ហេប្រឺ 10:12-39

ហេប្រឺ 10:12-39 គខប

រីឯ​ព្រះ‌គ្រិស្ត​វិញ បន្ទាប់​ពី​ព្រះអង្គ​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​មួយ ដើម្បី​រំដោះ​បាប​រួច​ហើយ ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់​រហូត​ត​ទៅ។ ឥឡូវ​នេះ ព្រះអង្គ​រង់‌ចាំ​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ ឲ្យ​ចុះ​ចូល​ក្រោម​ព្រះ‌បាទា​ព្រះអង្គ។ ដោយ‌សារ​តង្វាយ​តែ​មួយ​គត់ ព្រះ‌គ្រិស្ត​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​វិសុទ្ធ*​ហើយ​នោះ បាន​គ្រប់​លក្ខណៈ​រហូត​ត​ទៅ។ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ គឺ​មុន​ដំបូង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គេ​ដូច​ត​ទៅ​នេះ យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ក្នុង​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យ‌វិន័យ ទាំង​នោះ​ទុក​ក្នុង​ប្រាជ្ញា​របស់​ពួក​គេ​ដែរ»។ បន្ទាប់​មក ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​បន្ថែម​ទៀត​ថា៖ «ហើយ​យើង​ក៏​មិន​នឹក​នា​ពី​អំពើ​បាប និង​អំពើ​ទុច្ចរិត​របស់​គេ​ទៀត​ដែរ» ។ ដូច្នេះ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ហើយ​នោះ មិន​បាច់​ថ្វាយ​តង្វាយ​សុំ​ឲ្យ​រួច​ពី​បាប​ទៀត​ឡើយ។ ហេតុ​នេះ បងប្អូន​អើយ យើង​មាន​ចិត្ត​រឹង‌ប៉ឹង ចូល​មក​ក្នុង​ទីសក្ការៈ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូ ព្រោះ​ព្រះអង្គ​បាន​បើក​មាគ៌ា​មួយ​ថ្មី ជា​មាគ៌ា​ដែល​មាន​ជីវិត ដោយ​ព្រះអង្គ​ឆ្លង​កាត់​វាំងនន ពោល​គឺ​រូប​កាយ​របស់​ព្រះអង្គ ដែល​កើត​មក​ជា​មនុស្ស។ ដោយ​យើង​មាន​មហា​បូជា‌ចារ្យ*​មួយ​រូប ដែល​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ដូច្នេះ យើង​ត្រូវ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះអង្គ​ដោយ​ចិត្ត​ទៀង​ត្រង់ ពោរ‌ពេញ​ដោយ​ជំនឿ​មាំ‌មួន និង​មាន​ចិត្ត​បរិសុទ្ធ ជ្រះ‌ស្រឡះ​ពី​គំនិត​សៅ‌ហ្មង ព្រម​ទាំង​មាន​រូប​កាយ​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ​ផង។ ត្រូវ​រក្សា​សេចក្ដី​សង្ឃឹម ដែល​យើង​ប្រកាស​នោះ​ឲ្យ​ខ្ជាប់ខ្ជួន កុំ​ឲ្យ​រង្គើ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​យ៉ាង​ណា ព្រះអង្គ​ក៏​នឹង​ធ្វើ​តាម​យ៉ាង​នោះ​ដែរ។ តោង​យើង​មើល​ថែ‌រក្សា​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួយ​ដាស់‌តឿន​គ្នា​ឲ្យ​មាន​ចិត្ត​ស្រឡាញ់ និង​ប្រព្រឹត្ត​អំពើ​ល្អ។ មិន​ត្រូវ​លះ‌បង់​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​រឹត​តែ​ខ្លាំង​ឡើង ដោយ​ឃើញ​ថា ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​កាន់​តែ​ជិត​មក​ដល់​ហើយ។ ក្រោយ​ពី​យើង​បាន​ស្គាល់​សេចក្ដី​ពិត​ច្បាស់​ហើយ ប្រសិន​បើ​យើង​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា​នោះ មុខ​ជា​គ្មាន​យញ្ញ‌បូជា​ណា​អាច​ធ្វើ​ឲ្យ​យើង​រួច​ពី​បាប​ទៀត​ឡើយ គឺ​មាន​តែ​ភិត‌ភ័យ រង់‌ចាំ​ការ​វិនិច្ឆ័យ​ទោស និង​រង់‌ចាំ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ ដែល​ចាំ​តែ​ឆាប​ឆេះ​ពួក​អ្នក​ប្រឆាំង​ប៉ុណ្ណោះ!។ នរណា​ម្នាក់​បំពាន​លើ​វិន័យ​របស់​លោក​ម៉ូសេ ហើយ​បើ​មាន​សាក្សី​ពីរ ឬ​បី​នាក់​ដឹង​ឮ គេ​មុខ​ជា​ប្រហារ​ជីវិត​អ្នក​នោះ​ឥត​ត្រា​ប្រណី​ឡើយ។ ចុះ​ចំណង់​បើ​អ្នក​ដែល​មើល‌ងាយ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ដោយ​បន្ថោក​ព្រះ‌លោហិត​នៃ​សម្ពន្ធ‌មេត្រី ជា​ព្រះ‌លោហិត​ដែល​ប្រោស​ឲ្យ​គេ​ទៅ​ជា​វិសុទ្ធ* ហើយ​ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌គុណ សូម​បងប្អូន​គិត​មើល៍ តើ​គេ​នឹង​ត្រូវ​ទទួល​ទោស​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត! ដ្បិត​យើង​ស្គាល់​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា «ការ​សង‌សឹក​ស្រេច​តែ​នៅ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ស្នង​ដល់​គេ» ហើយ «ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ» ។ គ្មាន​អ្វី​គួរ​ឲ្យ​ភ័យ​ខ្លាច​ជាង​ត្រូវ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ វិនិច្ឆ័យ​ទោស​ឡើយ!។ ក៏​ប៉ុន្តែ សូម​នឹក​ចាំ​ពី​គ្រា​ដំបូង ដែល​បងប្អូន​ទើប​នឹង​ទទួល​ពន្លឺ​ពី​ព្រះ‌ជាម្ចាស់​ថ្មីៗ។ ពេល​នោះ បងប្អូន​បាន​តស៊ូ​យ៉ាង​ខ្លាំង ហើយ​បងប្អូន​ក៏​បាន​រង‌ទុក្ខ​លំបាក​ជា​ច្រើន ពេល​ខ្លះ បងប្អូន​ត្រូវ​គេ​ប្រមាថ​មើល‌ងាយ ធ្វើ​បាប​នៅ​មុខ​ប្រជុំ​ជន និង​ពេល​ខ្លះ​ទៀត បងប្អូន​រួម​ទុក្ខ​ជា​មួយ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ដែរ។ បងប្អូន​បាន​រួម​ទុក្ខ​ជា​មួយ​អស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង បងប្អូន​សុខ​ចិត្ត​ឲ្យ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​បងប្អូន ដោយ​រីក‌រាយ ដ្បិត​បងប្អូន​ដឹង​ថា បងប្អូន​មាន​សម្បត្តិ​សួគ៌​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិត‌ស្ថេរ​រហូត។ ហេតុ​នេះ សូម​បងប្អូន​កុំ​លះ‌បង់​ចិត្ត​រឹង‌ប៉ឹង ដែល​នឹង​ធ្វើ​ឲ្យ​បងប្អូន​ទទួល​រង្វាន់​យ៉ាង​ធំ​នោះ​ឡើយ គឺ​ត្រូវ​មាន​ចិត្ត​ស៊ូ​ទ្រាំ ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ និង​ទទួល​ផល តាម​ព្រះ‌បន្ទូល​សន្យា ដ្បិត​នៅ​តែ​បន្តិច​ទៀត គឺ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ព្រះអង្គ​ដែល​ត្រូវ​យាង​មក ទ្រង់​នឹង​យាង​មក​ដល់​ជា​មិន​ខាន ព្រះអង្គ​មិន​បង្អង់​ឡើយ។ «រីឯ​អ្នក​សុចរិត​ជា​កូន​ចៅ​របស់​យើង​វិញ គេ​នឹង​មាន​ជីវិត​រស់​ដោយ‌សារ​ជំនឿ តែ​បើ​គេ​ថយ​ក្រោយ យើង​លែង​ពេញ​ចិត្ត​នឹង​គេ​ហើយ» ។ ចំពោះ​យើង​វិញ យើង​មិន​មែន​ជា​អ្នក​ថយ​ក្រោយ​ឲ្យ​ត្រូវ​វិនាស​បាត់​បង់​នោះ​ទេ គឺ​យើង​ជា​អ្នក​ជឿ ដើម្បី​សង្គ្រោះ​ជីវិត។