លោកុប្បត្តិ 49:13-27

លោកុប្បត្តិ 49:13-27 គខប

សាប់​យូឡូន​នឹង​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​នាវា​ចត​នៅ​តាម​កំពង់‌ផែ ព្រំ‌ប្រទល់​របស់​សាប់‌យូឡូន លាត​សន្ធឹង​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន។ អ៊ីសា‌ខារ​ប្រៀប​ដូច​ជា​សត្វ​លា​ដ៏​មាំ ដេក​នៅ​ក្នុង​ក្រោល​ដែល​មាន​ជញ្ជាំង​ពីរ។ អ៊ីសា‌ខារ​យល់​ឃើញ​ថា កន្លែង​ដែល​ខ្លួន​សម្រាក​នោះ​ជា​កន្លែង​ល្អ ហើយ​ស្រុក​នោះ​ក៏​ស្រួល​រស់​នៅ​ផង ដូច្នេះ អ៊ីសា‌ខារ​ក៏​ឱន​ខ្លួន​ឲ្យ​គេ​ដាក់​កែប ផ្ទុក​របស់​របរ​ពី​លើ និង​ឲ្យ​គេ​ប្រើ​ដូច​ទាសករ​ផង។ ដាន់​គ្រប់‌គ្រង​លើ​ប្រជា‌ជន​របស់​ខ្លួន ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល ដាន់​ប្រៀប​បាន​នឹង​ពស់​ដែល​លូន​នៅ​តាម​ផ្លូវ ដូច​ពស់​វែក​នៅ​តាម​ផ្លូវ​លំ ដែល​ចាំ​តែ​ចឹក​កែង​ជើង​សេះ បណ្ដាល​ឲ្យ​អ្នក​ជិះ​ដាច់‌ផ្ងារ​ធ្លាក់​ចុះ​មក​ក្រោម។ ឱ​ព្រះ‌អម្ចាស់អើយ ទូលបង្គំ​សង្ឃឹម​ថា​ព្រះអង្គ​នឹង​សង្គ្រោះ​ទូលបង្គំ! កាដ​ត្រូវ​កង‌ទ័ព​មួយ​មក​វាយ​សម្រុក តែ​កាដ​នឹង​វាយ​កង‌ទ័ព​នោះ​ពី​ក្រោយ​ខ្នង​វិញ។ អេ‌ស៊ើរ​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​ឆ្ងាញ់​វិសេស កូន​នឹង​ធ្វើ​ព្រះ‌ស្ងោយ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ។ ណែប‌ថាលី​ប្រៀប​បាន​នឹង​សត្វ​ក្ដាន់​ញី ដែល​រត់​ដោយ​សេរី និង​បង្កើត​កូន​យ៉ាង​ស្អាតៗ។ យ៉ូសែប​ប្រៀប​បាន​នឹង​ពន្លក លូត​ចេញ​ពី​ដើម​ឈើ​ដ៏​ល្អ​ដែល​ដុះ​នៅ​មាត់​ទឹក មែក​របស់​វា​ខ្ពស់​ជាង​កំពែង​ក្រុង​ទៅ​ទៀត។ ខ្មាំង​សត្រូវ​នាំ​គ្នា​រក​រឿង​យ៉ូសែប គេ​បាញ់​ព្រួញ​មក​លើ​យ៉ូសែប ប៉ុន្តែ ធ្នូ​របស់​យ៉ូសែប​មាន​ប្រៀប​ជាង យ៉ូសែប​នៅ​តែ​ខ្លាំង​ពូកែ​ជានិច្ច។ សូម​ឫទ្ធា‌នុភាព​នៃ​ព្រះ​របស់​យ៉ាកុប ដែល​គ្មាន​នរណា​អាច​យក​ជ័យ‌ជម្នះ​បាន សូម​ព្រះអង្គ​ដែល​ជា​គង្វាល និង​ជា​ថ្ម‌ដា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល សូម​ព្រះ​របស់​ពុក​ជួយ​ទំនុក​បម្រុង​កូន សូម​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ប្រទាន​ពរ​កូន គឺ​ឲ្យ​មាន​ភ្លៀង​បង្អុរ​ចុះ​មក​ពី​លើ​មេឃ ឲ្យ​ប្រភព​ទឹក​ផុស​ចេញ​មក​ពី​ទី​ជម្រៅ ឲ្យ​មាន​កូន​ច្រើន និង​ហ្វូង​សត្វ​ក៏​ច្រើន​ដែរ។ សូម​ឲ្យ​ពរ​ដែល​ពុក​ផ្ដល់​ដល់​កូន​នេះ បាន​ប្រសើរ​លើស​ពរ​ដូនតា​របស់​ពុក និង​ខ្ពស់​លើស​កំពូល​ភ្នំ​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច​ទៅ​ទៀត។ សូម​ឲ្យ​ពរ​ទាំង​នេះ​ធ្លាក់​មក​លើ​យ៉ូសែប គឺ​ធ្លាក់​មក​លើ​សក់​របស់​យ៉ូសែប ដែល​ព្រះអង្គ បាន​ញែក​ចេញ​ពី​ចំណោម​បងប្អូន​របស់​ខ្លួន ដើម្បី​ឲ្យ​បម្រើ​ព្រះអង្គ។ បេន‌យ៉ាមីន​ប្រៀប​បាន​នឹង​ចចក​ដ៏​សាហាវ ដែល​សម្លាប់​សត្វ​ហែក​ស៊ី​នៅ​ពេល​ព្រឹក និង​យក​រំពា​មក​ចែក​គ្នា​នៅ​ពេល​ល្ងាច»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លោកុប្បត្តិ 49:13-27

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ