ហេប្រឺ 10:12-20
ហេប្រឺ 10:12-20 គខប
រីឯព្រះគ្រិស្តវិញ បន្ទាប់ពីព្រះអង្គបានថ្វាយយញ្ញបូជាតែមួយ ដើម្បីរំដោះបាបរួចហើយ ព្រះអង្គគង់នៅខាងស្ដាំព្រះជាម្ចាស់រហូតតទៅ។ ឥឡូវនេះ ព្រះអង្គរង់ចាំព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ ឲ្យចុះចូលក្រោមព្រះបាទាព្រះអង្គ។ ដោយសារតង្វាយតែមួយគត់ ព្រះគ្រិស្តធ្វើឲ្យអស់អ្នកដែលព្រះអង្គបានប្រោសឲ្យវិសុទ្ធ*ហើយនោះ បានគ្រប់លក្ខណៈរហូតតទៅ។ ព្រះវិញ្ញាណដ៏វិសុទ្ធ*ក៏បានបញ្ជាក់ប្រាប់យើងដែរ គឺមុនដំបូង ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា លុះគ្រានេះកន្លងផុតទៅ យើងនឹងចងសម្ពន្ធមេត្រីជាមួយគេដូចតទៅនេះ យើងនឹងដាក់ក្រឹត្យវិន័យទាំងប៉ុន្មានរបស់យើង ក្នុងចិត្តរបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យ ទាំងនោះទុកក្នុងប្រាជ្ញារបស់ពួកគេដែរ»។ បន្ទាប់មក ព្រះវិញ្ញាណមានព្រះបន្ទូលបន្ថែមទៀតថា៖ «ហើយយើងក៏មិននឹកនាពីអំពើបាប និងអំពើទុច្ចរិតរបស់គេទៀតដែរ» ។ ដូច្នេះ ប្រសិនបើព្រះជាម្ចាស់លើកលែងទោសហើយនោះ មិនបាច់ថ្វាយតង្វាយសុំឲ្យរួចពីបាបទៀតឡើយ។ ហេតុនេះ បងប្អូនអើយ យើងមានចិត្តរឹងប៉ឹង ចូលមកក្នុងទីសក្ការៈ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូ ព្រោះព្រះអង្គបានបើកមាគ៌ាមួយថ្មី ជាមាគ៌ាដែលមានជីវិត ដោយព្រះអង្គឆ្លងកាត់វាំងនន ពោលគឺរូបកាយរបស់ព្រះអង្គ ដែលកើតមកជាមនុស្ស។

