ហេប្រឺ 5:1-10

ហេប្រឺ 5:1-10 គខប

គេ​ជ្រើស​រើស​មហា​បូជា‌ចារ្យ​គ្រប់ៗ​រូប​ពី​ចំណោម​មនុស្ស ហើយ​តែង‌តាំង​សម្រាប់​ឲ្យ​ទាក់ទង​ជា​មួយ​ព្រះ‌ជាម្ចាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក ក្នុង​ការ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប​មនុស្ស។ លោក​មហា​បូជា‌ចារ្យ​អាច​មាន​អធ្យាស្រ័យ​ដល់​មនុស្ស​ល្ងិត​ល្ងង់ និង​មនុស្ស​វង្វេង​បាន ព្រោះ​ខ្លួន​លោក​ផ្ទាល់​ក៏​ទន់​ខ្សោយ ហើយ​ដោយ​លោក​ទន់​ខ្សោយ ដូច្នេះ លោក​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​សម្រាប់​ឲ្យ​ខ្លួន​លោក​ផ្ទាល់ និង​ប្រជា‌រាស្ត្រ​រួច​ពី​បាប។ គ្មាន​នរណា​តាំង​ខ្លួន​ឯង​ឲ្យ​បំពេញ​មុខងារ​ដ៏​ប្រសើរ​នេះ​បាន​ឡើយ គឺ​ទាល់​តែ​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​ដូច​លោក​អើរ៉ុន ទើប​បំពេញ​បាន។ រីឯ​ព្រះ‌គ្រិស្ត​វិញ​ក៏​ដូច្នោះ​ដែរ ព្រះអង្គ​ពុំ​បាន​លើក​តម្កើង​ព្រះអង្គ​ផ្ទាល់​ធ្វើ​ជា​មហា​បូជា‌ចារ្យ​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ទេ​តើ​ដែល​បាន​តែង‌តាំង​ព្រះអង្គ ដោយ​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះអង្គ​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ហ្នឹង​ហើយ​ដែល​បាន ទទួល​ព្រះអង្គ​ធ្វើ​ជា​បុត្រ​នៅ​ថ្ងៃ​នេះ» ។ ព្រះ‌ជាម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​វគ្គ​មួយ​ទៀត​ថា៖ «ព្រះអង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក» ។ កាល​ព្រះ‌គ្រិស្ត​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ ព្រះអង្គ​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែក ទូល‌អង្វរ ទូល​សូម​ព្រះ‌ជាម្ចាស់ ដែល​អាច​សង្គ្រោះ​ព្រះអង្គ​ឲ្យ​រួច​ពី​ស្លាប់។ ដោយ​ព្រះ‌គ្រិស្ត​បាន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ នោះ​ព្រះ‌ជាម្ចាស់​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​ទូល‌អង្វរ។ ថ្វី‌ដ្បិត​តែ​ព្រះអង្គ​ជា​ព្រះ‌បុត្រា​ក៏​ដោយ ក៏​ព្រះអង្គ​បាន​រៀន​ស្ដាប់​បង្គាប់ ដោយ​រង‌ទុក្ខ​លំបាក។ បន្ទាប់​ពី​ព្រះអង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ព្រះអង្គ​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច សម្រាប់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះអង្គ ហើយ​ព្រះ‌ជាម្ចាស់​ក៏​ប្រកាស​តែង‌តាំង​ព្រះអង្គ​ជា​មហា​បូជា‌ចារ្យ តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ហេប្រឺ 5:1-10

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ