នេះជាសេចក្ដីប្រកាស ដែលព្រះជាម្ចាស់សម្តែងឲ្យព្យាការីហាបាគូកឃើញក្នុងនិមិត្តហេតុដ៏អស្ចារ្យ។ ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវស្រែកអង្វរ ព្រះអង្គដល់កាលណាទៀត បើព្រះអង្គមិនស្ដាប់ទូលបង្គំដូច្នេះ? ទូលបង្គំស្រែកទូលព្រះអង្គស្ដីអំពី អំពើឃោរឃៅដែលពួកគេប្រព្រឹត្ត ម្ដេចក៏ព្រះអង្គមិនសង្គ្រោះយើងខ្ញុំ? ហេតុអ្វីបានជាព្រះអង្គឲ្យទូលបង្គំ ឃើញតែអំពើអាក្រក់ ហេតុអ្វីបានជាព្រះអង្គឃើញការសង្កត់សង្កិន ហើយនៅស្ងៀមដូច្នេះ? នៅជុំវិញទូលបង្គំ មានតែការលួចប្លន់ អំពើឃោរឃៅ និងការប្ដឹងផ្ដល់ ទាស់ទែងគ្នា។ គ្មាននរណាគោរពក្រឹត្យវិន័យ រីឯយុត្តិធម៌ ក៏គ្មាននរណាធ្វើតាមដែរ មនុស្សអាក្រក់ឈ្នះមនុស្សសុចរិត ចៅក្រមវិនិច្ឆ័យទោស ដោយអយុត្តិធម៌។ «ចូរក្រឡេកមើលប្រជាជាតិនានា ហើយនាំគ្នាងឿងឆ្ងល់ ស្រឡាំងកាំងទៅ! ដ្បិតហេតុការណ៍មួយកំពុងតែកើតមាន នៅជំនាន់អ្នករាល់គ្នា។ ប្រសិនបើគ្រាន់តែឮគេនិយាយ នោះអ្នករាល់គ្នារកជឿពុំបានឡើយ។ មើល៍! យើងនឹងនាំជនជាតិខាល់ដេមក ពួកគេជាជាតិសាសន៍សាហាវកោងកាចបំផុត! ពួកគេដើរកាត់ផែនដីទាំងមូល ដណ្ដើមយកទឹកដីពីជាតិសាសន៍ឯទៀតៗ។ ពួកគេជាមនុស្សគួរឲ្យព្រឺខ្លាច និងភ័យញ័រ ពួកគេបង្កើតច្បាប់ និងសិទ្ធិអំណាចខ្លួនឯង។ សេះរបស់ពួកគេបោលលឿនជាងខ្លារខិន ហើយពូកែជាងចចកដែលរកស៊ី នៅពេលព្រលប់ទៅទៀត។ កងទ័ពសេះរបស់ពួកគេបោះពួយមកពីចម្ងាយ ដូចសត្វឥន្ទ្រីបោះពួយចុះមកចាប់រំពា។ ពួកគេនាំគ្នាមក ដើម្បីកម្ទេចបំផ្លាញ ទឹកមុខរបស់ពួកគេសាហាវណាស់ ពួកគេចាប់បានឈ្លើយសឹក ដែលមានចំនួនច្រើនដូចគ្រាប់ខ្សាច់។ ពួកគេប្រមាថមាក់ងាយស្ដេចនានា ចំអកឡកឡឺយដាក់មេដឹកនាំទាំងឡាយ។ ពួកគេមិនញញើតនឹងកំពែងក្រុងណាឡើយ គឺពួកគេគ្រាន់តែលើកទួលឡើង ហើយវាយយកបានទាំងអស់។ ពេលមានកម្លាំង ពួកគេបន្តដំណើរទៅមុខ ដូចខ្យល់ព្យុះ ដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋ ពួកគេចាត់ទុកកម្លាំងរបស់ខ្លួនជាព្រះ»។
អាន ហាបាគូក 1
ស្ដាប់នូវ ហាបាគូក 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហាបាគូក 1:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ