អេសាយ 51:1-8

អេសាយ 51:1-8 គខប

អស់​អ្នក​ដែល​ខិត‌ខំ ស្វែង​រក​សេចក្ដី​សុចរិត អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់​អើយ ចូរ​ស្ដាប់​យើង! ចូរ​រំពឹង​គិត​ថា តើ​ព្រះអង្គ​យក​ថ្ម‌ដា​ណា​មក​ដាប់​ធ្វើ​អ្នក​រាល់​គ្នា ព្រះអង្គ​យក​ដី​ឥដ្ឋ​ណា​មក​សូន​ធ្វើ​អ្នក​រាល់​គ្នា? “ចូរ​រំពឹង​គិត​ពី​អប្រាហាំ ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា និង​សារ៉ា​ដែល​បាន​បង្កើត​អ្នក​រាល់​គ្នា។ ពេល​យើង​ហៅ​អប្រាហាំ​មក គាត់​នៅ​ម្នាក់​ឯង គ្មាន​កូន​ទេ។ យើង​ឲ្យ​ពរ​គាត់ ហើយ​គាត់​ក៏​មាន​កូន​ចៅ កើន​ចំនួន​ឡើង​ជា​ច្រើន”។ មែន​ហើយ! ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​សម្រាល​ទុក្ខ​ក្រុង​ដែល​ខូច​ខ្ទេច‌ខ្ទី​អស់ គឺ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ក្រុង​ដែល​ស្ងាត់​ជ្រងំ​នេះ បាន​ដូច​ជា​សួន​អេដែន។ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ដី​ហួត‌ហែង​នេះ ប្រែ​ទៅ​ជា​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់។ ពេល​នោះ នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន នឹង​មាន​ឮ​សូរ​សម្រែក​សប្បាយ​រីក‌រាយ ព្រម​ទាំង​មាន​បទ​ចម្រៀង​អរ​ព្រះ‌គុណ និង​មាន​ស្នូរ​តូរ្យ‌តន្ត្រី​ឡើង​វិញ។ ប្រជា‌ជន​របស់​យើង​អើយ ចូរ​ត្រង‌ត្រាប់​ស្ដាប់​យើង! ប្រជា‌ជាតិ​របស់​យើង​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​យើង! ដ្បិត​យើង​នឹង​បង្កើត​ក្រឹត្យ‌វិន័យ យើង​នឹង​ឲ្យ​ការ​វិនិច្ឆ័យ​ហូរ​ចេញ​មក ជា​ពន្លឺ​បំភ្លឺ​ប្រជា‌ជន​ទាំង‌ឡាយ។ សេចក្ដី​សុចរិត​របស់​យើង​នៅ​ជិត​បង្កើយ ការ​សង្គ្រោះ​របស់​យើង​ក៏​ជិត​មក​ដល់​ដែរ យើង​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌ជន​នានា ដោយ​បារមី​របស់​យើង មនុស្ស‌ម្នា​នៅ​តាម​កោះ​នឹង​សង្ឃឹម​លើ​យើង ពួក​គេ​នឹង​ទុក​ចិត្ត​លើ​បារមី​របស់​យើង។ ចូរ​ងើប​មុខ​ឡើង​សម្លឹង​ទៅ​លើ​មេឃ រួច​ក្រឡេក​មើល​មក​ផែនដី​នេះ ផ្ទៃ​មេឃ​នឹង​រសាត់​បាត់​ទៅ​ដូច​ផ្សែង ផែនដី​នឹង​រេច‌រឹល​ទៅ​ដូច​សម្លៀក‌បំពាក់ មនុស្ស​នៅ​លើ​ផែនដី​នឹង​ត្រូវ​វិនាស​ដូច​សត្វ​ល្អិត តែ​ការ​សង្គ្រោះ​របស់​យើង​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច ហើយ​សេចក្ដី​សុចរិត​របស់​យើង នឹង​មិន​សាប‌សូន្យ​ឡើយ។ អ្នក​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ប្រជា‌ជន​ដែល​គោរព​ក្រឹត្យ‌វិន័យ​របស់​យើង ដោយ​ចិត្ត​ស្មោះ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​យើង! មិន​ត្រូវ​ខ្លាច​មនុស្ស​លោក​ចំអក​ឲ្យ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចុះ​ចាញ់ ព្រោះ​តែ​គេ​បន្ទាប​បន្ថោក​អ្នក​រាល់​គ្នា​ដែរ។ ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស ដូច​សម្លៀក‌បំពាក់ និង​រោម​ចៀម ត្រូវ​កណ្ដៀរ​ស៊ី​បំផ្លាញ តែ​សេចក្ដី​សុចរិត និង​ការ​សង្គ្រោះ​របស់​យើង នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។