អេសាយ 54:1-10

អេសាយ 54:1-10 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ក្រុង​យេរូ‌សាឡឹម​អើយ អ្នក​ដែល​លែង​មាន​កូន គឺ​ប្រៀប​ដូច​ជា​ស្ត្រី​អារ តែ​ឥឡូវ​នេះ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ! អ្នក​ដែល​លែង​សម្រាល​កូន​អើយ! ចូរ​អបអរ‌សាទរ​ឡើង ដ្បិត​ភរិយា​ដែល​ស្វាមី​បោះ​បង់​ចោល នឹង​មាន​កូន​ច្រើន​ជាង​ភរិយា​ដែល​ស្វាមី នៅ​ជា​មួយ​ទៅ​ទៀត។ ចូរ​ពង្រីក​ជំរំ​របស់​អ្នក​ឲ្យ​ទូលាយ​ឡើង ចូរ​លាត​ដំបូល​ក្រណាត់​នៃ​លំ‌នៅ​របស់​អ្នក ឲ្យ​វែង​កុំ​សំចៃ​ឡើយ! ចូរ​ទាញ​ខ្សែ​ឲ្យ​វែង និង​បោះ​ចម្រឹង​ឲ្យ​មាំ ដ្បិត​ទឹក​ដី​របស់​អ្នក​នឹង​រីក​កាន់​តែ​ធំ​ឡើង ពូជ‌ពង្ស​អ្នក​នឹង​ទទួល​ស្រុក​របស់ ប្រជា‌ជាតិ​ទាំង‌ឡាយ​មក​គ្រប់‌គ្រង​ឡើង​វិញ ព្រម​ទាំង​វិល​ទៅ​រស់​នៅ​ក្នុង​ក្រុង​ដែល គេ​បាន​បោះ​បង់​ចោល​ផង។ កុំ​ភ័យ​ខ្លាច​អ្វី អ្នក​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយ កុំ​ព្រួយ​ចិត្ត​ឲ្យ​សោះ ដ្បិត​អ្នក​នឹង​លែង​បាត់​បង់​កិត្តិយស​ទៀត​ហើយ អ្នក​នឹង​ភ្លេច​ភាព​អាម៉ាស់ ដែល​អ្នក​ធ្លាប់​ជួប​ប្រទះ​កាល​នៅ​ពី​ក្មេង អ្នក​នឹង​ឈប់​នឹក​នា​ពី​ការ​ត្មះ‌តិះ‌ដៀល នៅ​គ្រា​ដែល​យើង​បោះ​បង់​ចោល​អ្នក។ ស្វាមី​របស់​អ្នក គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​អ្នក! ព្រះអង្គ​មាន​ព្រះ‌នាម​ថា «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល»។ ព្រះ​ដែល​បាន​លោះ​អ្នក​មក​នោះ គឺ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះអង្គ​មាន​ព្រះ‌នាម​ថា «ព្រះ‌ជាម្ចាស់​នៃ​ផែនដី​ទាំង​មូល»។ អ្នក​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​ប្ដី​បោះ​បង់​ចោល ហើយ​កើត​ទុក្ខ​ក្រៀម‌ក្រំ តែ​ឥឡូវ​នេះ ព្រះ‌អម្ចាស់​ត្រាស់​ហៅ​អ្នក ឲ្យ​វិល​មក​វិញ​ហើយ។ ព្រះ​របស់​អ្នក​មាន​ព្រះ‌បន្ទូល​ថា: “បុរស​ពុំ​អាច​បោះ​បង់​ចោល​ភរិយា​ដែល ខ្លួន​រៀបការ​កាល​ពី​នៅ​វ័យ​ក្មេង​បាន​ឡើយ”។ យើង​បាន​បោះ​បង់​អ្នក​មួយ‌ភ្លែត​មែន តែ​យើង​នឹង​ទទួលអ្នក​មក​វិញ ដោយ​ចិត្ត​អាណិត​អាសូរ​ពន់​ពេក​ណាស់។ យើង​បាន​ខឹង‌សម្បារ​នឹង​អ្នក ព្រម​ទាំង​គេច​មុខ​ចេញ​ពី​អ្នក​មួយ​រយៈ​មែន ប៉ុន្តែ យើង​នឹង​អាណិត​មេត្តា​អ្នក ព្រោះ​យើង​ស្រឡាញ់​អ្នក​អស់‌កល្ប​ជានិច្ច។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​លោះ​អ្នក​មក​វិញ។ កាល​ពី​ជំនាន់​លោក​ណូអេ យើង​បាន​សន្យា​យ៉ាង​ម៉ឹង‌ម៉ាត់​ថា លែង​ឲ្យ​ទឹក​ជន់​លិច​ផែនដី​ម្ដង​ទៀត ឥឡូវ​នេះ ក៏​ដូច្នោះ​ដែរ យើង​សន្យា​ថា លែង​ខឹង លែង​គំរាម​អ្នក​ទៀត​ហើយ។ ទោះ​បី​ភ្នំ​តូច​ភ្នំ​ធំ​កក្រើក​រំពើក​ក្ដី សេចក្ដី​ស្រឡាញ់​របស់​យើង មិន​ឃ្លាត​ចេញ​ពី​អ្នក​ឡើយ រីឯ​សម្ពន្ធ‌មេត្រី​របស់​យើង ដែល​ផ្ដល់​ឲ្យ​អ្នក​បាន​សុខ‌សាន្ត​នោះ ក៏​មិន​ប្រែ‌ប្រួល​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​អាណិត​មេត្តា​អ្នក។