ព្រះអម្ចាស់មានព្រះបន្ទូលថា: កូនៗដែលចេះតែបះបោរ មុខជាត្រូវវេទនាពុំខាន! ពួកគេបានធ្វើតាមគម្រោងការ ដែលយើងមិនបានគ្រោងទុក ពួកគេបានចងសម្ពន្ធមិត្ត ផ្ទុយពីឆន្ទៈរបស់យើង ពួកគេប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។ ពួកគេបានធ្វើដំណើរទៅស្រុកអេស៊ីប ដោយពុំសួរយោបល់ពីយើងសោះ ពួកគេទៅពឹងផ្អែកលើស្ដេចផារ៉ោន ពួកគេរត់ទៅជ្រកក្រោមម្លប់ស្រុកអេស៊ីប។ ក៏ប៉ុន្តែ ការពឹងផ្អែកលើស្ដេចផារ៉ោន នឹងនាំឲ្យអ្នករាល់គ្នាត្រូវអាម៉ាស់ ការជ្រកកោនក្រោមម្លប់របស់ស្រុកអេស៊ីប នឹងនាំឲ្យអ្នករាល់គ្នាបាក់មុខជាមិនខាន! ពួករដ្ឋមន្ត្រីរបស់អ្នករាល់គ្នា ទៅដល់ក្រុងសូអានហើយ ទូតរបស់អ្នករាល់គ្នាទៅដល់ក្រុងហានេស តែពួកគេនឹងត្រូវខកចិត្ត ដោយឃើញថាប្រជាជនអេស៊ីប ពុំអាចផ្ដល់ប្រយោជន៍អ្វីដល់ពួកគេទេ គឺជនជាតិអេស៊ីបពុំអាចសង្គ្រោះ ពុំអាចជួយពួកគេបានទាល់តែសោះ! ផ្ទុយទៅវិញ មានតែនាំឲ្យពួកគេត្រូវ អាម៉ាស់ និងបាត់បង់កិត្តិយសប៉ុណ្ណោះ។ សេចក្ដីប្រកាសអំពីសត្វតិរច្ឆាននៅ វាលរហោស្ថានណេកិប : ពួកគេឆ្លងកាត់វាលហួតហែងគួរឲ្យព្រឺខ្លាច ជាកន្លែងដែលមានសត្វសិង្ហ មានពស់វែក និងមាននាគហោះ ពួកគេដឹកជញ្ជូនភោគទ្រព្យដ៏មានតម្លៃ លើខ្នងលា និងលើខ្នងអូដ្ឋ យកទៅឲ្យប្រជាជាតិមួយដែលពុំអាច ផ្ដល់ប្រយោជន៍អ្វីដល់ពួកគេទាល់តែសោះ។ ជំនួយរបស់ស្រុកអេស៊ីប គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ គឺពុំមានប្រយោជន៍អ្វីឡើយ។ ហេតុនេះហើយបានជាយើងដាក់ងារឲ្យ ស្រុកអេស៊ីបថា «ពួករត់ខ្វែងដៃខ្វែងជើង តែមិនបានការអ្វី»។ ឥឡូវនេះ ចូរចារឹកសេចក្ដីទាំងនេះលើបន្ទះថ្ម ហើយសរសេរជាលាយលក្ខណ៍អក្សរ នៅចំពោះមុខអ្នកក្រុងយេរូសាឡឹម ទុកជាឯកសារទៅអនាគត ទុកជាភស្ដុតាងអស់កល្បជាអង្វែងតរៀងទៅ។ ប្រជាជននេះជាប្រជាជនដែលចេះតែបះបោរ ពួកគេសុទ្ធតែជាកូនអកតញ្ញូ ដែលពុំព្រមស្ដាប់ដំបូន្មានរបស់ព្រះអម្ចាស់ទេ។ គេបំបិទមាត់ហោរាថា “កុំទាយអី” ហើយប្រាប់គ្រូទស្សន៍ទាយថា “កុំទស្សន៍ទាយការពិត ចូរពោលតែពាក្យបញ្ចើចបញ្ចើ និងរឿងប្រឌិតប៉ុណ្ណោះបានហើយ! ចូរងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវ ចូរឃ្លាតចាកពីគន្លងធម៌ កុំនិយាយអំពីព្រះដ៏វិសុទ្ធនៃជនជាតិ អ៊ីស្រាអែលប្រាប់យើងទៀត!”។ ហេតុនេះហើយបានជាព្រះដ៏វិសុទ្ធនៃជនជាតិ អ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ៖ អ្នករាល់គ្នាបដិសេធមិនទទួលពាក្យរបស់យើង ហើយបែរទៅពឹងផ្អែកលើ អំណាចផ្ដាច់ការ និងកលល្បិច។ អំពើអាក្រក់នេះនឹងបណ្ដាលឲ្យអ្នករាល់គ្នា វិនាសសូន្យដោយមិនដឹងខ្លួន ដូចស្នាមនៅលើកំពែងដ៏ខ្ពស់ ធ្វើឲ្យកំពែងប្រេះរលំភ្លាមមួយរំពេច។ កំពែងនោះនឹងរលំខ្ទេចខ្ទី ដូចក្អមដីដែលជាងស្មូនបោកកម្ទេច គ្មានអំបែងណាមួយនៅធំទេ គឺសូម្បីយកទៅ ប្រើសម្រាប់កាយរងើកភ្លើងចេញពីចង្ក្រាន ឬដួសទឹកពាងក៏មិនបានផង។ ព្រះជាអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិ អ៊ីស្រាអែល មានព្រះបន្ទូលទៀតថា៖ ប្រសិនបើអ្នករាល់គ្នាបែរមករកយើងវិញ ហើយនៅស្ងប់ស្ងៀម នោះយើងនឹងសង្គ្រោះអ្នករាល់គ្នាជាមិនខាន។ ប្រសិនបើអ្នករាល់គ្នានៅស្ងប់ស្ងៀម ហើយទុកចិត្តលើយើង នោះអ្នករាល់គ្នាមុខជាមានកម្លាំង! ប៉ុន្តែ អ្នករាល់គ្នាមិនព្រមឡើយ។ អ្នករាល់គ្នាបែរជាពោលថា «ទេ! យើងនឹងជិះសេះរត់ទៅ!» ពិតមែនហើយ អ្នករាល់គ្នានឹងរត់ទៅមែន។ អ្នករាល់គ្នាបានពោលទៀតថា «រទេះចម្បាំងរបស់យើងបរលឿនណាស់» ពិតមែនហើយ! តែខ្មាំងដែលដេញតាមក្រោយ មានល្បឿនលឿនជាងអ្នករាល់គ្នាទៅទៀត។ ខ្មាំងសត្រូវតែម្នាក់គំរាមកំហែង អ្នករាល់គ្នាមួយពាន់នាក់ឲ្យរត់ប្រាសអាយុ ខ្មាំងតែប្រាំនាក់នឹងធ្វើឲ្យអ្នករាល់គ្នា រត់អស់គ្មានសល់។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលសល់ពីស្លាប់ មានគ្នាតិចណាស់ គឺប្រៀបបាននឹងបង្គោលមួយនៅលើភ្នំ ឬដូចជាទង់មួយនៅលើទួលប៉ុណ្ណោះ។
អាន អេសាយ 30
ស្ដាប់នូវ អេសាយ 30
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 30:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ