លោកុប្បត្តិ 7:6-24

លោកុប្បត្តិ 7:6-24 គខប

នៅ​គ្រា​ទឹក​ជំនន់​ធំ​លិច​ផែនដី​នោះ លោក​ណូអេ​មាន​អាយុ​ប្រាំ​មួយ​រយ​ឆ្នាំ។ លោក​ណូអេ​បាន​ចូល​ទៅ​ក្នុង​ទូក​ជា​មួយ​កូន​ប្រុស​ទាំង​បី ភរិយា និង​កូន​ប្រសា​ស្រី​របស់​លោក ដើម្បី​ឲ្យ​បាន​រួច​ខ្លួន​ពី​ទឹក​ជំនន់​ធំ។ មាន​សត្វ​ទាំង‌ឡាយ​ពី​ចំណោម​សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ ហើយ​ពី​ចំណោម​បក្សា‌បក្សី និង​សត្វ​លូន​វារ​នៅ​លើ​ដី ទាំង​គូៗ មាន​ឈ្មោល មាន​ញី​នាំ​គ្នា​ចូល​មក​ក្នុង​ទូក​ធំ​ជា​មួយ​លោក​ណូអេ ដូច​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​មក​លោក​ណូអេ។ ប្រាំ‌ពីរ​ថ្ងៃ​ក្រោយ​មក ទឹក​ជំនន់​ធំ​ក៏​ជន់​ឡើង​លិច​ផែនដី។ ឆ្នាំ​ដែល​លោក​ណូអេ​មាន​អាយុ​ប្រាំ​មួយ​រយ ក្នុង​ខែ​ទី​ពីរ ថ្ងៃ​ទី​ដប់​ប្រាំ‌ពីរ គឺ​នៅ​ថ្ងៃ​នោះ​ហើយ​ដែល​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​បាន​ផុស​ចេញ​ពី​ទី​ជម្រៅ​ទឹក​មក ហើយ​ទ្វារ​មេឃ​ក៏​បើក​ចំហ​ដែរ។ ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់។ នៅ​ថ្ងៃ​ដដែល​នោះ លោក​ណូអេ កូន​ប្រុស​របស់​លោក គឺ​សិម ហាំ និង​យ៉ាផេត ព្រម​ទាំង​ភរិយា និង​កូន​ប្រសា​ស្រី​ទាំង​បី​របស់​លោក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក​ធំ។ សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​តាម​ពូជ​របស់​វា សត្វ​ស្រុក​ទាំង​អស់​តាម​ពូជ​របស់​វា​នីមួយៗ សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី​តាម​ពូជ​របស់​វា បក្សា‌បក្សី​ទាំង​ប៉ុន្មាន​តាម​ពូជ​របស់​វា ព្រម​ទាំង​សត្វ​ទាំង​អស់​ដែល​ហើរ និង​មាន​ស្លាប​ក៏​ចូល​ជា​មួយ​ដែរ។ សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន​នាំ​គ្នា​ទាំង​គូៗ មក​រក​លោក​ណូអេ​នៅ​ក្នុង​ទូក​ធំ គឺ​មាន​សត្វ​ទាំង​ឈ្មោល ទាំង​ញី ពី​គ្រប់​ពូជ ចូល​មក​ក្នុង​ទូក​ធំ ដូច​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​មក​លោក​ណូអេ រួច​ហើយ​ព្រះ‌អម្ចាស់​ក៏​បិទ​ទ្វារ​ទូក​នោះ​ទៅ។ ទឹក​ជំនន់​ធំ​បាន​លិច​ផែនដី អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ទឹក​បាន​ជន់​ឡើង ហើយ​លើក​ទូក​ធំ​ឲ្យ​អណ្ដែត​ឡើង​ផុត​ពី​ដី។ ទឹក​ជន់​កាន់​តែ​ខ្លាំង​ឡើងៗ កម្ពស់​ទឹក​កើន​ឡើង​យ៉ាង​ខ្ពស់ ហើយ​ទូក​ធំ​នៅ​អណ្ដែត​ពី​លើ​ផ្ទៃ​ទឹក។ ទឹក​ជន់​ឡើង​កាន់​តែ​ខ្លាំង​នៅ​លើ​ផែនដី ធ្វើ​ឲ្យ​លិច​ភ្នំ​ខ្ពស់ៗ​ទាំង​ប៉ុន្មាន​នៅ​ក្រោម​មេឃ​នេះ។ ទឹក​ជន់​លិច​ភ្នំ​ទាំង‌ឡាយ ហើយ​ឡើង​ហួស​ភ្នំ​ទាំង​នោះ​ដប់​ប្រាំ​ហត្ថ។ សត្វ​លោក​ទាំង‌ឡាយ​ដែល​មាន​ចលនា​នៅ​លើ​ផែនដី​ក៏​វិនាស​សូន្យ​អស់​ទៅ គឺ​ទាំង​បក្សា‌បក្សី សត្វ​ស្រុក សត្វ​ព្រៃ និង​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​រវើក‌រវ័ណ្ឌ​ពាស‌ពេញ​លើ​ផែនដី និង​មនុស្ស​លោក​ទាំង​អស់​ដែរ។ អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ជីវិត និង​រស់​នៅ​លើ​ដី​គោក​ក៏​ស្លាប់​អស់​ទៅ។ ព្រះ‌អម្ចាស់​បាន​លុប​បំបាត់​សត្វ​លោក​ទាំង​ប៉ុន្មាន​អស់​ពី​ផែនដី គឺ​ចាប់​ពី​មនុស្ស សត្វ​ស្រុក សត្វ​លូន​វារ រហូត​ដល់​បក្សា‌បក្សី​នៅ​លើ​មេឃ ត្រូវ​លុប​បំបាត់​ទាំង​អស់ នៅ​សល់​តែ​លោក​ណូអេ និង​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទូក​ធំ​ជា​មួយ​លោក​ប៉ុណ្ណោះ។ ទឹក​ជន់​នៅ​នឹង​ថ្កល់​លើ​ផែនដី អស់​រយៈ​ពេល​មួយ​រយ​ហា‌សិប​ថ្ងៃ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ