ហេប្រឺ 1:1-8

ហេប្រឺ 1:1-8 គខប

នៅ​ជំនាន់​ដើម ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វ​បុរស*​យើង​ជា​ច្រើន​លើក​ច្រើន​សា ដោយ​ប្រើ​របៀប​ផ្សេងៗ​ជា​ច្រើន តាម​រយៈ​ពួក​ព្យាការី*។ គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​យើង​តាម​រយៈ​ព្រះ‌បុត្រា។ ព្រះអង្គ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ព្រះ‌បុត្រា​គ្រប់‌គ្រង​ជា​មត៌ក ព្រះអង្គ​ក៏​បាន​បង្កើត​ពិភព​ទាំង​មូល​ដោយ‌សារ​ព្រះ‌បុត្រា​ដែរ។ ព្រះ‌បុត្រា​នេះ​ជា​រស្មី​នៃ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ និង​មាន​លក្ខណៈ​ដូច​ព្រះអង្គ​បេះ​បិទ។ ព្រះ‌បុត្រា​ទ្រ‌ទ្រង់​អ្វីៗ​ទាំង​អស់ ដោយ‌សារ​ព្រះ‌បន្ទូល​ប្រកប​ដោយ​ឫទ្ធា‌នុភាព។ លុះ​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​បរិសុទ្ធ*​ផុត​ពី​បាប*​រួច​ហើយ ព្រះអង្គ​ក៏​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​ឧត្តុង្គ​ឧត្ដម​នា​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ព្រះ‌បុត្រា​បាន​ទទួល​ព្រះ‌នាម ប្រសើរ​លើស​ពួក​ទេវតា*​យ៉ាង​ណា ព្រះអង្គ​ក៏​ទទួល​ឋានៈ​ប្រសើរ​ជាង​ពួក​ទេវតា​យ៉ាង​នោះ​ដែរ។ ព្រះ‌ជាម្ចាស់​ពុំ​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​ម្នាក់​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ហ្នឹង​ហើយ​ដែល​បាន​ទទួល​ព្រះអង្គ ធ្វើ​ជា​បុត្រ​នៅ​ថ្ងៃ​នេះ» ឬ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ជា​បិតា​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​នឹង​ទៅ​ជា​បុត្រា​របស់​យើង» សោះ​ឡើយ។ មួយ​វិញ​ទៀត នៅ​ពេល​ព្រះ‌ជាម្ចាស់​ចាត់​បុត្រ​ច្បង​ឲ្យ​មក​ផែនដី​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ទេវតា*​ទាំង​អស់​របស់​ព្រះ‌ជាម្ចាស់ ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌បុត្រា» ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​ពួក​ទេវតា​ថា៖ «ព្រះអង្គ​បាន​យក​ពួក​ទេវតា​ធ្វើ​ជា​ខ្យល់ និង​យក​ពួក​អ្នក​បម្រើ​របស់​ព្រះអង្គ ធ្វើ​ជា​អណ្ដាត​ភ្លើង» ។ ចំពោះ​ព្រះ‌បុត្រា​វិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ហើយ​ព្រះអង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌ ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ