ព្រះជាម្ចាស់ប្រទានពរដល់លោកណូអេ ព្រមទាំងកូនប្រុសទាំងបីនាក់របស់លោក ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនឡើងយ៉ាងច្រើនពាសពេញផែនដីទៅ! សត្វចតុប្បាទនៅលើផែនដី បក្សាបក្សីនៅលើមេឃ សត្វលូនវារលើដី និងត្រីនៅក្នុងទឹកទាំងប៉ុន្មាននឹងភ័យខ្លាចអ្នករាល់គ្នា។ យើងឲ្យអ្នករាល់គ្នាធ្វើជាម្ចាស់លើសត្វទាំងនោះ។ សត្វទាំងប៉ុន្មានដែលលូនវារ ហើយមានជីវិត នឹងបានទៅជាអាហារសម្រាប់អ្នករាល់គ្នា គឺយើងឲ្យអ្វីៗមកអ្នករាល់គ្នា ដូចយើងបានឲ្យធញ្ញជាតិដល់អ្នករាល់គ្នាដែរ។ ប៉ុន្តែ មិនត្រូវបរិភោគសត្វដែលនៅមានជីវិតឡើយ ពោលគឺមិនត្រូវបរិភោគសាច់ ដែលមានជាប់ឈាមរបស់វាជាដាច់ខាត។ ប្រសិនបើសត្វណាសម្លាប់អ្នករាល់គ្នា យើងនឹងឲ្យវាសងឈាមដែលជាជីវិតរបស់អ្នករាល់គ្នាពីសត្វនោះវិញ ដូចយើងឲ្យមនុស្សសងជីវិត នៅពេលណាដែលគេសម្លាប់មនុស្សដូចគ្នាដែរ។ អ្នកណាបង្ហូរឈាមមនុស្ស អ្នកនោះមុខជាត្រូវមនុស្សបង្ហូរឈាមវិញ មិនខាន។ ដ្បិតព្រះជាម្ចាស់បានបង្កើតមនុស្សលោកមកជាតំណាងរបស់ព្រះអង្គ។ ចំពោះអ្នករាល់គ្នា ចូរបង្កើតកូនចៅឲ្យបានកើនចំនួនឡើងយ៉ាងច្រើនកុះករលើផែនដី ហើយឲ្យមានពាសពេញលើផែនដីចុះ»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេ និងកូនប្រុសទាំងបីរបស់លោកទៀតថា៖ «យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ជាមួយពូជពង្សរបស់អ្នករាល់គ្នានៅជំនាន់ក្រោយ ជាមួយសត្វមានជីវិតទាំងប៉ុន្មាន ដែលនៅជាមួយអ្នករាល់គ្នា មានបក្សាបក្សី សត្វស្រុក និងសត្វព្រៃទាំងអស់នៅលើផែនដី ពោលគឺសត្វទាំងប៉ុន្មានដែលចេញពីទូកធំ។ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា គឺគ្មានសត្វលោកណាមួយត្រូវបាត់បង់ជីវិត ដោយសារទឹកជំនន់ធំទៀតឡើយ ហើយក៏លែងមានទឹកជំនន់ធំលិចបំផ្លាញផែនដីទៀតដែរ»។
អាន លោកុប្បត្តិ 9
ស្ដាប់នូវ លោកុប្បត្តិ 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 9:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ