លោកុប្បត្តិ 49:1-33

លោកុប្បត្តិ 49:1-33 គខប

លោក​យ៉ាកុប​ហៅ​កូនៗ​ឲ្យ​មក​ជុំ​គ្នា ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​មក​ជួប‌ជុំ​គ្នា ពុក​នឹង​ប្រាប់​ឲ្យ​កូនៗ​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មាន​ដល់​កូនៗ​ក្នុង​ពេល​អនាគត។ កូន​ចៅ​របស់​យ៉ាកុប​អើយ ចូរ​មក​ជួប‌ជុំ​គ្នា ហើយ​ស្ដាប់! ចូរ​ស្ដាប់​អ៊ីស្រា‌អែល​ជា​ឪពុក រូបេន​ជា​កូន​ច្បង​របស់​ពុក កូន​ជា​ផល​នៃ​កម្លាំង​របស់​ពុក ហើយ​ពុក​បាន​បង្កើត​កូន​មក​មុន​គេ ក្នុង​កាល​ដែល​ពុក​នៅ​ពេញ​កម្លាំង​នៅ​ឡើយ។ កូន​មាន​កិត្តិយស និង​អំណាច​ច្រើន​ជាង​គេ។ កូន​ប្រៀប​បី​ដូច​ជា​ទឹក​ហូរ​យ៉ាង​ខ្លាំង តែ​កូន​មិន​អាច​ធ្វើ​ជា​មេ​គេ​បាន​ទេ ព្រោះ​កូន​បាន​បង្អាប់​កិត្តិយស​ពុក ដោយ​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​របស់​ពុក។ ស៊ីម្មាន និង​លេវី​ជា​បងប្អូន​នឹង​គ្នា គេ​រួម​គំនិត​គ្នា ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ ពុក​មិន​ព្រម​រួម​ចំណែក​ក្នុង​ការ​ឃុប‌ឃិត​របស់​គេ​ទេ។ ពុក​ក៏​មិន​ព្រម​ចូល​រួម​ប្រជុំ​ជា​មួយ​គេ​ដែរ ដ្បិត​ពេល​មាន​កំហឹង គេ​បាន​សម្លាប់​មនុស្ស ហើយ​ពេល​ចង់​សប្បាយ គេ​កាត់​ជើង​គោ​លេង។ ពុក​ដាក់​បណ្ដាសា​កំហឹង​របស់​គេ ព្រោះ​កំហឹង​នេះ​កាច​សាហាវ​ណាស់ ហើយ​ពេល​គេ​ក្ដៅ​ក្រហាយ គេ​គ្មាន​ចិត្ត​ត្រា​ប្រណី​ទាល់​តែ​សោះ! ពុក​នឹង​បំបែក​អ្នក​ទាំង​ពីរ​ក្នុង​ពូជ‌ពង្ស​យ៉ាកុប ពុក​នឹង​កម្ចាត់‌កម្ចាយ​គេ​ក្នុង​ស្រុក​អ៊ីស្រា‌អែល។ យូដា​អើយ បងប្អូន​កូន​នឹង​លើក​តម្កើង​កូន​ឡើង កូន​នឹង​មាន​អំណាច​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​កូន បងប្អូន​បង្កើត​របស់​កូន​នឹង​ក្រាប​ថ្វាយ‌បង្គំ​កូន។ យូដា​កូន​អើយ កូន​ប្រៀប​បាន​នឹង​សត្វ សិង្ហ​ស្ទាវ ដែល​វិល​មក​ពី​ចាប់​សត្វ​ស៊ី ពេល​សិង្ហ​ស្ទាវ​នេះ​ក្រាប​ក្ដី ដេក​ក្ដី វា​មាន​ឫទ្ធិ​ដូច​សិង្ហ​ឈ្មោល និង​សិង្ហ​ញី គ្មាន​នរណា​ហ៊ាន​ដាស់​ទេ។ ព្រះ‌ខ័ន‌រាជ្យ​នឹង​មិន​ចាក​ចេញ​ពី​យូដា​ឡើយ ពូជ‌ពង្ស​យូដា​នឹង​គ្រង​រាជ្យ​ជានិច្ច រហូត​ទាល់​តែ​ព្រះ​មហា‌ក្សត្រ ដែល​ជា​ម្ចាស់​នៃ​ព្រះ‌ខ័ន‌រាជ្យ​នេះ​យាង​មក​ដល់ ហើយ​ប្រជា‌រាស្ត្រ​នានា​ត្រូវ​តែ​ចុះ​ចូល​នឹង​ព្រះអង្គ។ ព្រះអង្គ​ចង​លា​របស់​ព្រះអង្គ​ជាប់​នឹង ដើម​ទំពាំង‌បាយជូរ ហើយ​ចង​កូន​លា​ជាប់​នឹង​មែក​វា។ ព្រះអង្គ​លាង​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ ក្នុង​ស្រា​ទំពាំង‌បាយជូរ ហើយ​លាង​ព្រះ‌ភូសា​របស់​ព្រះអង្គ ក្នុង​ទឹក​ទំពាំង‌បាយជូរ។ ព្រះ‌នេត្រ​របស់​ព្រះអង្គ​ក្រហម ជាង​ស្រា​ទំពាំង‌បាយជូរ ហើយ​ព្រះ‌ទន្ត​របស់​ព្រះអង្គ ស​ជាង​ទឹក​ដោះ​គោ​ទៅ​ទៀត។ សាប់​យូឡូន​នឹង​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​នាវា​ចត​នៅ​តាម​កំពង់‌ផែ ព្រំ‌ប្រទល់​របស់​សាប់‌យូឡូន លាត​សន្ធឹង​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន។ អ៊ីសា‌ខារ​ប្រៀប​ដូច​ជា​សត្វ​លា​ដ៏​មាំ ដេក​នៅ​ក្នុង​ក្រោល​ដែល​មាន​ជញ្ជាំង​ពីរ។ អ៊ីសា‌ខារ​យល់​ឃើញ​ថា កន្លែង​ដែល​ខ្លួន​សម្រាក​នោះ​ជា​កន្លែង​ល្អ ហើយ​ស្រុក​នោះ​ក៏​ស្រួល​រស់​នៅ​ផង ដូច្នេះ អ៊ីសា‌ខារ​ក៏​ឱន​ខ្លួន​ឲ្យ​គេ​ដាក់​កែប ផ្ទុក​របស់​របរ​ពី​លើ និង​ឲ្យ​គេ​ប្រើ​ដូច​ទាសករ​ផង។ ដាន់​គ្រប់‌គ្រង​លើ​ប្រជា‌ជន​របស់​ខ្លួន ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល ដាន់​ប្រៀប​បាន​នឹង​ពស់​ដែល​លូន​នៅ​តាម​ផ្លូវ ដូច​ពស់​វែក​នៅ​តាម​ផ្លូវ​លំ ដែល​ចាំ​តែ​ចឹក​កែង​ជើង​សេះ បណ្ដាល​ឲ្យ​អ្នក​ជិះ​ដាច់‌ផ្ងារ​ធ្លាក់​ចុះ​មក​ក្រោម។ ឱ​ព្រះ‌អម្ចាស់អើយ ទូលបង្គំ​សង្ឃឹម​ថា​ព្រះអង្គ​នឹង​សង្គ្រោះ​ទូលបង្គំ! កាដ​ត្រូវ​កង‌ទ័ព​មួយ​មក​វាយ​សម្រុក តែ​កាដ​នឹង​វាយ​កង‌ទ័ព​នោះ​ពី​ក្រោយ​ខ្នង​វិញ។ អេ‌ស៊ើរ​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​ឆ្ងាញ់​វិសេស កូន​នឹង​ធ្វើ​ព្រះ‌ស្ងោយ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ។ ណែប‌ថាលី​ប្រៀប​បាន​នឹង​សត្វ​ក្ដាន់​ញី ដែល​រត់​ដោយ​សេរី និង​បង្កើត​កូន​យ៉ាង​ស្អាតៗ។ យ៉ូសែប​ប្រៀប​បាន​នឹង​ពន្លក លូត​ចេញ​ពី​ដើម​ឈើ​ដ៏​ល្អ​ដែល​ដុះ​នៅ​មាត់​ទឹក មែក​របស់​វា​ខ្ពស់​ជាង​កំពែង​ក្រុង​ទៅ​ទៀត។ ខ្មាំង​សត្រូវ​នាំ​គ្នា​រក​រឿង​យ៉ូសែប គេ​បាញ់​ព្រួញ​មក​លើ​យ៉ូសែប ប៉ុន្តែ ធ្នូ​របស់​យ៉ូសែប​មាន​ប្រៀប​ជាង យ៉ូសែប​នៅ​តែ​ខ្លាំង​ពូកែ​ជានិច្ច។ សូម​ឫទ្ធា‌នុភាព​នៃ​ព្រះ​របស់​យ៉ាកុប ដែល​គ្មាន​នរណា​អាច​យក​ជ័យ‌ជម្នះ​បាន សូម​ព្រះអង្គ​ដែល​ជា​គង្វាល និង​ជា​ថ្ម‌ដា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល សូម​ព្រះ​របស់​ពុក​ជួយ​ទំនុក​បម្រុង​កូន សូម​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ប្រទាន​ពរ​កូន គឺ​ឲ្យ​មាន​ភ្លៀង​បង្អុរ​ចុះ​មក​ពី​លើ​មេឃ ឲ្យ​ប្រភព​ទឹក​ផុស​ចេញ​មក​ពី​ទី​ជម្រៅ ឲ្យ​មាន​កូន​ច្រើន និង​ហ្វូង​សត្វ​ក៏​ច្រើន​ដែរ។ សូម​ឲ្យ​ពរ​ដែល​ពុក​ផ្ដល់​ដល់​កូន​នេះ បាន​ប្រសើរ​លើស​ពរ​ដូនតា​របស់​ពុក និង​ខ្ពស់​លើស​កំពូល​ភ្នំ​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច​ទៅ​ទៀត។ សូម​ឲ្យ​ពរ​ទាំង​នេះ​ធ្លាក់​មក​លើ​យ៉ូសែប គឺ​ធ្លាក់​មក​លើ​សក់​របស់​យ៉ូសែប ដែល​ព្រះអង្គ បាន​ញែក​ចេញ​ពី​ចំណោម​បងប្អូន​របស់​ខ្លួន ដើម្បី​ឲ្យ​បម្រើ​ព្រះអង្គ។ បេន‌យ៉ាមីន​ប្រៀប​បាន​នឹង​ចចក​ដ៏​សាហាវ ដែល​សម្លាប់​សត្វ​ហែក​ស៊ី​នៅ​ពេល​ព្រឹក និង​យក​រំពា​មក​ចែក​គ្នា​នៅ​ពេល​ល្ងាច»។ លោក​ទាំង​នោះ​ជា​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​យ៉ាកុប​បាន​ផ្ដែផ្ដាំ​ដូច្នេះ នៅ​ពេល​លោក​ឲ្យ​ពរ​កូន​ទាំង​ដប់‌ពីរ គឺ​ម្នាក់ៗ​ទទួល​ពរ​រៀងៗ​ខ្លួន។ បន្ទាប់​មក លោក​យ៉ាកុប​ផ្ដែផ្ដាំ​កូនៗ​ថា៖ «បន្តិច​ទៀត ពុក​នឹង​ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​ពុក ដែល​បាន​លា​ចាក​លោក​ទៅ​ហើយ​នោះ។ ចូរ​បញ្ចុះ​សព​ពុក​នៅ​ក្បែរ​ដូនតា​ក្នុង​គុហា ដែល​នៅ​ក្នុង​ចម្ការ​របស់​លោក​អេប្រូន​ជា​ជន‌ជាតិ​ហេត គឺ​នៅ​ក្នុង​ចម្ការ​ម៉ាក‌ពេឡា ជិត​ម៉ាម‌រ៉េ ក្នុង​ស្រុក​កាណាន ជា​ចម្ការ​ដែល​លោក​តា​អប្រាហាំ​បាន​ទិញ​ពី​លោក​អេប្រូន ជន‌ជាតិ​ហេត ទុក​សម្រាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព។ នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​តា​អប្រាហាំ និង​លោក​យាយ​សារ៉ា ជា​ភរិយា លោក​តា​អ៊ីសាក និង​លោក​យាយ​រេបិកា ជា​ភរិយា ហើយ​ពុក​ក៏​បាន​បញ្ចុះ​សព​លេអា នៅ​ទី​នោះ​ដែរ។ លោក​តា​អប្រាហាំ​បាន​ទិញ​ចម្ការ ព្រម​ទាំង​គុហា​ដែល​ស្ថិត​នៅ​ក្នុង​ចម្ការ​នោះ​ពី​ជន‌ជាតិ​ហេត»។ លោក​យ៉ាកុប​បាន​ផ្ដែផ្ដាំ​កូនៗ​ចប់​សព្វ​គ្រប់​ហើយ លោក​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​លោក។