អេសាយ 41:17-20

អេសាយ 41:17-20 គខប

ជន​ក្រីក្រ និង​ជន​ទុគ៌ត​ស្វែង​រក​ទឹក តែ​រក​ពុំ​បាន​ទេ គេ​ស្រេក​ខះ​ក។ យើង​ជា​ព្រះ‌អម្ចាស់​នឹង​ឆ្លើយ​តប​ចំពោះ ពាក្យ​អង្វរ​របស់​ពួក​គេ យើង​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នឹង​មិន​បោះ​បង់​ចោល​គេ​ឡើយ។ យើង​នឹង​ធ្វើ​ឲ្យ​មាន​ទន្លេ ផុស​ចេញ​ពី​ផ្នូក​ខ្សាច់ ហើយ​មាន​ទឹក​ហូរ​តាម​ជ្រលង​ភ្នំ។ យើង​នឹង​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន ប្រែ​ទៅ​ជា​បឹង‌បួ ឲ្យ​ដី​ហួត‌ហែង​ប្រែ​ជា​ប្រភព​ទឹក​ទៅ​វិញ។ យើង​នឹង​ធ្វើ​ឲ្យ​មាន​ដើម​គគីរ បេង នាង‌នួន ពពាល‌ខែ ដុះ​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ដើម​កកោះ ស្រល់ ស្រឡៅ ដុះ​ជា​មួយ​គ្នា​តាម​ព្រៃ​របោះ។ ដូច្នេះ មនុស្ស​ទាំង​អស់​នឹង​ឃើញ ហើយ​ដឹង ព្រម​ទាំង​ពិចារណា និង​យល់​ជា​មួយ​គ្នា​ថា គឺ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​ផ្ដួច‌ផ្ដើម​ធ្វើ​ការ​ទាំង​នោះ ដោយ​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ផ្ទាល់។