អស់អ្នកដែលខិតខំ ស្វែងរកសេចក្ដីសុចរិត អស់អ្នកដែលស្វែងរកព្រះអម្ចាស់អើយ ចូរស្ដាប់យើង! ចូររំពឹងគិតថា តើព្រះអង្គយកថ្មដាណាមកដាប់ធ្វើអ្នករាល់គ្នា ព្រះអង្គយកដីឥដ្ឋណាមកសូនធ្វើអ្នករាល់គ្នា? “ចូររំពឹងគិតពីអប្រាហាំ ជាបុព្វបុរសរបស់អ្នករាល់គ្នា និងសារ៉ាដែលបានបង្កើតអ្នករាល់គ្នា។ ពេលយើងហៅអប្រាហាំមក គាត់នៅម្នាក់ឯង គ្មានកូនទេ។ យើងឲ្យពរគាត់ ហើយគាត់ក៏មានកូនចៅ កើនចំនួនឡើងជាច្រើន”។ មែនហើយ! ព្រះអម្ចាស់សម្រាលទុក្ខ ប្រជាជននៅក្រុងស៊ីយ៉ូន ព្រះអង្គសម្រាលទុក្ខក្រុងដែលខូចខ្ទេចខ្ទីអស់ គឺព្រះអង្គនឹងធ្វើឲ្យក្រុងដែលស្ងាត់ជ្រងំនេះ បានដូចជាសួនអេដែន។ ព្រះអង្គនឹងធ្វើឲ្យដីហួតហែងនេះ ប្រែទៅជាសួនឧទ្យានរបស់ព្រះអម្ចាស់។ ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូន នឹងមានឮសូរសម្រែកសប្បាយរីករាយ ព្រមទាំងមានបទចម្រៀងអរព្រះគុណ និងមានស្នូរតូរ្យតន្ត្រីឡើងវិញ។ ប្រជាជនរបស់យើងអើយ ចូរត្រងត្រាប់ស្ដាប់យើង! ប្រជាជាតិរបស់យើងអើយ ចូរផ្ទៀងត្រចៀកស្ដាប់យើង! ដ្បិតយើងនឹងបង្កើតក្រឹត្យវិន័យ យើងនឹងឲ្យការវិនិច្ឆ័យហូរចេញមក ជាពន្លឺបំភ្លឺប្រជាជនទាំងឡាយ។ សេចក្ដីសុចរិតរបស់យើងនៅជិតបង្កើយ ការសង្គ្រោះរបស់យើងក៏ជិតមកដល់ដែរ យើងនឹងគ្រប់គ្រងលើប្រជាជននានា ដោយបារមីរបស់យើង មនុស្សម្នានៅតាមកោះនឹងសង្ឃឹមលើយើង ពួកគេនឹងទុកចិត្តលើបារមីរបស់យើង។ ចូរងើបមុខឡើងសម្លឹងទៅលើមេឃ រួចក្រឡេកមើលមកផែនដីនេះ ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចផ្សែង ផែនដីនឹងរេចរឹលទៅដូចសម្លៀកបំពាក់ មនុស្សនៅលើផែនដីនឹងត្រូវវិនាសដូចសត្វល្អិត តែការសង្គ្រោះរបស់យើងនៅស្ថិតស្ថេរ អស់កល្បជានិច្ច ហើយសេចក្ដីសុចរិតរបស់យើង នឹងមិនសាបសូន្យឡើយ។ អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ប្រជាជនដែលគោរពក្រឹត្យវិន័យរបស់យើង ដោយចិត្តស្មោះអើយ ចូរនាំគ្នាស្ដាប់យើង! មិនត្រូវខ្លាចមនុស្សលោកចំអកឲ្យឡើយ ហើយក៏មិនត្រូវចុះចាញ់ ព្រោះតែគេបន្ទាបបន្ថោកអ្នករាល់គ្នាដែរ។ ដ្បិតពួកគេនឹងត្រូវវិនាស ដូចសម្លៀកបំពាក់ និងរោមចៀម ត្រូវកណ្ដៀរស៊ីបំផ្លាញ តែសេចក្ដីសុចរិត និងការសង្គ្រោះរបស់យើង នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
អាន អេសាយ 51
ស្ដាប់នូវ អេសាយ 51
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 51:1-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ