អេសាយ 52:1-15

អេសាយ 52:1-15 គខប

ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឡើង សម្តែង​ឫទ្ធិ។ យេរូ‌សាឡឹម​ជា​ក្រុង​ដ៏វិសុទ្ធ​អើយ ចូរ​តាក់​តែង​ខ្លួន​ដោយ​សម្លៀក‌បំពាក់ ដ៏​ល្អ​ប្រណីត ដ្បិត​សាសន៍​ដទៃ ដែល​មិន​បរិសុទ្ធ នឹង​លែង​ចូល​មក​លុក‌លុយ​អ្នក​ទៀត​ហើយ។ យេរូ‌សាឡឹម​អើយ ចូរ​រលាស់​ធូលី​ដី​ចេញ​ពី​អ្នក ចូរ​ក្រោក​មក​អង្គុយ​នៅ​កន្លែង​ដើម របស់​អ្នក​វិញ! ក្រុង​ស៊ីយ៉ូន​ដែល​ជាប់​ជា​ឈ្លើយ​អើយ ចូរ​ស្រាយ​ចំណង​ចេញ​ពី​ក​អ្នក​ទៅ! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ព្រះអង្គ​បាន​លក់​អ្នក ឲ្យ​គេ​យក​ទៅ​ធ្វើ​ជា​ទាសករ ដោយ​មិន​ឲ្យ​គេ​បង់​ប្រាក់ ព្រះអង្គ​ក៏​លោះ​អ្នក​យក​មក​វិញ ដោយ​មិន​បង់​ប្រាក់​ដែរ។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ពី​ដំបូង ប្រជា‌រាស្ត្រ​របស់​យើង​ចុះ​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប នៅ​ទី​បញ្ចប់​ជន‌ជាតិ​អាស្ស៊ីរី​ធ្វើ​បាប​ពួក​គេ​យ៉ាង​សែន​ឃោរ‌ឃៅ។ ឥឡូវ​នេះ តើ​យើង​ទទួល​ផល​អ្វី? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - គេ​យក​ប្រជា‌ជន​របស់​យើង​ទៅ ដោយ​មិន​បង់​ថ្លៃ ជន​កំណាច​ទាំង​នោះ​ស្រែក​ជយ‌ឃោស -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - គេ​នាំ​គ្នា​ប្រមាថ​ឈ្មោះ​យើង​ជា​រៀង​រាល់​ថ្ងៃ។ ហេតុ​នេះ នៅ​ថ្ងៃ​នោះ ប្រជា‌រាស្ត្រ​របស់​យើង​នឹង​ដឹង​ថា យើង​ជា​នរណា គេ​នឹង​ទទួល​ស្គាល់​ថា គឺ​យើង​ដែល​និយាយ​ថា យើង​មក​ដល់​ហើយ។ អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ភ្នំ នាំ​ដំណឹង‌ល្អៗ​មក ប្រសើរ​រុងរឿង​ណាស់​ហ្ន៎ គេ​ប្រកាស​ដំណឹង​អំពី​សេចក្ដី​សុខ‌សាន្ត! គេ​ប្រកាស​ដំណឹង​ដ៏​ល្អៗ​អំពី​ការ​សង្គ្រោះ គេ​ពោល​មក​កាន់​ក្រុង​ស៊ីយ៉ូន​ថា “ព្រះ​របស់​អ្នក​សោយ​រាជ្យ​ហើយ!”។ នេះ​ជា​សំឡេង​របស់​អ្នក​យាម​ក្រុង! ពួក​គេ​បន្លឺ​សំឡេង​ឡើង និង​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិត​ពួក​គេ​ឃើញ​ព្រះ‌អម្ចាស់​យាង​ត្រឡប់​មក ក្រុង​ស៊ីយ៉ូន​វិញ ដោយ​ផ្ទាល់​នឹង​ភ្នែក។ គំនរ​បាក់​បែក​នៃ​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិត​ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ​ប្រជា‌ជន​របស់​ព្រះអង្គ ព្រះអង្គ​លោះ​ក្រុង​យេរូ‌សាឡឹម​មក​វិញ​ហើយ! ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ដ៏វិសុទ្ធ របស់​ព្រះអង្គ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ឃើញ មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី នឹង​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ​នៃ​យើង។ អ្នក​រាល់​គ្នា​ដែល​កាន់​គ្រឿង​សម្ភារៈ របស់​ព្រះ‌អម្ចាស់ ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ទី​នេះ​ទៅ កុំ​ប៉ះ‌ពាល់​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ឡើយ! ចូរ​ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន​នេះ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ! អ្នក​រាល់​គ្នា​មិន​ចាក​ចេញ​ទៅ​យ៉ាង​រហន់​ទេ ហើយ​ក៏​មិន​ចាក​ចេញ​ទៅ​ដូច​គេ​រត់​លូន​ដែរ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គង់​នៅ​មុខ និង​គង់​នៅ​ពី​ក្រោយ​អ្នក​រាល់​គ្នា ដើម្បី​ការពារ​អ្នក។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: អ្នក​បម្រើ​របស់​យើង​នឹង​បាន​ចម្រុង‌ចម្រើន មាន​ឋានៈ​ខ្ពង់‌ខ្ពស់ និង​ត្រូវ​គេ​លើក​តម្កើង​យ៉ាង​ឧត្ដុង្គ‌ឧត្ដម​បំផុត។ កាល​ពី​មុន ពេល​មហា‌ជន​ឃើញ​លោក គេ​ក៏​នាំ​គ្នា​ព្រឺ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​គេ​មើល​មុខ​លោក​លែង​ស្គាល់ លោក​លែង​មាន​ទ្រង់‌ទ្រាយ​ជា​មនុស្ស​ទៀត​ហើយ។ តែ​ឥឡូវ​នេះ ប្រជា‌ជាតិ​ជា​ច្រើន​ឃើញ​លោក ហើយ​នាំ​គ្នា​ស្ងើច​សរសើរ ស្ដេច​ជា​ច្រើន​នឹង​នៅ​ស្ងៀម​ស្ងាត់ ដ្បិត​ស្ដេច​ទាំង​នោះ​នឹង​ឃើញ​ហេតុ‌ការណ៍ ដ៏​អស្ចារ្យ​ដែល​គ្មាន​នរណា​ធ្លាប់​និទាន​ប្រាប់ ព្រម​ទាំង​ស្ដាប់​សេចក្ដី​ផ្សេងៗ ដែល​គេ​មិន​ធ្លាប់​ឮ​ពី​មុន​មក។