គ្រានោះ មនុស្សលោកនៅលើផែនដីប្រែជាអាក្រក់ខិលខូចអស់ ហើយពោរពេញដោយអំពើឃោរឃៅទៀតផង។ ព្រះជាម្ចាស់ទតឃើញថាផែនដីអាក្រក់ខូចអស់ ដ្បិតមនុស្សលោកទាំងប៉ុន្មាននៅលើផែនដី សុទ្ធតែមានកិរិយាមារយាទខិលខូចអាក្រក់។ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «យើងបានសម្រេចចិត្តផ្ដាច់ជីវិតសត្វលោកទាំងអស់ ដ្បិតមនុស្សបានធ្វើឲ្យផែនដីពោរពេញដោយអំពើឃោរឃៅ។ ដូច្នេះ យើងនឹងលុបបំបាត់គេឲ្យវិនាសសូន្យទៅជាមួយផែនដី។ ចូរអ្នកយកស្រឡៅមកធ្វើទូកមួយយ៉ាងធំ ហើយចែកទូកធំនេះជាច្រើនបន្ទប់ ព្រមទាំងយកជ័រមកលាបភ្ជិតទាំងក្នុងទាំងក្រៅផង។ អ្នកត្រូវធ្វើដូចតទៅនេះ: ទូកធំនោះមានបណ្ដោយបីរយហត្ថ ទទឹងហាសិបហត្ថ និងកម្ពស់សាមសិបហត្ថ។ អ្នកត្រូវធ្វើដំបូលមួយដាក់ភ្ជាប់ពីលើទូក កម្ពស់មួយហត្ថ។ ត្រូវដាក់ទ្វារទូកនៅពីខាង ហើយធ្វើទូកនោះជាជាន់ គឺមានជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី។ រីឯយើងវិញ យើងនឹងធ្វើឲ្យទឹកជន់លិចផែនដី ដើម្បីបំផ្លាញសត្វលោកទាំងអស់ ដែលមានដង្ហើមជីវិតនៅក្រោមមេឃ។ អ្វីៗទាំងអស់នៅលើផែនដីនឹងត្រូវវិនាសសូន្យ ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រី*ជាមួយអ្នក អ្នកនឹងចូលទៅក្នុងទូកធំជាមួយកូនប្រុសទាំងបី ប្រពន្ធ និងកូនប្រសាស្រីរបស់អ្នក។ អ្នកក៏ត្រូវនាំយកសត្វមួយគូៗពីបណ្ដាសត្វទាំងអស់ ចូលទៅក្នុងទូកធំ ដើម្បីឲ្យវាបានរួចជីវិតរួមជាមួយអ្នកដែរ គឺត្រូវយកឈ្មោលមួយញីមួយ។ សត្វមួយគូៗ ក្នុងពូជនីមួយៗនឹងនាំគ្នាមករកអ្នក ដើម្បីឲ្យបានរួចជីវិត គឺមានសត្វស្លាប សត្វស្រុក សត្វលូនវារនៅលើដី។ អ្នកក៏ត្រូវយកគ្រឿងបរិភោគទាំងប៉ុន្មាន ទុកជាស្បៀងអាហារសម្រាប់បរិភោគ និងទុកជាចំណីសម្រាប់សត្វដែរ»។ លោកណូអេក៏ធ្វើដូច្នោះមែន គឺលោកធ្វើសព្វគ្រប់ទាំងអស់ ដូចព្រះជាម្ចាស់បានបង្គាប់។
អាន លោកុប្បត្តិ 6
ស្ដាប់នូវ លោកុប្បត្តិ 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 6:11-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ