ព្រះជាអម្ចាស់បង្រៀនខ្ញុំឲ្យនិយាយ ពាក្យសម្ដីជាសិស្ស ដើម្បីឲ្យខ្ញុំលើកទឹកចិត្ត មនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ព្រះអង្គរំឭកដាស់តឿនខ្ញុំ ហើយអប់រំខ្ញុំឲ្យចេះស្ដាប់ ដូចសិស្សស្ដាប់ពាក្យគ្រូ។ ព្រះជាអម្ចាស់ណែនាំខ្ញុំឲ្យយកចិត្តទុកដាក់ស្ដាប់ រីឯខ្ញុំវិញ ខ្ញុំមិនបានបះបោរប្រឆាំង ឬដកខ្លួនថយក្រោយឡើយ។ ខ្ញុំបានបែរខ្នងទៅឲ្យអ្នកដែលចង់វាយខ្ញុំ ខ្ញុំបានបែរមុខទៅឲ្យអ្នកដែលចង់ បោចពុកចង្ការបស់ខ្ញុំ ពេលគេប្រមាថមើលងាយ និងស្ដោះទឹកមាត់ដាក់ខ្ញុំ ខ្ញុំមិនបានគេចមុខចេញឡើយ។ ព្រះជាអម្ចាស់យាងមកជួយខ្ញុំ ហេតុនេះហើយបានជាខ្ញុំមិនបាក់មុខ ខ្ញុំរក្សាទឹកមុខរឹងប៉ឹង ព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។ ព្រះអង្គដែលរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់គង់នៅក្បែរខ្ញុំ តើនរណាចង់ប្ដឹងខ្ញុំ? សុំអញ្ជើញមក យើងទៅតុលាការជាមួយគ្នា! តើនរណាចង់ចោទប្រកាន់ខ្ញុំ សុំអញ្ជើញមកជួបខ្ញុំចុះ! មែនហើយ! ព្រះជាអម្ចាស់យាងមកជួយខ្ញុំ តើនរណាអាចផ្ដន្ទាទោសខ្ញុំ? ពួកអ្នកដែលជំទាស់នឹងខ្ញុំមុខជាត្រូវហិនហោច ដូចសម្លៀកបំពាក់ដែលត្រូវកណ្ដៀរស៊ី។ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ អ្នកនោះត្រូវស្ដាប់តាមអ្នកបម្រើរបស់ព្រះអង្គ បើអ្នកណាដើរក្នុងភាពងងឹត ហើយមិនឃើញពន្លឺទេ អ្នកនោះត្រូវពឹងផ្អែកលើព្រះនាមព្រះអម្ចាស់ និងផ្ញើជីវិតលើព្រះអង្គចុះ! រីឯអ្នកទាំងអស់គ្នាដែលបង្កាត់ភ្លើង ហើយដុតព្រួញភ្លើង អ្នករាល់គ្នាមុខជាត្រូវធ្លាក់ទៅក្នុងភ្លើងដែល ឆេះយ៉ាងសន្ធោសន្ធៅ ព្រួញភ្លើងដែលអ្នករាល់គ្នាដុត ក៏នឹងឆាបឆេះអ្នករាល់គ្នាដែរ។ យើងដាក់ទោសអ្នករាល់គ្នា ដោយដៃយើងផ្ទាល់ ហើយអ្នករាល់គ្នា នឹងត្រូវស្លាប់យ៉ាងសែនវេទនា។
អាន អេសាយ 50
ស្ដាប់នូវ អេសាយ 50
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 50:4-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ