរណា​ម្នាក់​គាំទ្រ​យើង​ឡើយ ដូច្នេះ យើង​ក៏​ប្រើ​ឫទ្ធិ‌បារមី​របស់​យើង ដើម្បី​សង្គ្រោះ​ខ្លួន​យើង ហើយ​ប្រើ​កំហឹង​របស់​យើង ដើម្បី​គាំទ្រ​យើង។ យើង​ជាន់​កម្ទេច​ជាតិ​សាសន៍​ទាំង‌ឡាយ មក​ពី​យើង​ខឹង​យ៉ាង​ខ្លាំង យើង​ដាក់​ទោស​គេ​យ៉ាង​សែន​វេទនា យើង​នឹង​បង្ហូរ​ឈាម​របស់​គេ​នៅ​លើ​ផែនដី។ ខ្ញុំ​សូម​រំឭក​ពី​អំពើ​ដ៏​សប្បុរស​របស់​ព្រះ‌អម្ចាស់ ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ចំពោះ​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ប្រព្រឹត្ត​មក​លើ​យើង។ ខ្ញុំ​សូម​ថ្លែង​អំពី​កិច្ចការ​ដ៏​ល្អ​គ្រប់​យ៉ាង​ដែល ព្រះអង្គ​ប្រទាន​មក​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​កិច្ចការ​ដែល​ព្រះអង្គ​បាន​សម្តែង​ចំពោះ​ពួក​គេ ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​លើស‌លុប និង​ព្រះ‌ហឫទ័យ​សប្បុរស​ពន់​ប្រមាណ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: អ្នក​ទាំង​នោះ​ពិត​ជា​ប្រជា‌រាស្ត្រ​របស់​យើង​មែន ពិត​ជា​កូន​ចៅ​ដែល​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត! ព្រះអង្គ​តែងតែ​សង្គ្រោះ​ពួក​គេ​ជានិច្ច គ្រប់​ពេល​ពួក​គេ​មាន​អាសន្ន ព្រះអង្គ​មិន​ប្រើ​ទេវតា ឬ​នរណា​ផ្សេង​ទៀត ឲ្យ​មក​សង្គ្រោះ​គេ​ទេ គឺ​ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ ដោយ​ផ្ទាល់​ព្រះអង្គ។ ព្រះអង្គ​បាន​លោះ​ពួក​គេ ដោយ​ព្រះ‌ហឫទ័យ​ស្រឡាញ់ និង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា។ ព្រះអង្គ​គាំទ្រ លើក​ស្ទួយ​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ តាំង​ពី​ដើម​រៀង​មក។ ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​តែងតែ នាំ​គ្នា​បះ‌បោរ ពួក​គេ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ ខក​ព្រះ‌ហឫទ័យ ហើយ​ប្រឆាំង​នឹង​ពួក​គេ​វិញ គឺ​ព្រះ‌វិញ្ញាណ​ហើយ​ដែល​បាន​ប្រហារ​ពួក​គេ។ ពេល​នោះ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​នឹក​ដល់ ជំនាន់​លោក​ម៉ូសេ។ តើ​ព្រះអង្គ​ដែល​បាន​នាំ​ពួក​គេ​ឡើង​ពី​សមុទ្រ ជា​មួយ​មេ​ដឹក​នាំ​របស់​ពួក​គេ ទ្រង់​នៅ​ឯ​ណា? តើ​ព្រះអង្គ​ដែល​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ ឲ្យ​គង់​នៅ​ជា​មួយ​ពួក​គេ ទ្រង់​នៅ​ឯ​ណា? ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​លោក​ម៉ូសេ ហើយ​សម្តែង​ព្រះ‌បារមី​ដ៏​ថ្កុំ‌ថ្កើង​រុងរឿង ញែក​ទឹក​សមុទ្រ​នៅ​មុខ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ព្រះ‌នាម​ព្រះអង្គ​បាន​ល្បី‌ល្បាញ រហូត​ត​រៀង​ទៅ។ ព្រះអង្គ​នាំ​ពួក​គេ​ដើរ​កាត់​បាត​សមុទ្រ ដូច​សេះ​បោល​នៅ​វាល​រហោ‌ស្ថាន គេ​មិន​ជំពប់​ដួល​ឡើយ។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​នាំ​ពួក​គេ​ឆ្ពោះ ទៅ​កាន់​ទី​សម្រាក ដូច​ហ្វូង​ចៀម​ចុះ​ទៅ​សម្រាក នៅ​តាម​ជ្រលង​ភ្នំ​ដែរ។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ដឹក​នាំ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​បែប​នេះ ដើម្បី​ឲ្យ​ព្រះ‌នាម​ព្រះអង្គ​បាន​ល្បី‌ល្បាញ ថ្កុំ‌ថ្កើង​រុងរឿង។ សូម​ទ្រង់​ទត​មើល​ពី​លើ​មេឃ គឺ​ពី​ព្រះ‌ដំណាក់​ដ៏វិសុទ្ធ និង​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ព្រះអង្គ។ ឯ​ណា​ទៅ ព្រះ‌ហឫទ័យ​ស្រឡាញ់​ដ៏​ខ្លាំង​បំផុត និង​ភាព​អង់‌អាច​របស់​ព្រះអង្គ! ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះអង្គ លែង​អាណិត​មេត្តា លែង​អាណិត​អាសូរ​ទូលបង្គំ​ដូច្នេះ! បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​ពិត​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ។ លោក​អប្រាហាំ​ពុំ​ដែល​បាន​ស្គាល់​យើង​ខ្ញុំ​ទេ លោក​អ៊ីស្រា‌អែល​ក៏​ពុំ​ដែល​បាន​ឃើញ យើង​ខ្ញុំ​ដែរ គឺ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ ហើយ​តាំង​ពី​ដើម​រៀង​មក យើង​តែង​ហៅ ព្រះអង្គ​ថា​ជា​ព្រះ​ដែល​លោះ​យើង​ខ្ញុំ។ ព្រះ‌អម្ចាស់​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះអង្គ បណ្ដោយ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ឆ្ងាយ​ពី​មាគ៌ា របស់​ព្រះអង្គ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ មាន​ចិត្ត​រឹង‌រូស​មិន​ព្រម​គោរព​កោតខ្លាច ព្រះអង្គ​ដូច្នេះ? សូម​យាង​មក​វិញ សូម​រក​យុត្តិធម៌​ឲ្យ​យើង​ខ្ញុំ​ជា​អ្នក​បម្រើ និង​ជា​កុល‌សម្ព័ន្ធ​ផ្ទាល់​របស់​ព្រះអង្គ​ផង។ យើង​ខ្ញុំ​ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ មិន​បាន​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ​យូរ​ប៉ុន្មាន​ទេ ខ្មាំង​សត្រូវ​បាន​មក​ជាន់​ឈ្លី​ទីសក្ការៈ របស់​ព្រះអង្គ។ តាំង​ពី​យូរ​ណាស់​មក​ហើយ យើង​ខ្ញុំ​ជា​ប្រជា‌រាស្ត្រ ដែល​ព្រះអង្គ​លែង​គ្រប់‌គ្រង ព្រះអង្គ​លែង​រាប់​យើង​ខ្ញុំ​ទុក​ជា​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ។