អេសាយ 59:12-18

អេសាយ 59:12-18 គខប

បពិត្រ​ព្រះ‌អម្ចាស់! យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជា​ច្រើន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ អំពើ​បាប​របស់​យើង​ខ្ញុំ​ចោទ​ប្រកាន់​យើង​ខ្ញុំ អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​តាម​យើង​ខ្ញុំ​ជាប់​ជានិច្ច យើង​ខ្ញុំ​ស្គាល់​កំហុស​របស់​ខ្លួន​ហើយ។ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​ក្បត់​ព្រះ‌អម្ចាស់ ហើយ​ងាក​ចេញ​ឆ្ងាយ​ពី​ព្រះ​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​និយាយ​អំពី​ការ​ជិះ‌ជាន់​អ្នក​ដទៃ ព្រម​ទាំង​ការ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ជា​ពាក្យ​សម្ដី​ហូរ​ចេញ​ពី​ជម្រៅ​ចិត្ត​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​និយាយ​ពាក្យ​ភូត‌ភរ​ច្រំ‌ដែលៗ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​រក​យុត្តិធម៌ ឲ្យ​យើង​ខ្ញុំ​ទេ ព្រះអង្គ​ក៏​មិន​សង្គ្រោះ​យើង​ខ្ញុំ​ដែរ ដ្បិត​នៅ​ក្នុង​ក្រុង​របស់​យើង​ខ្ញុំ គ្មាន​សេចក្ដី​ពិត​ទេ យើង​ខ្ញុំ​គ្មាន​ចិត្ត​ទៀង​ត្រង់​សោះ។ សេចក្ដី​ពិត​បាន​បាត់​ពី​ខ្លួន​យើង​ខ្ញុំ​ទៅ​ហើយ សូម្បី​អ្នក​ដែល​ងាក​ចេញ​ពី​អំពើ​អាក្រក់ ក៏​ត្រូវ​អ្នក​ដទៃ​ប្លន់​យក​អ្វីៗ​ដែល​គេ​មាន។ ព្រះ‌អម្ចាស់​បាន​ទត​មើល​ការ​ទាំង​នេះ ហើយ​យល់​ឃើញ​ថា​សុទ្ធ​តែ​អាក្រក់ គឺ​គ្មាន​យុត្តិធម៌​ទាល់​តែ​សោះ។ ព្រះអង្គ​ទត​ឃើញ​ថា​គ្មាន​នរណា​ម្នាក់​អើពើ ហើយ​ព្រះអង្គ​សោក​ស្ដាយ ដោយ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​ឈឺ‌ឆ្អាល ព្រះអង្គ​ក៏​យាង​មក​សង្គ្រោះ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ និង​សំអាង​លើ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ។ ព្រះអង្គ​យក​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ធ្វើ​ជា​អាវ‌ក្រោះ ព្រះអង្គ​យក​ការ​សង្គ្រោះ​ធ្វើ​ជា​មួក​ដែក ព្រះអង្គ​យក​ការ​សង‌សឹក​ធ្វើ​ជា​ព្រះ‌ពស្ដ្រ និង​យក​ព្រះ‌ហឫទ័យ​ប្រច័ណ្ឌ​ធ្វើ​ជា​ព្រះ‌ភូសា។ ព្រះអង្គ​ដាក់​ទោស​ម្នាក់ៗ​តាម​អំពើ ដែល​ខ្លួន​ប្រព្រឹត្ត។ ព្រះអង្គ​ដាក់​ទោស​ខ្មាំង​សត្រូវ និង​បច្ចា‌មិត្ត​យ៉ាង​ខ្លាំង សូម្បី​តែ​ជាតិ​សាសន៍​ដែល​នៅ​ឆ្ងាយៗ ក៏​ព្រះអង្គ​ដាក់​ទោស​ដែរ។