អេសាយ 30:1-17

អេសាយ 30:1-17 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: កូនៗ​ដែល​ចេះ​តែ​បះ‌បោរ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ពួក​គេ​បាន​ធ្វើ​តាម​គម្រោង‌ការ ដែល​យើង​មិន​បាន​គ្រោង​ទុក ពួក​គេ​បាន​ចង​សម្ពន្ធ‌មិត្ត ផ្ទុយ​ពី​ឆន្ទៈ​របស់​យើង ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។ ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ដោយ​ពុំ​សួរ​យោបល់​ពី​យើង​សោះ ពួក​គេ​ទៅ​ពឹង​ផ្អែក​លើ​ស្ដេច​ផារ៉ោន ពួក​គេ​រត់​ទៅ​ជ្រក​ក្រោម​ម្លប់​ស្រុក​អេស៊ីប។ ក៏​ប៉ុន្តែ ការ​ពឹង​ផ្អែក​លើ​ស្ដេច​ផារ៉ោន នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​អាម៉ាស់ ការ​ជ្រក​កោន​ក្រោម​ម្លប់​របស់​ស្រុក​អេស៊ីប នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​បាក់​មុខ​ជា​មិន​ខាន! ពួក​រដ្ឋ​មន្ត្រី​របស់​អ្នក​រាល់​គ្នា ទៅ​ដល់​ក្រុង​សូអាន​ហើយ ទូត​របស់​អ្នក​រាល់​គ្នា​ទៅ​ដល់​ក្រុង​ហានេស តែ​ពួក​គេ​នឹង​ត្រូវ​ខក​ចិត្ត ដោយ​ឃើញ​ថា​ប្រជា‌ជន​អេស៊ីប ពុំ​អាច​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពួក​គេ​ទេ គឺ​ជន‌ជាតិ​អេស៊ីប​ពុំ​អាច​សង្គ្រោះ ពុំ​អាច​ជួយ​ពួក​គេ​បាន​ទាល់​តែ​សោះ! ផ្ទុយ​ទៅ​វិញ មាន​តែ​នាំ​ឲ្យ​ពួក​គេ​ត្រូវ អាម៉ាស់ និង​បាត់​បង់​កិត្តិយស​ប៉ុណ្ណោះ។ សេចក្ដី​ប្រកាស​អំពី​សត្វ​តិរច្ឆាន​នៅ វាល​រហោ‌ស្ថាន​ណេកិប : ពួក​គេ​ឆ្លង​កាត់​វាល​ហួត‌ហែង​គួរ​ឲ្យ​ព្រឺ​ខ្លាច ជា​កន្លែង​ដែល​មាន​សត្វ​សិង្ហ មាន​ពស់​វែក និង​មាន​នាគ​ហោះ ពួក​គេ​ដឹក​ជញ្ជូន​ភោគ​ទ្រព្យ​ដ៏​មាន​តម្លៃ លើ​ខ្នង​លា និង​លើ​ខ្នង​អូដ្ឋ យក​ទៅ​ឲ្យ​ប្រជា‌ជាតិ​មួយ​ដែល​ពុំ​អាច ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពួក​គេ​ទាល់​តែ​សោះ។ ជំនួយ​របស់​ស្រុក​អេស៊ីប គ្រាន់​តែ​ជា​ការ​ស្រមើ‌ស្រមៃ​ប៉ុណ្ណោះ គឺ​ពុំ​មាន​ប្រយោជន៍​អ្វី​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ងារ​ឲ្យ ស្រុក​អេស៊ីប​ថា «ពួក​រត់​ខ្វែង​ដៃ​ខ្វែង​ជើង តែ​មិន​បាន​ការ​អ្វី»។ ឥឡូវ​នេះ ចូរ​ចារឹក​សេចក្ដី​ទាំង​នេះ​លើ​បន្ទះ​ថ្ម ហើយ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ នៅ​ចំពោះ​មុខ​អ្នក​ក្រុង​យេរូ‌សាឡឹម ទុក​ជា​ឯក‌សារ​ទៅ​អនាគត ទុក​ជា​ភស្ដុតាង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ប្រជា‌ជន​នេះ​ជា​ប្រជា‌ជន​ដែល​ចេះ​តែ​បះ‌បោរ ពួក​គេ​សុទ្ធ​តែ​ជា​កូន​អកតញ្ញូ ដែល​ពុំ​ព្រម​ស្ដាប់​ដំបូន្មាន​របស់​ព្រះ‌អម្ចាស់​ទេ។ គេ​បំបិទ​មាត់​ហោរា​ថា “កុំ​ទាយ​អី” ហើយ​ប្រាប់​គ្រូ​ទស្សន៍‌ទាយ​ថា “កុំ​ទស្សន៍‌ទាយ​ការ​ពិត ចូរ​ពោល​តែ​ពាក្យ​បញ្ចើច‌បញ្ចើ និង​រឿង​ប្រឌិត​ប៉ុណ្ណោះ​បាន​ហើយ! ចូរ​ងាក​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ ចូរ​ឃ្លាត​ចាក​ពី​គន្លង​ធម៌ កុំ​និយាយ​អំពី​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន‌ជាតិ អ៊ីស្រា‌អែល​ប្រាប់​យើង​ទៀត!”។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន‌ជាតិ អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ អ្នក​រាល់​គ្នា​បដិសេធ​មិន​ទទួល​ពាក្យ​របស់​យើង ហើយ​បែរ​ទៅ​ពឹង​ផ្អែក​លើ អំណាច​ផ្ដាច់​ការ និង​កល‌ល្បិច។ អំពើ​អាក្រក់​នេះ​នឹង​បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នា វិនាស​សូន្យ​ដោយ​មិន​ដឹង​ខ្លួន ដូច​ស្នាម​នៅ​លើ​កំពែង​ដ៏​ខ្ពស់ ធ្វើ​ឲ្យ​កំពែង​ប្រេះ​រលំ​ភ្លាម​មួយ​រំពេច។ កំពែង​នោះ​នឹង​រលំ​ខ្ទេច‌ខ្ទី ដូច​ក្អម​ដី​ដែល​ជាង​ស្មូន​បោក​កម្ទេច គ្មាន​អំបែង​ណា​មួយ​នៅ​ធំ​ទេ គឺ​សូម្បី​យក​ទៅ ប្រើ​សម្រាប់​កាយ​រងើក​ភ្លើង​ចេញ​ពី​ចង្ក្រាន ឬ​ដួស​ទឹក​ពាង​ក៏​មិន​បាន​ផង។ ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​មក​រក​យើង​វិញ ហើយ​នៅ​ស្ងប់​ស្ងៀម នោះ​យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​ស្ងប់​ស្ងៀម ហើយ​ទុក​ចិត្ត​លើ​យើង នោះ​អ្នក​រាល់​គ្នា​មុខ​ជា​មាន​កម្លាំង! ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ព្រម​ឡើយ។ អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា «ទេ! យើង​នឹង​ជិះ​សេះ​រត់​ទៅ!» ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​មែន។ អ្នក​រាល់​គ្នា​បាន​ពោល​ទៀត​ថា «រទេះ​ចម្បាំង​របស់​យើង​បរ​លឿន​ណាស់» ពិត​មែន​ហើយ! តែ​ខ្មាំង​ដែល​ដេញ​តាម​ក្រោយ មាន​ល្បឿន​លឿន​ជាង​អ្នក​រាល់​គ្នា​ទៅ​ទៀត។ ខ្មាំង​សត្រូវ​តែ​ម្នាក់​គំរាម​កំហែង អ្នក​រាល់​គ្នា​មួយ​ពាន់​នាក់​ឲ្យ​រត់​ប្រាស​អាយុ ខ្មាំង​តែ​ប្រាំ​នាក់​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា រត់​អស់​គ្មាន​សល់។ ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​សល់​ពី​ស្លាប់ មាន​គ្នា​តិច​ណាស់ គឺ​ប្រៀប​បាន​នឹង​បង្គោល​មួយ​នៅ​លើ​ភ្នំ ឬ​ដូច​ជា​ទង់​មួយ​នៅ​លើ​ទួល​ប៉ុណ្ណោះ។