ហូសេ 5:1-15

ហូសេ 5:1-15 គខប

បូជា‌ចារ្យ​អើយ ចូរ​ស្ដាប់​សេចក្ដី​នេះ! ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ផ្ចង់​ចិត្ត! ញាតិ​វង្ស​របស់​ស្ដេច​អើយ ចូរ​ត្រង់​ត្រាប់​ស្ដាប់! គឺ​អ្នក​រាល់​គ្នា​ហើយ ដែល​ត្រូវ​រក​យុត្តិធម៌ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ដាក់​អន្ទាក់​នៅ​មីសប៉ា អ្នក​រាល់​គ្នា​បោះ​សំណាញ់​នៅ​ភ្នំ​តាបោរ អ្នក​រាល់​គ្នា​ជីក​រណ្ដៅ​ដ៏​ជ្រៅ​នៅ​គីទីម យើង​នឹង​វាយ​ប្រដៅ​អ្នក​ទាំង​អស់​គ្នា​ពុំ‌ខាន។ យើង​ស្គាល់​អេប្រាអ៊ីម​យ៉ាង​ច្បាស់ យើង​មើល​អ៊ីស្រា‌អែល​ធ្លុះ​ទាំង​អស់។ អេប្រាអ៊ីម​អើយ អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដែល​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ទៅ​ជា​សៅហ្មង។ អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត រារាំង​ពួក​គេ​មិន​ឲ្យ​វិល​ត្រឡប់​មក​រក ព្រះ​របស់​ខ្លួន​វិញ​បាន​ឡើយ ដ្បិត​ពួក​គេ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ពួក​គេ​ពុំ​ស្គាល់​ព្រះ‌អម្ចាស់​ទេ។ អំនួត​របស់​អ៊ីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​ឯង អ៊ីស្រា‌អែល និង​អេប្រាអ៊ីម ជំពប់​ដួល ព្រោះ​តែ​កំហុស​របស់​ខ្លួន ហើយ​យូដា​ក៏​ជំពប់​ដួល​ជា​មួយ​ពួក​គេ​ដែរ។ ពួក​គេ​នាំ​គ្នា​ស្វែង​រក​ព្រះ‌អម្ចាស់ ដោយ​យក​ចៀម និង​គោ​ទៅ​ជា​មួយ ដើម្បី​ថ្វាយ​យញ្ញ‌បូជា តែ​ពួក​គេ​រក​ព្រះអង្គ​ពុំ​ឃើញ​ឡើយ ព្រោះ​ព្រះអង្គ​បោះ​បង់​ចោល​ពួក​គេ​ហើយ។ ពួក​គេ​បាន​ក្បត់​ព្រះ‌អម្ចាស់ ដោយ​បង្កើត​កូន​ឥត​ខាន់‌ស្លា។ ឥឡូវ​នេះ បុណ្យ​ចូល​ខែ​ថ្មី​ក្លាយ​ទៅ​ជា មហន្ត‌រាយ​ដល់​ពួក​គេ និង​ទឹក​ដី​របស់​ពួក​គេ។ ចូរ​ផ្លុំ​ស្នែង​ប្រកាស​សឹក​នៅ​គីបៀរ! ចូរ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​នៅ​រ៉ាម៉ា! ចូរ​ស្រែក​ហ៊ោ​នៅ​បេត​អាវេន! បេន‌យ៉ាមីន ចូរ​ប្រយ័ត្ន​ខាង​ក្រោយ​ខ្នង​អ្នក! នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​ដាក់​ទោស អេប្រាអ៊ីម​នឹង​ត្រូវ​វិនាស​អន្តរាយ។ យើង​ប្រាប់​ដំណឹង​ដ៏​ពិត​ឲ្យ​កុល‌សម្ព័ន្ធ​នានា នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដឹង​ជា​មុន។ មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​ប្រៀប​បាន​នឹង អស់​អ្នក​ដែល​បង្ខិត​បង្គោល​របង យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ពួក​គេ ដូច​ទឹក​ហូរ​យ៉ាង​ខ្លាំង។ អេប្រាអ៊ីម​រង​នូវ​ការ​វិនិច្ឆ័យ​ទោស ហើយ​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន ព្រោះ​អេប្រាអ៊ីម​រត់​ទៅ​ពឹង‌ពាក់​លើ​អ្វីៗ ដែល​ឥត​បាន​ការ។ រីឯ​យើង​វិញ យើង​ប្រៀប​បាន​នឹង​អង្គែ ដែល​ស៊ី​ពួក​អេប្រាអ៊ីម ហើយ​ដូច​ដំបៅ​ស៊ី​រូង​ពួក​យូដា។ អេប្រាអ៊ីម​ឃើញ​រោគ​របស់​ខ្លួន យូដា​ក៏​ឃើញ​ដំបៅ​របស់​ខ្លួន​ដែរ ដូច្នេះ អេប្រាអ៊ីម​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះចៅ​អធិរាជ ប៉ុន្តែ ស្ដេច​នោះ​ពុំ​អាច​កែ​រោគ​អ្នក​រាល់​គ្នា ឬ​ព្យាបាល​ដំបៅ​អ្នក​រាល់​គ្នា ឲ្យ​ជា​សះ​បាន​ឡើយ។ យើង​ប្រៀប​ដូច​សិង្ហ​ដែល​ប្រហារ​អេប្រាអ៊ីម និង​ដូច​សិង្ហ​ស្ទាវ​ហែក​កូន​ចៅ​យូដា​ស៊ី គឺ​យើង​នេះ​ហើយ​ដែល​ហែក​ពួក​គេ រួច​យើង​ចាក​ចេញ​ទៅ ទាំង​ពាំ​ពួក​គេ​យក​ទៅ​ជា​មួយ ឥត​មាន​នរណា​អាច​រំដោះ​ពួក​គេ​បាន​ឡើយ។ យើង​នឹង​វិល​ទៅ​ដំណាក់​របស់​យើង​វិញ រហូត​ទាល់​តែ​ពួក​គេ​សារភាព​ថា​ខ្លួន​ខុស ហើយ​ស្វែង​រក​យើង។ នៅ​ពេល​មាន​អាសន្ន ពួក​គេ​នឹង​វិល​មក​រក​យើង​វិញ​ជា​មិន​ខាន។