ហេប្រឺ 7:18-27

ហេប្រឺ 7:18-27 គខប

ដូច្នេះ បទ‌បញ្ជា​ដែល​មាន​ពី​មុន​មក​ត្រូវ​លុប​បំបាត់​ចោល​ហើយ ព្រោះ​គ្មាន​ប្រសិទ្ធ‌ភាព គ្មាន​សារ‌ប្រយោជន៍​អ្វី​ទេ ដ្បិត​ក្រឹត្យ‌វិន័យ​ពុំ​បាន​ធ្វើ​ឲ្យ​អ្វី​មួយ​ទៅ​ជា​គ្រប់​លក្ខណៈ​ឡើយ។ ម្យ៉ាង​ទៀត សេចក្ដី​សង្ឃឹម​មួយ​ដ៏​ប្រសើរ​ជាង​បាន​មក​ដល់ ហើយ​ដោយ‌សារ​សេចក្ដី​សង្ឃឹម​នេះ យើង​អាច​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់​បាន។ លើស​ពី​នេះ មាន​ព្រះ‌បន្ទូល​សម្បថ។ បូជា‌ចារ្យ​ឯ​ទៀតៗ​បាន​ទទួល​មុខងារ​ជា​បូជា‌ចារ្យ ដោយ​គ្មាន​ព្រះ‌បន្ទូល​សម្បថ​ទេ។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​បាន​ទទួល​មុខងារ​ជា​បូជា‌ចារ្យ ដោយ​ព្រះ‌ជាម្ចាស់​ទ្រង់​បាន​ស្បថ គឺ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះអង្គ​ថា «“ព្រះអង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ជានិច្ច” ព្រះ‌អម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​ព្រះអង្គ​នឹង​មិន​ប្រែ‌ប្រួល​ឡើយ» ។ ដូច្នេះ ដោយ​មាន​ព្រះ‌បន្ទូល​សម្បថ​យ៉ាង​នេះ បាន​សេចក្ដី​ថា ព្រះ‌យេស៊ូ​ធានា​រ៉ាប់‌រង​នូវ​សម្ពន្ធ‌មេត្រី*​មួយ​រឹត​តែ​ប្រសើរ​ជាង​ទៅ​ទៀត។ លើស​ពី​នេះ មាន​គ្នា​ជា​ច្រើន​បាន​ធ្វើ​បូជា‌ចារ្យ​តៗ​គ្នា ព្រោះ​ពួក​គេ​តែងតែ​ស្លាប់ ពុំ​អាច​ធ្វើ​បូជា‌ចារ្យ​ជា​អចិន្ត្រៃយ៍​ឡើយ។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​មាន​មុខងារ​ជា​បូជា‌ចារ្យ ដែល​ពុំ​អាច​ផ្ទេរ​ទៅ​ឲ្យ​នរណា​ទេ ព្រោះ​ព្រះអង្គ​គង់​នៅ​អស់‌កល្ប​ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់ តាម​រយៈ​ព្រះអង្គ បាន​ជា​ស្ថាពរ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​រហូត ដើម្បី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ពួក​គេ។ មាន​តែ​មហា​បូជា‌ចារ្យ​ដ៏​ប្រសើរ​ដូច​ព្រះ‌យេស៊ូ​នេះ​ហើយ ដែល​យើង​ត្រូវ​ការ គឺ​មហា​បូជា‌ចារ្យ​ដ៏វិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង ខុស​ប្លែក​ពី​មនុស្ស​បាប ព្រម​ទាំង​ខ្ពង់‌ខ្ពស់​លើស​ស្ថាន​បរម‌សុខ*​ទៅ​ទៀត។ ព្រះអង្គ​មិន​ត្រូវ​ការ​ថ្វាយ​យញ្ញ‌បូជា​រៀង​រាល់​ថ្ងៃ ដូច​មហា​បូជា‌ចារ្យ​ឯ​ទៀតៗ​ថ្វាយ ព្រោះ​បាប​ខ្លួន​ឯង​ផ្ទាល់​ផង និង​បាប​ប្រជា‌ជន​ផង​នោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​ថ្វាយ​ព្រះ‌កាយ​ព្រះអង្គ​ផ្ទាល់​ជា​យញ្ញ‌បូជា ម្ដង​ជា​សូរេច។