ហេប្រឺ 10:24-39
ហេប្រឺ 10:24-39 គខប
តោងយើងមើលថែរក្សាគ្នាទៅវិញទៅមក ដើម្បីជួយដាស់តឿនគ្នាឲ្យមានចិត្តស្រឡាញ់ និងប្រព្រឹត្តអំពើល្អ។ មិនត្រូវលះបង់ការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ផ្ទុយទៅវិញ យើងត្រូវលើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យរឹតតែខ្លាំងឡើង ដោយឃើញថា ថ្ងៃនៃព្រះអម្ចាស់កាន់តែជិតមកដល់ហើយ។ ក្រោយពីយើងបានស្គាល់សេចក្ដីពិតច្បាស់ហើយ ប្រសិនបើយើងប្រព្រឹត្តអំពើបាបដោយចេតនានោះ មុខជាគ្មានយញ្ញបូជាណាអាចធ្វើឲ្យយើងរួចពីបាបទៀតឡើយ គឺមានតែភិតភ័យ រង់ចាំការវិនិច្ឆ័យទោស និងរង់ចាំភ្លើងដ៏សន្ធោសន្ធៅ ដែលចាំតែឆាបឆេះពួកអ្នកប្រឆាំងប៉ុណ្ណោះ!។ នរណាម្នាក់បំពានលើវិន័យរបស់លោកម៉ូសេ ហើយបើមានសាក្សីពីរ ឬបីនាក់ដឹងឮ គេមុខជាប្រហារជីវិតអ្នកនោះឥតត្រាប្រណីឡើយ។ ចុះចំណង់បើអ្នកដែលមើលងាយព្រះបុត្រារបស់ព្រះជាម្ចាស់ ដោយបន្ថោកព្រះលោហិតនៃសម្ពន្ធមេត្រី ជាព្រះលោហិតដែលប្រោសឲ្យគេទៅជាវិសុទ្ធ* ហើយប្រសិនបើគេត្មះតិះដៀលព្រះវិញ្ញាណនៃព្រះគុណ សូមបងប្អូនគិតមើល៍ តើគេនឹងត្រូវទទួលទោសខ្លាំងយ៉ាងណាទៅទៀត! ដ្បិតយើងស្គាល់ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា «ការសងសឹកស្រេចតែនៅលើយើង គឺយើងទេតើដែលនឹងតបស្នងដល់គេ» ហើយ «ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ព្រះអង្គ» ។ គ្មានអ្វីគួរឲ្យភ័យខ្លាចជាងត្រូវព្រះដ៏មានព្រះជន្មគង់នៅ វិនិច្ឆ័យទោសឡើយ!។ ក៏ប៉ុន្តែ សូមនឹកចាំពីគ្រាដំបូង ដែលបងប្អូនទើបនឹងទទួលពន្លឺពីព្រះជាម្ចាស់ថ្មីៗ។ ពេលនោះ បងប្អូនបានតស៊ូយ៉ាងខ្លាំង ហើយបងប្អូនក៏បានរងទុក្ខលំបាកជាច្រើន ពេលខ្លះ បងប្អូនត្រូវគេប្រមាថមើលងាយ ធ្វើបាបនៅមុខប្រជុំជន និងពេលខ្លះទៀត បងប្អូនរួមទុក្ខជាមួយអ្នកដែលត្រូវគេធ្វើបាបដែរ។ បងប្អូនបានរួមទុក្ខជាមួយអស់អ្នកដែលជាប់ឃុំឃាំង បងប្អូនសុខចិត្តឲ្យគេរឹបអូសយកទ្រព្យសម្បត្តិរបស់បងប្អូន ដោយរីករាយ ដ្បិតបងប្អូនដឹងថា បងប្អូនមានសម្បត្តិសួគ៌ដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។ ហេតុនេះ សូមបងប្អូនកុំលះបង់ចិត្តរឹងប៉ឹង ដែលនឹងធ្វើឲ្យបងប្អូនទទួលរង្វាន់យ៉ាងធំនោះឡើយ គឺត្រូវមានចិត្តស៊ូទ្រាំ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងទទួលផល តាមព្រះបន្ទូលសន្យា ដ្បិតនៅតែបន្តិចទៀត គឺក្នុងពេលឆាប់ៗខាងមុខ ព្រះអង្គដែលត្រូវយាងមក ទ្រង់នឹងយាងមកដល់ជាមិនខាន ព្រះអង្គមិនបង្អង់ឡើយ។ «រីឯអ្នកសុចរិតជាកូនចៅរបស់យើងវិញ គេនឹងមានជីវិតរស់ដោយសារជំនឿ តែបើគេថយក្រោយ យើងលែងពេញចិត្តនឹងគេហើយ» ។ ចំពោះយើងវិញ យើងមិនមែនជាអ្នកថយក្រោយឲ្យត្រូវវិនាសបាត់បង់នោះទេ គឺយើងជាអ្នកជឿ ដើម្បីសង្គ្រោះជីវិត។








