អេសាយ 58:4-14

អេសាយ 58:4-14 គខប

អ្នក​រាល់​គ្នា​តម​អាហារ ទាំង​រក​រឿង ឈ្លោះ​ប្រកែក និង​វាយ​តប់​គ្នា​យ៉ាង​ឃោរ‌ឃៅ គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​តម​អាហារ​ឲ្យ​ស្រប​តាម គោល‌ការណ៍​របស់​ថ្ងៃ​តម​អាហារ ដើម្បី​ឲ្យ​ពាក្យ​ទូល‌អង្វរ​របស់​អ្នក​រាល់​គ្នា លាន់​ឮ​ទៅ​ដល់​យើង​ឡើយ។ អ្នក​រាល់​គ្នា​តម​អាហារ និង​បន្ទាប​ខ្លួន​បែប​នេះ ស្មាន​ថា​យើង​ពេញ​ចិត្ត​ឬ? អ្នក​រាល់​គ្នា​ឱន​ក្បាល ដូច​ដើម​កក់​ត្រូវ​ខ្យល់​បក់ អ្នក​រាល់​គ្នា​ក្រាប​លើ​បាវ និង​អង្គុយ​លើ​ផេះ​បែប​នេះ ស្មាន​ថា​ជា ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើង​ឬ? ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើង គឺ​ត្រូវ​ដោះ​លែង​អ្នក​ទោស ដែល​អ្នក​យក​មក​ដាក់​ច្រវាក់​ដោយ​អយុត្តិធម៌ ត្រូវ​ដោះ​នឹម​ដែល​អ្នក​ដាក់​លើ​គេ​នោះ​ចេញ ត្រូវ​ដោះ​លែង​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ឲ្យ​មាន​សេរី‌ភាព​ឡើង​វិញ ពោល​គឺ​ត្រូវ​បំបាក់​នឹម​គ្រប់​យ៉ាង។ ត្រូវ​ចែក​អាហារ​ឲ្យ​អ្នក​ស្រេក​ឃ្លាន ត្រូវ​ទទួល​ជន​ក្រីក្រ ដែល​គ្មាន​ទី​ជម្រក ឲ្យ​ស្នាក់​នៅ​ជា​មួយ។ បើ​ឃើញ​នរណា​ម្នាក់​គ្មាន​សម្លៀក‌បំពាក់ ត្រូវ​ចែក​ឲ្យ​គ្នា​ស្លៀក​ពាក់​ផង ហើយ​មិន​ត្រូវ​គេច​ខ្លួន​ពី​បងប្អូន​ណា ដែល​មក​ពឹង​ពាក់​អ្នក​ឡើយ។ បើ​ប្រព្រឹត្ត​ដូច្នេះ ពន្លឺ​របស់​អ្នក នឹង​លេច​ចេញ​មក​ដូច​ថ្ងៃ​រះ ស្នាម​របួស​របស់​អ្នក​នឹង​បាន​ជា​យ៉ាង​ឆាប់​រហ័ស សេចក្ដី​សុចរិត​របស់​អ្នក នឹង​ស្ថិត​នៅ​ពី​មុខ​អ្នក​ជានិច្ច ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ក៏​ស្ថិត​នៅ​ពី​ក្រោយ​អ្នក​ដែរ។ ប្រសិន​បើ​អ្នក​ស្រែក​អង្វរ ព្រះ‌អម្ចាស់​នឹង​ព្រះ‌សណ្ដាប់​អ្នក។ បើ​អ្នក​ស្រែក​ហៅ​ព្រះអង្គ នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​តប​មក​វិញ​ថា “យើង​មក​ហើយ!”។ ប្រសិន​បើ​អ្នក​ឈប់​ជិះ‌ជាន់ ឈប់​គំរាម​កំហែង ឈប់​ចោទ​មួល​បង្កាច់​គេ ប្រសិន​បើ​អ្នក​សុខ​ចិត្ត​បេះ​អាហារ​ពី​មាត់​ខ្លួន យក​ទៅ​ឲ្យ​អ្នក​ដែល​ស្រេក​ឃ្លាន ប្រសិន​បើ​អ្នក​យក​ម្ហូប​អាហារ ទៅ​ចម្អែត​មនុស្ស​ទុគ៌ត នោះ​ពន្លឺ​របស់​អ្នក​នឹង​ចែង​ចាំង​ក្នុង​ទី​ងងឹត ហើយ​ភាព​ងងឹត​របស់​អ្នក​នឹង​ប្រែ​ទៅ​ជា​ភ្លឺ ដូច​ពន្លឺ​ថ្ងៃ​ត្រង់​ដែរ។ ព្រះ‌អម្ចាស់​នឹង​ដឹក​នាំ​អ្នក​ជានិច្ច ទោះ​បី​អ្នក​ដើរ​នៅ​ក្នុង​វាល​ហួត‌ហែង​ក្ដី ក៏​ព្រះអង្គ​ប្រទាន​អាហារ​ដ៏​បរិបូណ៌​ឲ្យ​អ្នក និង​ប្រទាន​ឲ្យ​អ្នក​មាន​កម្លាំង​មាំ‌មួន។ អ្នក​នឹង​ប្រៀប​ដូច​ជា​សួន​ច្បារ ដែល​សម្បូណ៌​ទៅ​ដោយ​ទឹក ឬ​ដូច​ជា​ប្រភព​ទឹក​ដែល​មិន​ចេះ​រីង។ អ្នក​នឹង​សង់​អ្វីៗ​ដែល​បាក់​បែក​ឡើង​វិញ អ្នក​នឹង​សង់​នៅ​លើ​គ្រឹះ​ដែល​គេ​បាន​ចាក់ ពី​បុរាណ​កាល។ គេ​នឹង​ដាក់​ឈ្មោះ​អ្នក​ថា “អ្នក​ជួស‌ជុល​កំពែង​ធ្លុះ​ធ្លាយ អ្នក​រៀបចំ​ផ្លូវ ធ្វើ​ឲ្យ​មាន​មនុស្ស​រស់​នៅ ក្នុង​ក្រុង​ឡើង​វិញ”។ ប្រសិន​បើ​អ្នក​មិន​ធ្វើ​ការ​រក​ស៊ី​នៅ​ថ្ងៃ​សប្ប័ទ* ប្រសិន​បើ​អ្នក​មិន​ស្វែង​រក​កម្រៃ នៅ​ថ្ងៃ​ដ៏វិសុទ្ធ​របស់​យើង ប្រសិន​បើ​អ្នក​ចាត់​ទុក​ថ្ងៃ​សប្ប័ទ ថា​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ ជា​ថ្ងៃ​ដ៏វិសុទ្ធ​របស់​ព្រះ‌អម្ចាស់ ហើយ​ប្រសិន​បើ​អ្នក​គោរព​ថ្ងៃ​នោះ​ពិត​មែន គឺ​មិន​រក​ស៊ី មិន​រក​កម្រៃ និង​មិន​និយាយ​ត‌ថ្លៃ​នោះ​ទេ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីក‌រាយ យើង​នឹង​នាំ​អ្នក​ឡើង​ទៅ​ទី​ខ្ពស់​នៃ​ផែនដី យើង​នឹង​ឲ្យ​អ្នក​រស់​នៅ​យ៉ាង​សប្បាយ ក្នុង​ទឹក​ដី​ដែល​យើង​បាន​ចែក​ឲ្យ​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក»។ នេះ​ជា​ព្រះ‌បន្ទូល​ដែល​ចេញ​មក​ពី ព្រះ‌ឱស្ឋ​របស់​ព្រះ‌អម្ចាស់។