អេសាយ 59:15-21

អេសាយ 59:15-21 គខប

សេចក្ដី​ពិត​បាន​បាត់​ពី​ខ្លួន​យើង​ខ្ញុំ​ទៅ​ហើយ សូម្បី​អ្នក​ដែល​ងាក​ចេញ​ពី​អំពើ​អាក្រក់ ក៏​ត្រូវ​អ្នក​ដទៃ​ប្លន់​យក​អ្វីៗ​ដែល​គេ​មាន។ ព្រះ‌អម្ចាស់​បាន​ទត​មើល​ការ​ទាំង​នេះ ហើយ​យល់​ឃើញ​ថា​សុទ្ធ​តែ​អាក្រក់ គឺ​គ្មាន​យុត្តិធម៌​ទាល់​តែ​សោះ។ ព្រះអង្គ​ទត​ឃើញ​ថា​គ្មាន​នរណា​ម្នាក់​អើពើ ហើយ​ព្រះអង្គ​សោក​ស្ដាយ ដោយ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​ឈឺ‌ឆ្អាល ព្រះអង្គ​ក៏​យាង​មក​សង្គ្រោះ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ និង​សំអាង​លើ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ។ ព្រះអង្គ​យក​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ធ្វើ​ជា​អាវ‌ក្រោះ ព្រះអង្គ​យក​ការ​សង្គ្រោះ​ធ្វើ​ជា​មួក​ដែក ព្រះអង្គ​យក​ការ​សង‌សឹក​ធ្វើ​ជា​ព្រះ‌ពស្ដ្រ និង​យក​ព្រះ‌ហឫទ័យ​ប្រច័ណ្ឌ​ធ្វើ​ជា​ព្រះ‌ភូសា។ ព្រះអង្គ​ដាក់​ទោស​ម្នាក់ៗ​តាម​អំពើ ដែល​ខ្លួន​ប្រព្រឹត្ត។ ព្រះអង្គ​ដាក់​ទោស​ខ្មាំង​សត្រូវ និង​បច្ចា‌មិត្ត​យ៉ាង​ខ្លាំង សូម្បី​តែ​ជាតិ​សាសន៍​ដែល​នៅ​ឆ្ងាយៗ ក៏​ព្រះអង្គ​ដាក់​ទោស​ដែរ។ ពេល​នោះ ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច មនុស្ស‌ម្នា​នឹង​កោតខ្លាច​ព្រះ‌នាម​ព្រះ‌អម្ចាស់ និង​សិរី‌រុងរឿង​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​នឹង​យាង​មក​ដូច​ទឹក​ទន្លេ ត្រូវ​ខ្យល់​បក់​បោក ហូរ​មក​យ៉ាង​ខ្លាំង។ ព្រះ‌អម្ចាស់​នឹង​យាង​មក​លោះ​ក្រុង​ស៊ីយ៉ូន និង​លោះ​ប្រជា‌ជន​ក្នុង​ចំណោម​កូន​ចៅ របស់​លោក​យ៉ាកុប​ដែល​លះ‌បង់​អំពើ​ទុច្ចរិត - នេះ​ជា​ព្រះ‌បន្ទូល​របស់ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «រីឯ​សម្ពន្ធ‌មេត្រី* ដែល​យើង​ចង​ជា​មួយ​អ្នក​ទាំង​នោះ​មាន​ដូច​ត​ទៅ: ព្រះ‌វិញ្ញាណ​របស់​យើង​សណ្ឋិត​លើ​អ្នក​ហើយ យើង​ឲ្យ​អ្នក​ប្រកាស​ព្រះ‌បន្ទូល​របស់​យើង ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ត​ទៅ។ យើង​នឹង​មិន​ដក​ព្រះ‌បន្ទូល​នេះ​ចេញ​ពី​មាត់​អ្នក មាត់​កូន​ចៅ និង​ពូជ‌ពង្ស​របស់​អ្នក​ឡើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។