អេសាយ 33:5-13

អេសាយ 33:5-13 គខប

មនុស្ស‌ម្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ព្រោះ​ព្រះអង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត! ព្រះអង្គ​ប្រទាន​ឲ្យ​ក្រុង​ស៊ីយ៉ូន មាន​ពោរ‌ពេញ​ដោយ សេចក្ដី​សុចរិត និង​យុត្តិធម៌។ ពេល​នោះ អ្នក​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត។ ប្រាជ្ញា​វាង‌វៃ និង​ការ​ស្គាល់​ព្រះ‌អម្ចាស់ នឹង​ផ្ដល់​ការ​សង្គ្រោះ​យ៉ាង​បរិបូណ៌​ឲ្យ​អ្នក ហើយ​ការ​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់ ជា​កំណប់​ទ្រព្យ​ដ៏​ថ្លៃ‌ថ្នូរ​របស់​អ្នក! នៅ​គ្រា​នោះ អ្នក​ក្រុង​អើរាល ស្រែក​តាម​ផ្លូវ រក​គេ​ជួយ រីឯ​អ្នក​ដែល​ទៅ​ចចារ​រក​សន្តិ‌ភាព បែរ​ជា​មក​វិញ នាំ​គ្នា​យំ​យ៉ាង​ខ្លោច‌ផ្សា។ ផ្លូវ​នានា​ស្ងាត់​ជ្រងំ ឥត​មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេ គូ​ភាគី​លែង​គោរព​សន្ធិ‌សញ្ញា គេ​ប្រមាថ​មាក់‌ងាយ​សាក្សី​នៃ​សន្ធិ‌សញ្ញា​នេះ គឺ​គេ​មិន​គោរព​នរណា​ទាំង​អស់។ ប្រជា‌ជន​នៅ​ក្នុង​ស្រុក​នាំ​គ្នា​កាន់​ទុក្ខ ទឹក​ដី​កំពុង​តែ​រ៉ាំរ៉ៃ​ទៅៗ ព្រៃ​ឈើ​នៅ​ភ្នំ​លីបង់​នឹង​រុះ​រោយ ហើយ​បាក់​មុខ វាល​សារ៉ូន​ប្រៀប​បាន​នឹង​វាល​ហួត‌ហែង ភ្នំ​បាសាន និង​ភ្នំ​កើមែល នឹង​លែង​មាន ព្រៃ​ឈើ​ទៀត​ហើយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ក្រោក​ឡើង យើង​ត្រូវ​ងើប​ឡើង ដើម្បី​បង្ហាញ​ឫទ្ធិ‌បារមី​របស់​យើង។ គម្រោង‌ការ​របស់​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ចំបើង ពេល​ណា​សម្រេច​ជា​រូប​រាង​ឡើង អ្នក​រាល់​គ្នា​នឹង​ឃើញ​មាន​តែ កម្ទេច​សំរាម​ប៉ុណ្ណោះ ដង្ហើម​របស់​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ភ្លើង ដែល​ឆេះ​បំផ្លាញ​អ្នក​រាល់​គ្នា។ ជាតិ​សាសន៍​ទាំង‌ឡាយ​នឹង​ឆេះ​ក្នុង​ឡ និង​ដូច​បន្លា​រពាក់​ដែល​គេ​កាប់​យក​ទៅ​ដុត»។ អ្នក​រាល់​គ្នា​ដែល​នៅ​ស្រុក​ឆ្ងាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​កិច្ចការ​ដែល​យើង​បាន​ធ្វើ! អ្នក​រាល់​គ្នា​ដែល​នៅ​ជិតៗ​នេះ​អើយ ចូរ​ទទួល​ស្គាល់​ឫទ្ធា‌នុភាព​របស់​យើង!