អេសាយ 2

2
ប្រជា‌ជន​ជួប‌ជុំ​នៅ​ក្រុង​យេរូ‌សាឡឹម
1នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្យាការី*​អេសាយ ជា​កូន​របស់​លោក​អម៉ូស បាន​ទទួល​ពី​ព្រះ‌អម្ចាស់ ស្ដី​អំពី​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម: 2ថ្ងៃ​ក្រោយ ព្រះ‌អម្ចាស់​នឹង​លើក
ភ្នំ​ដែល​មាន​ព្រះ‌ដំណាក់​របស់​ព្រះអង្គ
ដាក់​នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ
ដើម្បី​ឲ្យ​ភ្នំ​នោះ​បាន​ខ្ពស់​ជាង​គេ
ហើយ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ឡើង​ទៅ
ជា​ហូរ‌ហែ។
3ប្រជា‌ជន​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ
ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក!
យើង​ឡើង​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់
យើង​ឡើង​ទៅ​ព្រះ‌ដំណាក់​នៃ​ព្រះ
របស់​លោក​យ៉ាកុប។
ព្រះអង្គ​នឹង​បង្រៀន​យើង​អំពី
មាគ៌ា​របស់​ព្រះអង្គ
ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ»
ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន
ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។
4 ព្រះអង្គ​នឹង​ធ្វើ​ជា​ចៅ‌ក្រម​រវាង​ប្រជា‌ជាតិ​នានា
ព្រះអង្គ​នឹង​សម្រុះ‌សម្រួល​ជាតិ​សាសន៍​ជា​ច្រើន
ឲ្យ​ឈប់​ទាស់‌ទែង​គ្នា។
ពេល​នោះ ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន
មក​រំលាយ​ធ្វើ​ជា​ផាល​នង្គ័ល
ហើយ​យក​លំពែង​មក​រំលាយ​ធ្វើ​ជា​កណ្ដៀវ។
ប្រជា‌ជាតិ​មួយ​ឈប់​ច្បាំង​នឹង
ប្រជា‌ជាតិ​មួយ​ទៀត
ហើយ​គេ​ក៏​លែង​ហាត់​រៀន​ធ្វើ​សង្គ្រាម​ដែរ។
5កូន​ចៅ​របស់​លោក​យ៉ាកុប​អើយ ចូរ​នាំ​គ្នា​មក!
យើង​ដើរ​ក្រោម​ពន្លឺ​របស់​ព្រះ‌អម្ចាស់!
6ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​បោះ​បង់​ចោល
ពូជ‌ពង្ស​របស់​លោក​យ៉ាកុប​ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ
ព្រោះ​មាន​គ្រូ​មន្ត‌អាគម​ពី​ទិស​ខាង​កើត
នៅ​ពេញ​ក្នុង​ស្រុក​របស់​គេ
ពួក​គេ​មាន​គ្រូ​ទាយ​ច្រើន​ដូច​នៅ​ស្រុក​ភីលីស្ទីន
ប្រជា‌ជន​របស់​ព្រះអង្គ​ចង​សម្ពន្ធ‌មិត្ត
ជា​មួយ​ជន​បរទេស។
7ស្រុក​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ
មាស និង​ប្រាក់
ទ្រព្យ​សម្បត្តិ​របស់​គេ​មាន​ច្រើន​ឥត​គណនា
ស្រុក​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ​សេះ
រទេះ​ចម្បាំង​របស់​គេ​មាន​ច្រើន​ឥត​គណនា។
8ស្រុក​របស់​គេ​ក៏​ពោរ‌ពេញ​ទៅ​ដោយ
ព្រះ​ក្លែង‌ក្លាយ​ដែរ
គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ស្នា‌ដៃ​របស់​ខ្លួន
គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អ្វីៗ
ដែល​ដៃ​របស់​ខ្លួន​បាន​សូន​បង្កើត​មក។
9មនុស្ស​លោក​ត្រូវ​អាប់​ឱន
គេ​នឹង​ដួល​ផ្កាប់​មុខ​ដល់​ដី
ព្រះអង្គ​មិន​អត់‌ទោស​ឲ្យ​គេ​ឡើយ។
10 ចូរ​នាំ​គ្នា​ចូល​មក​ពួន​នៅ​ក្នុង​ក្រហែង​ថ្ម​នេះ
ចូរ​នាំ​គ្នា​លាក់​ខ្លួន​នៅ​ក្នុង​ដី
ដើម្បី​គេច​ឲ្យ​ផុត​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់
ហើយ​គេច​ឲ្យ​ផុត​ពី​ភាព​ថ្កុំ‌ថ្កើង​នៃ
សិរី‌រុងរឿង​របស់​ព្រះអង្គ។
11ព្រះអង្គ​នឹង​បន្ទាប​មនុស្ស​មាន​ចិត្ត​ព្រហើន
ព្រះអង្គ​នឹង​ពង្រាប​មនុស្ស​មាន​ចិត្ត​អួត‌អាង។
នៅ​ថ្ងៃ​នោះ មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​ទេ
ដែល​មនុស្ស​ត្រូវ​លើក​តម្កើង
12ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
បាន​កំណត់​ថ្ងៃ​មួយ​ទុក
សម្រាប់​ពង្រាប​មនុស្ស​ព្រហើន
មនុស្ស​អួត‌អាង និង​មនុស្ស​វាយ​ឫក។
13ព្រះអង្គ​ពង្រាប​ដើម​ឈើ​ដ៏​ខ្ពស់ៗ​ទាំង​ប៉ុន្មាន
នៅ​ស្រុក​លីបង់
ពង្រាប​ដើម​ជ្រៃ​ទាំង‌ឡាយ​នៅ​ស្រុក​បាសាន។
14ព្រះអង្គ​ពង្រាប​ភ្នំ​ធំៗ​ទាំង‌ឡាយ
ពង្រាប​ភ្នំ​ដ៏​ខ្ពស់ៗ
15ពង្រាប​ប៉ម​ដ៏​ខ្ពស់ៗ
ពង្រាប​កំពែង​ដ៏​រឹង‌មាំ​ទាំង​ប៉ុន្មាន។
16ពង្រាប​សំពៅ​ទាំង​អស់​នៅ​ស្រុក​តើស៊ីស
និង​ពង្រាប​នាវា​ដ៏​ល្អ​ប្រណីត។
17ព្រះអង្គ​នឹង​បន្ទាប​មនុស្ស​ព្រហើន
ព្រះអង្គ​នឹង​ពង្រាប​មនុស្ស​អួត‌អាង។
នៅ​ថ្ងៃ​នោះ មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​ទេ
ដែល​មនុស្ស​ត្រូវ​លើក​តម្កើង។
18ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន​នឹង​វិនាស​សូន្យ។
19ពេល​នោះ គេ​នឹង​នាំ​គ្នា​ចូល​ទៅ​ពួន​នៅ​ក្នុង​រូង​ភ្នំ
គេ​នឹង​លាក់​ខ្លួន​ក្នុង​រូង​ដែល​នៅ​ក្រោម​ដី
ដើម្បី​គេច​ឲ្យ​ផុត​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់
ហើយ​គេច​ឲ្យ​ផុត​ពី​ភាព​ថ្កុំ‌ថ្កើង
នៃ​សិរី‌រុងរឿង​របស់​ព្រះអង្គ
នៅ​ពេល​ព្រះអង្គ​ក្រោក​ឡើង
ធ្វើ​ឲ្យ​មាន​ការ​ភ័យ​តក់‌ស្លុត​នៅ​លើ​ផែនដី។
20នៅ​ថ្ងៃ​នោះ មនុស្ស​លោក​នឹង​យក​ព្រះ​ក្លែង‌ក្លាយ ធ្វើ​អំពី​ប្រាក់ និង​មាស​ដែល​គេ​សិត​សម្រាប់​ថ្វាយ‌បង្គំ​បោះ​ទៅ​ឲ្យ​កណ្ដុរ និង​ប្រជៀវ។ 21គេ​នឹង​នាំ​គ្នា​ចូល​ទៅ​ពួន​ក្នុង​គុហា និង​ក្រហែង​ភ្នំ ដើម្បី​គេច​ឲ្យ​ផុត​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់ ហើយ​គេច​ឲ្យ​ផុត​ពី​ភាព​ដ៏​ថ្កុំ‌ថ្កើង​នៃ​សិរី‌រុងរឿង​របស់​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​ក្រោក​ឡើង​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​តក់‌ស្លុត​លើ​ផែនដី។
22ចូរ​ឈប់​ពឹង​ផ្អែក​លើ​មនុស្ស​ទៀត​ទៅ
ដ្បិត​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង
មួយ​ដង្ហើម​ប៉ុណ្ណោះ ហើយ​គេ​គ្មាន​តម្លៃ​អ្វី​ទេ!

ទើបបានជ្រើសរើសហើយ៖

អេសាយ 2: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ