អេសាយ 60:1-22

អេសាយ 60:1-22 គខប

យេរូ‌សាឡឹម​អើយ! ចូរ​ក្រោក​ឡើង បញ្ចាំង​ពន្លឺ ដ្បិត​ពន្លឺ​របស់​អ្នក​មក​ដល់​ហើយ! សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ភ្លឺ​មក​លើ​អ្នក​ដូច​ថ្ងៃ​រះ។ មើល! ផែនដី​ទាំង​មូល​នៅ​ងងឹត​ស្លុង ហើយ​ភាព​អន្ធការ​គ្រប​លើ​ប្រជា‌ជន​ទាំង‌ឡាយ តែ​ពន្លឺ​របស់​ព្រះ‌អម្ចាស់​រះ​ឡើង​បំភ្លឺ​អ្នក សិរី‌រុងរឿង​របស់​ព្រះអង្គ​ក៏​លេច​មក ដូច​ថ្ងៃ​រះ​ចាំង​លើ​អ្នក​ដែរ។ ប្រជា‌ជាតិ​នានា​នាំ​គ្នា​ដើរ​ទៅ​រក​ពន្លឺ​របស់​អ្នក ហើយ​ស្ដេច​ទាំង‌ឡាយ​ក៏​ដើរ​ទៅ​រក​រស្មី​ដែល ចាំង​ចេញ​ពី​អ្នក​ដែរ។ ចូរ​ងើប​មុខ​ឡើង​មើល​ជុំ‌វិញ​ខ្លួន កូនៗ​ទាំង​អស់​ជួប‌ជុំ​គ្នា​ដើរ​តម្រង់​មក​រក​អ្នក។ កូន​ប្រុសៗ​របស់​អ្នក​នឹង​មក​ពី​ទី​ឆ្ងាយ ហើយ​ប្រជា‌ជាតិ​នានា​ក៏​បី​កូន​ស្រីៗ របស់​អ្នក​មក​ដែរ។ ពេល​ណា​អ្នក​ឃើញ អ្នក​នឹង​ត្រេក‌អរ សប្បាយ​រីក‌រាយ ហើយ​រំភើប​ចិត្ត។ គេ​នឹង​នាំ​ភោគ​សម្បត្តិ​ពី​ខាង​នាយ​សមុទ្រ មក​ឲ្យ​អ្នក ហើយ​ធន‌ធាន​របស់​ប្រជា‌ជាតិ​នានា ក៏​នឹង​ហូរ​មក​ដល់​អ្នក​ដែរ។ សត្វ​អូដ្ឋ​ទាំង​ហ្វូងៗ​នឹង​មក​ពេញ​ទីក្រុង គឺ​អូដ្ឋ​របស់​ពួក​ម៉ាឌាន និង​ពួក​អេផា។ អ្នក​ស្រុក​សេបា​ទាំង​អស់​នឹង​នាំ​គ្នា​មក ពួក​គេ​យក​មាស និង​កំញាន​មក​ជា​មួយ​ផង ហើយ​លើក​តម្កើង​ការ​អស្ចារ្យ ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ។ ហ្វូង​សត្វ​នៅ​ស្រុក​កេដារ នឹង​មក​ជួប‌ជុំ​គ្នា​នៅ​មុខ​អ្នក។ អ្នក​នឹង​ទទួល​ចៀម​ឈ្មោល​ពី​ស្រុក​នេបា‌យ៉ូត សម្រាប់​ធ្វើ​ជា​យញ្ញ‌បូជា​នៅ​លើ អាសនៈ​របស់​យើង ជា​តង្វាយ​ដែល​គាប់​ចិត្ត​យើង។ យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​ដ៏​រុងរឿង​របស់​យើង បាន​ថ្កុំ‌ថ្កើង​ឡើង។ តើ​អ្នក​ទាំង​នោះ​ជា​នរណា? ពួក​គេ​រសាត់​មក​ដូច​ពពក និង​ដូច​ព្រាប​ដែល​ហើរ​មក​រក​សំបុក​វា​វិញ។ មនុស្ស‌ម្នា​នៅ​តាម​កោះ​នានា​នឹង​មក​រក​យើង នាវា​នៅ​ស្រុក​តើស៊ីស​នឹង​ដឹក​កូន​ប្រុសៗ របស់​អ្នក​ពី​ស្រុក​ឆ្ងាយ​វិល​ត្រឡប់​មក​វិញ ទាំង​នាំ​មាស​ប្រាក់​របស់​ខ្លួន​មក​ជា​មួយ ពួក​គេ​នាំ​គ្នា​មក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ប្រោស​អ្នក​ឲ្យ​បាន​ថ្កុំ‌ថ្កើង។ ជន‌ជាតិ​ដទៃ​នឹង​នាំ​គ្នា​សង់ កំពែង​របស់​អ្នក​ឡើង​វិញ ស្ដេច​របស់​ពួក​គេ​នឹង​មក​បម្រើ​អ្នក ដ្បិត​កាល​ពី​មុន យើង​បាន​ខឹង ហើយ​វាយ​អ្នក តែ​ឥឡូវ​នេះ យើង​សម្តែង​ចិត្ត​អាណិត​មេត្តា ចំពោះ​អ្នក​វិញ។ ទោះ​ជា​យប់ ឬ​ថ្ងៃ​ក្ដី ទ្វារ​របស់​អ្នក នៅ​បើក​ចំហ​ជានិច្ច ឥត​បិទ​សោះ​ឡើយ ដើម្បី​ឲ្យ​ភោគ​ទ្រព្យ​របស់​ប្រជា‌ជាតិ ទាំង‌ឡាយ​ហូរ​ចូល​មក និង​ឲ្យ​ស្ដេច​របស់​ពួក​គេ មក​ជា​ហូរ‌ហែ​ដែរ។ ប្រជា‌ជាតិ​ណា និង​នគរ​ណា ដែល​មិន​បម្រើ​អ្នក មុខ​ជា​ត្រូវ​វិនាស​មិន​ខាន ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ត្រូវ​គេ​បំផ្លាញ។ គេ​នឹង​ដឹក​ឈើ​ល្អៗ​ពី​ស្រុក​លីបង់​មក​ឲ្យ​អ្នក គឺ​ឈើ​ដ៏​មាន​តម្លៃ​ទាំង​អស់ ដើម្បី​យក​មក​ធ្វើ​ជា​គ្រឿង​សង្ហារឹម លំអ​ទីសក្ការៈ​របស់​យើង។ យើង​នឹង​ធ្វើ​ឲ្យ​កន្លែង​ដែល​យើង ស្ថិត​នៅ​នេះ បាន​ប្រកប​ដោយ​សិរី‌រុងរឿង។ កូន​ចៅ​របស់​ពួក​ដែល​បាន​សង្កត់‌សង្កិន​អ្នក នឹង​នាំ​គ្នា​មក​ឱន​កាយ​នៅ​ចំពោះ​មុខ​អ្នក ពួក​ដែល​បាន​ជេរ​ប្រមាថ​អ្នក នឹង​នាំ​គ្នា​មក​ក្រាប​នៅ​ទៀប​ជើង​អ្នក គេ​នឹង​ហៅ​អ្នក​ថា “ក្រុង​របស់​ព្រះ‌អម្ចាស់” “ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏វិសុទ្ធ នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល”។ ពី​មុន គេ​បាន​បោះ​បង់​ចោល​អ្នក គេ​ស្អប់​អ្នក ហើយ​គ្មាន​នរណា​ដើរ​កាត់ តែ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រែ​ទៅ​ជា​ក្រុង​មួយ​ដ៏​ថ្លៃ‌ថ្នូរ ជា​ក្រុង​ដ៏​សប្បាយ​រហូត​អស់‌កល្ប ជា​អង្វែង​ត​រៀង​ទៅ។ ប្រជា‌ជាតិ និង​ស្ដេច​ទាំង‌ឡាយ នឹង​ធ្វើ​ជា​មេ​ដោះ​របស់​អ្នក។ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះ‌សង្គ្រោះ​របស់​អ្នក គឺ​ព្រះ‌អម្ចាស់ ព្រះ​ដែល​លោះ​អ្នក គឺ​ព្រះ​របស់​យ៉ាកុប ជា​ព្រះ​ប្រកប​ដោយ​ឫទ្ធិ‌បារមី។ យើង​នឹង​ឲ្យ​គេ​យក​មាស​មក​ជំនួស​លង្ហិន ប្រាក់​ជំនួស​ដែក លង្ហិន​ជំនួស​ឈើ ដែក​ជំនួស​ថ្ម។ យើង​ឲ្យ​សន្តិ‌ភាព និង​យុត្តិធម៌ គ្រប់‌គ្រង ហើយ​កាន់​អំណាច​លើ​អ្នក។ ក្នុង​ស្រុក​របស់​អ្នក គេ​នឹង​លែង​និយាយ​ពី អំពើ​ហិង្សា​ទៀត​ហើយ ក្នុង​ទឹក​ដី​របស់​អ្នក​ក៏​លែង​មាន ការ​វិនាស​ហិន‌ហោច​ទៀត​ដែរ។ គេ​នឹង​ហៅ​កំពែង​របស់​អ្នក​ថា “សង្គ្រោះ” ហៅ​ទ្វារ​របស់​អ្នក​ថា​ទ្វារ “សរសើរ​តម្កើង”។ នៅ​ពេល​ថ្ងៃ អ្នក​មិន​ត្រូវ​ការ​ពន្លឺ​ព្រះ‌អាទិត្យ​ទៀត​ទេ ហើយ​នៅ​ពេល​យប់ អ្នក​ក៏​មិន​ត្រូវ​ការ​ពន្លឺ​ព្រះ‌ច័ន្ទ​ដែរ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​អ្នក រហូត​ត​រៀង​ទៅ ព្រះ​របស់​អ្នក​ជា​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់​ដល់​អ្នក។ ពន្លឺ​ថ្ងៃ​របស់​អ្នក​នឹង​មិន​អស្ដង្គត​ទៀត​ឡើយ ពន្លឺ​ព្រះ‌ច័ន្ទ​របស់​អ្នក​ក៏​មិន​លិច​បាត់​ទៅ​វិញ​ដែរ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​អ្នក រហូត​ត​រៀង​ទៅ រីឯ​ពេល​វេលា​ដែល​អ្នក​កាន់​ទុក្ខ ក៏​ចប់​សព្វ​គ្រប់​ហើយ។ ប្រជា‌ជន​របស់​អ្នក​សុទ្ធ​តែ​ជា​មនុស្ស​សុចរិត ពួក​គេ​នឹង​គ្រប់‌គ្រង​ទឹក​ដី​នេះ​រហូត​ត​ទៅ។ ពួក​គេ​ប្រៀប​ដូច​ជា​កូន​ឈើ​ដែល​យើង​បាន​ដាំ យើង​បង្កើត​ពួក​គេ​មក ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​យើង។ អំបូរ​ដែល​តូច​ជាង​គេ​នឹង​កើន​ចំនួន​រាប់​ពាន់ អ្នក​ដែល​ខ្សោយ​ជាង​គេ នឹង​ប្រែ​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ខ្លាំង​ពូកែ។ យើង​ជា​ព្រះ‌អម្ចាស់ យើង​នឹង​ធ្វើ​ឲ្យ​ការ​ទាំង​នេះ​សម្រេច​ជា​រូប​រាង យ៉ាង​ឆាប់ៗ តាម​ពេល​កំណត់។