ចូរស្រឡាញ់គ្នាជាបងប្អូនឲ្យបានជាប់ជានិច្ច។ សូមកុំភ្លេចទទួលអ្នកដទៃយ៉ាងរាក់ទាក់។ ដោយទទួលអ្នកដទៃដូច្នេះ អ្នកខ្លះបានទទួលទេវតា*ទាំងមិនដឹងខ្លួន។ ចូរគិតដល់អស់អ្នកដែលជាប់ឃុំឃាំង ហាក់បីដូចជាបងប្អូននៅជាប់ឃុំឃាំងរួមជាមួយគេ ហើយគិតដល់អស់អ្នកដែលត្រូវគេធ្វើបាប ព្រោះបងប្អូនក៏មានរូបកាយចេះឈឺចាប់ដូចគេដែរ។ សូមបងប្អូនទាំងអស់គ្នាលើកតម្លៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្តគ្នាឡើយ ដ្បិតព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ និងផិតក្បត់។ កុំបណ្ដោយខ្លួនឲ្យឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្តនឹងទ្រព្យសម្បត្តិ ដែលបងប្អូនមាននៅពេលនេះ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ» ។ ហេតុនេះហើយបានជាយើងហ៊ាននិយាយដោយចិត្តរឹងប៉ឹងថា «ព្រះអម្ចាស់នឹងជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។ ចូរបងប្អូនគិតដល់អ្នកដឹកនាំបងប្អូន ដែលបានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបងប្អូនស្ដាប់។ ចូរពិចារណាមើលជីវិតរបស់លោកទាំងនោះដែលចប់របៀបណា ហើយយកតម្រាប់តាមជំនឿរបស់លោកទៅ។ ព្រះយេស៊ូគ្រិស្តមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ច ព្រះអង្គនៅតែដដែល។ សូមកុំបណ្ដោយខ្លួនទៅតាមលទ្ធិផ្សេងៗពីខាងក្រៅឡើយ គួរគប្បីតាំងចិត្តគំនិតឲ្យបានរឹងប៉ឹងដោយសារព្រះគុណ គឺមិនមែនដោយកាន់វិន័យស្ដីអំពីអាហារទេ វិន័យទាំងនោះគ្មានប្រយោជន៍ដល់អ្នកដែលកាន់សោះ។ យើងមានអាសនៈមួយ ដែលពួកបូជាចារ្យធ្វើការក្នុងព្រះពន្លា* គ្មានសិទ្ធិនឹងយកតង្វាយពីអាសនៈនោះមកបរិភោគឡើយ។ លោកមហាបូជាចារ្យតែងយកឈាមសត្វចូលទៅថ្វាយព្រះជាម្ចាស់ក្នុងទីសក្ការៈ* ដើម្បីសុំឲ្យរួចពីបាប រីឯសាច់សត្វនោះវិញ គេយកទៅដុតខាងក្រៅជំរំ។ ព្រះយេស៊ូក៏ដូច្នោះដែរ ព្រះអង្គរងទុក្ខទោសនៅខាងក្រៅទីក្រុង ដើម្បីប្រោសប្រជាជនឲ្យបានវិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ដូច្នេះ យើងត្រូវតែចាកចេញពីជំរំទៅរកព្រះអង្គ ទាំងស៊ូទ្រាំឲ្យគេប្រមាថមើលងាយរួមជាមួយព្រះអង្គដែរ ដ្បិតក្នុងលោកនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរគង់វង្សរហូតឡើយ យើងខំស្វែងរកក្រុងដែលនឹងមាននៅពេលខាងមុខនោះវិញ។ ចូរយើងថ្វាយយញ្ញបូជាសម្រាប់លើកតម្កើងព្រះជាម្ចាស់ជានិច្ច តាមរយៈព្រះយេស៊ូ គឺជាពាក្យហូរចេញពីបបូរមាត់យើងដែលប្រកាសព្រះនាមព្រះអង្គ។ កុំភ្លេចធ្វើទាន និងជួយគ្នាទៅវិញទៅមក ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។ ចូរទុកចិត្តលើអ្នកដឹកនាំបងប្អូន ព្រមទាំងស្ដាប់បង្គាប់លោកទាំងនោះទៀតផង ដ្បិតលោកតែងតែថែរក្សាព្រលឹងបងប្អូនជានិច្ច ព្រោះលោកនឹងទទួលខុសត្រូវលើបងប្អូននៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ បើបងប្អូនស្ដាប់បង្គាប់លោក លោកនឹងបំពេញមុខងារនេះដោយអំណរ គឺមិនមែនដោយថ្ងូរទេ។ ប្រសិនបើពួកលោកបំពេញមុខងារ ទាំងថ្ងូរ បងប្អូនមុខជាគ្មានទទួលផលប្រយោជន៍អ្វីឡើយ។ សូមអធិស្ឋាន*ឲ្យយើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការល្អ និងមានឆន្ទៈចង់ប្រព្រឹត្តយ៉ាងល្អត្រឹមត្រូវ ក្នុងគ្រប់កាលៈទេសៈ ជាពិសេស ខ្ញុំសូមអង្វរបងប្អូនមេត្តាអធិស្ឋានឲ្យខ្ញុំអាចវិលត្រឡប់មករកបងប្អូនវិញ ក្នុងពេលឆាប់ៗ។ ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្តបានប្រោសព្រះយេស៊ូ ជាព្រះអម្ចាស់នៃយើង ឲ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះគ្រិស្តជាគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារព្រះលោហិតរបស់ព្រះអង្គ។ សូមព្រះជាម្ចាស់ប្រទានឲ្យបងប្អូនមានសមត្ថភាព នឹងប្រព្រឹត្តអំពើល្អគ្រប់យ៉ាង តាមព្រះហឫទ័យរបស់ព្រះអង្គ។ សូមព្រះអង្គសម្រេចការអ្វីដែលគាប់ព្រះហឫទ័យព្រះអង្គនៅក្នុងយើងតាមរយៈព្រះយេស៊ូគ្រិស្ត។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន! បងប្អូនអើយ ខ្ញុំសូមអង្វរបងប្អូនឲ្យទទួលពាក្យទូន្មានទាំងនេះទៅ ដ្បិតខ្ញុំបានសរសេរមកបងប្អូនដោយត្រួសៗប៉ុណ្ណោះ។ សូមជ្រាបថា លោកធីម៉ូថេជាបងប្អូនរបស់យើង បានរួចពីឃុំឃាំងហើយ។ ប្រសិនបើគាត់មកដល់ឆាប់ៗ ខ្ញុំនឹងមកជួបបងប្អូនជាមួយគាត់ដែរ។ សូមជម្រាបសួរអ្នកដឹកនាំទាំងអស់របស់បងប្អូន ព្រមទាំងប្រជាជនដ៏វិសុទ្ធ*ទាំងអស់ផង។ បងប្អូននៅស្រុកអ៊ីតាលីក៏សូមជម្រាបសួរមកបងប្អូនដែរ។ សូមឲ្យបងប្អូនទាំងអស់គ្នាបានប្រកបដោយព្រះគុណ។
អាន ហេប្រឺ 13
ស្ដាប់នូវ ហេប្រឺ 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហេប្រឺ 13:1-25
4 Days
God loves you. Whoever you are, wherever you are in your life, God loves you! In this month, when we celebrate love, don't forget that God's love for you is greater than every other love. In this four day series, immerse yourself in God's love.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ