លោកុប្បត្តិ 6:6-14

លោកុប្បត្តិ 6:6-14 គខប

ព្រះ‌អម្ចាស់​នឹក​ស្ដាយ​ដោយ​បាន​បង្កើត​មនុស្ស​មក​លើ​ផែនដី​នេះ ហើយ​ព្រះអង្គ​ព្រួយ​ព្រះ‌ហឫទ័យ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​លុប​បំបាត់​មនុស្ស​លោក ដែល​យើង​បាន​បង្កើត​មក ឲ្យ​អស់​ពី​ផែនដី គឺ​ចាប់​តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ស្រុក ចាប់​តាំង​ពី​សត្វ​លូន​វារ រហូត​ដល់​សត្វ​ដែល​ហើរ​នៅ​លើ​មេឃ ដ្បិត​យើង​ស្ដាយ​ដោយ​បាន​បង្កើត​គេ​មក»។ ប៉ុន្តែ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ណូអេ។ នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​លោក​ណូអេ។ លោក​ណូអេ​ជា​មនុស្ស​សុចរិត ទៀង​ត្រង់ នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​ជំនាន់​លោក។ លោក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់។ លោក​ណូអេ​បាន​បង្កើត​កូន​ប្រុស​បី​នាក់ ឈ្មោះ​សិម ហាំ និង​យ៉ាផេត។ គ្រា​នោះ មនុស្ស​លោក​នៅ​លើ​ផែនដី​ប្រែ​ជា​អាក្រក់​ខិល‌ខូច​អស់ ហើយ​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ​ទៀត​ផង។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា​ផែនដី​អាក្រក់​ខូច​អស់ ដ្បិត​មនុស្ស​លោក​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី សុទ្ធ​តែ​មាន​កិរិយា​មារ‌យាទ​ខិល‌ខូច​អាក្រក់។ ព្រះ‌ជាម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «យើង​បាន​សម្រេច​ចិត្ត​ផ្ដាច់​ជីវិត​សត្វ​លោក​ទាំង​អស់ ដ្បិត​មនុស្ស​បាន​ធ្វើ​ឲ្យ​ផែនដី​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។ ដូច្នេះ យើង​នឹង​លុប​បំបាត់​គេ​ឲ្យ​វិនាស​សូន្យ​ទៅ​ជា​មួយ​ផែនដី។ ចូរ​អ្នក​យក​ស្រឡៅ​មក​ធ្វើ​ទូក​មួយ​យ៉ាង​ធំ ហើយ​ចែក​ទូក​ធំ​នេះ​ជា​ច្រើន​បន្ទប់ ព្រម​ទាំង​យក​ជ័រ​មក​លាប​ភ្ជិត​ទាំង​ក្នុង​ទាំង​ក្រៅ​ផង។