លោកុប្បត្តិ 49:29-33

លោកុប្បត្តិ 49:29-33 គខប

បន្ទាប់​មក លោក​យ៉ាកុប​ផ្ដែផ្ដាំ​កូនៗ​ថា៖ «បន្តិច​ទៀត ពុក​នឹង​ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​ពុក ដែល​បាន​លា​ចាក​លោក​ទៅ​ហើយ​នោះ។ ចូរ​បញ្ចុះ​សព​ពុក​នៅ​ក្បែរ​ដូនតា​ក្នុង​គុហា ដែល​នៅ​ក្នុង​ចម្ការ​របស់​លោក​អេប្រូន​ជា​ជន‌ជាតិ​ហេត គឺ​នៅ​ក្នុង​ចម្ការ​ម៉ាក‌ពេឡា ជិត​ម៉ាម‌រ៉េ ក្នុង​ស្រុក​កាណាន ជា​ចម្ការ​ដែល​លោក​តា​អប្រាហាំ​បាន​ទិញ​ពី​លោក​អេប្រូន ជន‌ជាតិ​ហេត ទុក​សម្រាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព។ នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​តា​អប្រាហាំ និង​លោក​យាយ​សារ៉ា ជា​ភរិយា លោក​តា​អ៊ីសាក និង​លោក​យាយ​រេបិកា ជា​ភរិយា ហើយ​ពុក​ក៏​បាន​បញ្ចុះ​សព​លេអា នៅ​ទី​នោះ​ដែរ។ លោក​តា​អប្រាហាំ​បាន​ទិញ​ចម្ការ ព្រម​ទាំង​គុហា​ដែល​ស្ថិត​នៅ​ក្នុង​ចម្ការ​នោះ​ពី​ជន‌ជាតិ​ហេត»។ លោក​យ៉ាកុប​បាន​ផ្ដែផ្ដាំ​កូនៗ​ចប់​សព្វ​គ្រប់​ហើយ លោក​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​លោក។