នៅឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស នៅថ្ងៃទីមួយ ក្នុងខែទីប្រាំមួយ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលនៃអាណាខេត្តយូដា ព្រមទាំងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ដូចតទៅ: ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជននេះពោលថា “មិនទាន់ដល់ពេលសង់ព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញទេ”»។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកពួកគេតាមរយៈព្យាការីហាកាយដូចតទៅ៖ «ពេលដំណាក់របស់យើងបាក់បែកនៅឡើយ តើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់តែង ដោយឈើដ៏មានតម្លៃដូច្នេះឬ?»។ ឥឡូវនេះ ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា! អ្នករាល់គ្នាសាបព្រោះច្រើន តែច្រូតបានផលតិច អ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែត អ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់ អ្នករាល់គ្នាស្លៀកពាក់ តែមិនកក់ក្ដៅ អ្នកធ្វើការទទួលប្រាក់ឈ្នួល តែដូចជាទុកនៅក្នុងថង់កណ្ដាច»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា! ចូរនាំគ្នាឡើងទៅលើភ្នំ យកឈើមកសង់ដំណាក់របស់យើង។ យើងពេញចិត្តនឹងដំណាក់នេះ ហើយយើងនឹងបង្ហាញសិរីរុងរឿងរបស់យើង» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «អ្នករាល់គ្នាប្រាថ្នាចង់បានផលច្រើន តែអ្នករាល់គ្នាទទួលបានតិច។ អ្នករាល់គ្នាយកផលនោះមកដាក់ក្នុងផ្ទះ តែយើងបានផ្លុំបំបាត់អស់ទៅ។ ហេតុអ្វីបានជាដូច្នេះ? គឺមកពីដំណាក់របស់យើងបាក់បែកនៅឡើយ ហើយអ្នករាល់គ្នាគិតតែខ្នះខ្នែង ពីរឿងផ្ទះសំបែងរបស់ខ្លួន - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ហេតុនេះហើយបានជាមេឃទប់មិនឲ្យ មានភ្លៀងធ្លាក់ ដីក៏មិនផ្ដល់ភោគផលឲ្យអ្នករាល់គ្នាដែរ។ យើងនឹងធ្វើឲ្យកើតរាំងស្ងួត គ្មានភ្លៀងធ្លាក់នៅក្នុងស្រុក តាមភ្នំ លើស្រែ លើចម្ការទំពាំងបាយជូរ លើចម្ការអូលីវ លើដំណាំឯទៀតៗ លើមនុស្ស លើសត្វ។ ដូច្នេះ កិច្ចការទាំងអស់ដែលមនុស្សធ្វើ ឥតបង្កើតបានផលអ្វីឡើយ»។
អាន ហាកាយ 1
ស្ដាប់នូវ ហាកាយ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហាកាយ 1:1-11
9 ថ្ងៃ
អាកប្បកិរិយា «ធ្វើឲ្យបានសម្រេច» របស់ហាកៃ ជំរុញឲ្យអ៊ីស្រាអែលដែលមានការរំខានក្នុងការសាងសង់ព្រះវិហារបរិសុទ្ធឡើងវិញ បន្ទាប់ពីពួកគេត្រឡប់ពីការជាប់ឃុំឃាំងវិញ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈហាកាយ ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ