ហេប្រឺ ពាក្យ​លំនាំ

ពាក្យ​លំនាំ
អ្នក​តែងលិខិត​ផ្ញើ​ជូន​គ្រិស្ត‌បរិស័ទ​ជាតិ​ហេប្រឺ មាន​លក្ខណៈ​ប្លែក​ពី​លិខិត​ឯ​ទៀតៗ គឺ​មាន​លំនាំ​ដូច​ជា​សុន្ទរ‌កថា​របស់​បណ្ឌិត​ខាង​វិន័យ​ម្នាក់។ អ្នក​តែង​ស្គាល់​ព្រះ‌គម្ពីរ​សម្ពន្ធ‌មេត្រី​ចាស់​យ៉ាង​ច្បាស់ ហើយ​ពន្យល់​តាម​របៀប​បណ្ឌិត​ខាង​វិន័យ។ អ្នក​ខ្លះ​សន្និ‌ដ្ឋាន​ថា លោក​ប៉ូល​ជា​អ្នក​តែង​លិខិត​នេះ អ្នក​ខ្លះ​ទៀត​សន្និ‌ដ្ឋាន​ថា លោក​អប៉ូ‌ឡូស(កិច្ចការ ១៨.២៤‑២៨)ជា​អ្នក​តែង ក៏​ប៉ុន្តែ យើង​ពុំ​ដឹង​ពិត​ប្រាកដ​ថា​នរណា​បាន​សរសេរ​លិខិត​នេះ​ទេ ហើយ​ក៏​ពុំ​ដឹង​ថា​លិខិត​នេះ​សរសេរ​ផ្ញើ​ទៅ​គ្រិស្ត‌បរិស័ទ​ណា​មួយ​ដែរ។ យើង​គ្រាន់​តែ​យល់​តាម​រយៈ​លិខិត​នេះ​ថា អ្នក​តែង​ចង់​ដាស់​តឿន​គ្រិស្ត‌បរិស័ទ​ជាតិ​យូដា ដែល​បាន​ប្រែ​ចិត្ត​ជឿ​ព្រះ‌យេស៊ូ​គ្រិស្ត។ ក្នុង​ចំណោម​បងប្អូន​ទាំង​នោះ​ប្រហែល​ជា​មាន​បូជា‌ចារ្យ​ជា​ច្រើន ដែល​ធ្លាប់​ធ្វើ​ពិធី​បុណ្យ​ផ្សេងៗ​ក្នុង​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម​កាល​ពី​មុន ហើយ​នៅ​អាឡោះ‌អាល័យ​ពិធី​ទាំង​នោះ​ដដែល។ មួយ​វិញ​ទៀត ពួក​គេ​អស់​សង្ឃឹម​ដោយ​ជួប​នឹង​ទុក្ខ​លំបាក ព្រោះ​ត្រូវ​ជន​រួម​ជាតិ​របស់​ខ្លួន​បៀត‌បៀន។
គោល​សំខាន់ៗ:
អ្នក​តែង​លិខិត​នេះ​បាន​លើក​យក​គោល​គំនិត​របស់​សាសនា​យូដា មក​ពន្យល់​អំពី​ឋានៈ​របស់​ព្រះ‌គ្រិស្ត​ដែល​ប្រសើរ​ជាង​លោក​ម៉ូសេ ព្រោះ​ព្រះអង្គ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ប្រសើរ​ជាង​មហា​បូជា‌ចារ្យ​ឯ​ទៀតៗ ព្រោះ​ព្រះអង្គ​ជា​ព្រះ‌មហា​បូជា‌ចារ្យ​ដែល​អាច​លោះ​បាប​មនុស្ស​លោក​មួយ​ដង​ជា​សូរេច។ ព្រះ‌យេស៊ូ​ក៏​បាន​បូជា​ព្រះ‌ជន្ម​ទុក​ជា​យញ្ញ‌បូជា ប្រសើរ​ជាង​យញ្ញ‌បូជា​ដែល​គេ​ថ្វាយ​ក្នុង​ព្រះ‌វិហារ ព្រោះ​ព្រះអង្គ​នាំ​មនុស្ស​ឲ្យ​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់ ហើយ​តែង‌តាំង​សម្ពន្ធ‌មេត្រី​ថ្មី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។
អ្នក​តែង​លិខិត​នេះ​ក៏​បាន​ដាស់​តឿន​គ្រិស្ត‌បរិស័ទ​ឲ្យ​មាន​ចិត្ត​តស៊ូ ស្មោះ​ត្រង់​នឹង​ជំនឿ ដោយ​លើក​យក​អ្នក​ជឿ​ពី​ជំនាន់​ដើម​ធ្វើ​ជា​គំរូ។
គម្រោង​គម្ពីរ​ហេប្រឺៈ
• សេចក្ដី​ផ្ដើម ១.១‑៣
• ព្រះ‌គ្រិស្ត​ប្រសើរ​ជាង​ពួក​ទេវតា ១.៤‑២.១៨
• ព្រះ‌គ្រិស្ត​ប្រសើរ​ជាង​លោក​ម៉ូសេ និង​លោក​យ៉ូស្វេ ៣.១‑៤.១៣
• ព្រះ‌គ្រិស្ត​ប្រសើរ​ជាង​មហា​បូជា‌ចារ្យ ៤.១៤‑៧.២៨
• ព្រះ‌គ្រិស្ត​ប្រសើរ​ជាង​សម្ពន្ធ‌មេត្រី ៨.១‑៩.២៨
• ព្រះ‌គ្រិស្ត​ប្រសើរ​ជាង​យញ្ញ‌បូជា ១០.១‑៣៩
• អំពី​ជំនឿ ១១.១‑១២.២៩
• ជីវិត​ស្រប​តាម​ព្រះ‌ជាម្ចាស់ ១៣.១‑១៩
• អវសាន‌កថា ១៣.២០‑២៥

ទើបបានជ្រើសរើសហើយ៖

ហេប្រឺ ពាក្យ​លំនាំ: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល