អេសាយ 55:1-13

អេសាយ 55:1-13 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: អស់​អ្នក​ដែល​ស្រេក​ទឹក​អើយ ចូរ​នាំ​គ្នា​មក​រក​ទឹក​ឯ‌ណេះ! ទោះ​បី​អ្នក​រាល់​គ្នា​គ្មាន​ប្រាក់​ក៏​ដោយ ចូរ​មក ហើយ​ពិសា​ទៅ។ ចូរ​មក​យក​អាហារ​បរិភោគ ចូរ​នាំ​គ្នា​មក​យក​ស្រា​ទំពាំង‌បាយជូរ និង​ទឹក​ដោះ​គោ​ដោយ​មិន​បាច់​ចំណាយ​ប្រាក់ ឬ​បង់​ថ្លៃ​អ្វី​ឡើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ អាហារ​ដែល​មិន​អាច​ចិញ្ចឹម​ជីវិត ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បង់​កម្លាំង រក​អាហារ​ដែល​មិន​អាច​ចម្អែត​ក្រពះ​ដូច្នេះ? ចូរ​ស្ដាប់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន បរិភោគ​អាហារ​យ៉ាង​ឆ្ងាញ់ ហើយ​សប្បាយ​ចិត្ត​នឹង​អាហារ​ដ៏​មាន​ឱជា‌រស។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់ ចូរ​នាំ​គ្នា​មក​ជិត​យើង ចូរ​ត្រង‌ត្រាប់​ស្ដាប់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ដែល នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​បញ្ជាក់​នូវ​សេចក្ដី​មេត្តា​ករុណា​របស់​យើង ចំពោះ​ដាវីឌ។ យើង​បាន​តែង‌តាំង​ដាវីឌ ឲ្យ​ធ្វើ​ជា​សាក្សី​របស់​យើង នៅ​មុខ​កុល‌សម្ព័ន្ធ​ទាំង​អស់ ព្រម​ទាំង​ឲ្យ​ធ្វើ​ជា​មគ្គទេសក៍ ដឹក​នាំ​ប្រជា‌ជាតិ​ទាំង‌ឡាយ។ អ៊ីស្រា‌អែល​អើយ អ្នក​នឹង​ហៅ​ប្រជា‌ជាតិ​មួយ ដែល​អ្នក​មិន​ស្គាល់​ពី​មុន​ឲ្យ​មក ហើយ​ប្រជា‌ជាតិ​ដែល​មិន​ស្គាល់​អ្នក នឹង​រត់​មក​រក​អ្នក ព្រោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក និង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រទាន​ឲ្យ​អ្នក​បាន​ថ្កុំ‌ថ្កើង​រុងរឿង។ ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់ ក្នុង​ពេល​ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​អ្នក​រាល់​គ្នា​រក​ព្រះអង្គ​ឃើញ ចូរ​អង្វរ​រក​ព្រះអង្គ ក្នុង​ពេល​ដែល​ទ្រង់​គង់​នៅ​ជិត​អ្នក​រាល់​គ្នា។ មនុស្ស​អាក្រក់​ត្រូវ​លះ‌បង់​ផ្លូវ​របស់​ខ្លួន មនុស្ស​ពាល​ក៏​ត្រូវ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ដែរ អ្នក​នោះ​ត្រូវ​បែរ​មក​រក​ព្រះ‌អម្ចាស់​វិញ ព្រះអង្គ​មុខ​ជា​មេត្តា​ករុណា​ដល់​គេ​ពុំ‌ខាន ឲ្យ​តែ​គេ​ងាក​មក​រក​ព្រះ​នៃ​យើង​វិញ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ទូលំ​ទូលាយ អត់‌ទោស​ឲ្យ​គេ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: គំនិត​យើង​ខុស​ប្លែក​ពី​គំនិត​អ្នក​រាល់​គ្នា រីឯ​របៀប​ដែល​យើង​ប្រព្រឹត្ត ក៏​ខុស​ប្លែក​ពី របៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដែរ។ មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា របៀប​ដែល​យើង​ប្រព្រឹត្ត​ក៏​ខុស​ប្លែក​ពី បៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ហើយ​គំនិត​របស់​យើង​ក៏​ខុស​ប្លែក​ពី គំនិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ទឹក​ភ្លៀង និង​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក ស្រោច​ស្រព​ផែនដី។ ទឹក​ទាំង​នេះ​មិន​វិល​ត្រឡប់​ទៅ​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង បង្កើត​ភោគ​ផល ផ្ដល់​ពូជ​សម្រាប់​អ្នក​សាប​ព្រោះ និង​ផ្ដល់​អាហារ​ឲ្យ​គេ​បរិភោគ។ រីឯ​ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ គឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើង នឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​សម្រេច តាម​បំណង​របស់​យើង​ជា​មុន​សិន គឺ​បំពេញ​កិច្ចការ​ដែល​យើង​ចាត់​ឲ្យ​មក​ធ្វើ រួច​រាល់​សព្វ​គ្រប់។ ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​ចេញ​មក ប្រកប​ដោយ​អំណរ​សប្បាយ យើង​នឹង​ដឹក​នាំ​អ្នក​យ៉ាង​សុខ‌សាន្ត។ ពេល​នោះ ភ្នំ​តូច​ធំ​នឹង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ហើយ​រុក្ខ‌ជាតិ​នៅ​តាម​វាល ក៏​នាំ​គ្នា​អបអរ‌សាទរ​ដែរ។ ដើម​កកោះ​នឹង​ដុះ​ឡើង​ជំនួស​បន្លា ដើម​ចំប៉ី​នឹង​ដុះ​ជំនួស​ខ្ញែរ ទុក​ជា​ទី​សម្គាល់​ដែល​ឥត​ប្រែ‌ប្រួល ឲ្យ​មនុស្ស‌ម្នា​ដឹង​ឮ​រហូត​ត​ទៅ​ថា ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​នេះ។