លោកយ៉ាកុបហៅកូនៗឲ្យមកជុំគ្នា ហើយមានប្រសាសន៍ថា៖ «ចូរមកជួបជុំគ្នា ពុកនឹងប្រាប់ឲ្យកូនៗដឹងអំពីហេតុការណ៍ ដែលត្រូវកើតមានដល់កូនៗក្នុងពេលអនាគត។ កូនចៅរបស់យ៉ាកុបអើយ ចូរមកជួបជុំគ្នា ហើយស្ដាប់! ចូរស្ដាប់អ៊ីស្រាអែលជាឪពុក រូបេនជាកូនច្បងរបស់ពុក កូនជាផលនៃកម្លាំងរបស់ពុក ហើយពុកបានបង្កើតកូនមកមុនគេ ក្នុងកាលដែលពុកនៅពេញកម្លាំងនៅឡើយ។ កូនមានកិត្តិយស និងអំណាចច្រើនជាងគេ។ កូនប្រៀបបីដូចជាទឹកហូរយ៉ាងខ្លាំង តែកូនមិនអាចធ្វើជាមេគេបានទេ ព្រោះកូនបានបង្អាប់កិត្តិយសពុក ដោយលួចរួមដំណេកជាមួយប្រពន្ធរបស់ពុក។ ស៊ីម្មាន និងលេវីជាបងប្អូននឹងគ្នា គេរួមគំនិតគ្នា ប្រព្រឹត្តអំពើឃោរឃៅ ពុកមិនព្រមរួមចំណែកក្នុងការឃុបឃិតរបស់គេទេ។ ពុកក៏មិនព្រមចូលរួមប្រជុំជាមួយគេដែរ ដ្បិតពេលមានកំហឹង គេបានសម្លាប់មនុស្ស ហើយពេលចង់សប្បាយ គេកាត់ជើងគោលេង។ ពុកដាក់បណ្ដាសាកំហឹងរបស់គេ ព្រោះកំហឹងនេះកាចសាហាវណាស់ ហើយពេលគេក្ដៅក្រហាយ គេគ្មានចិត្តត្រាប្រណីទាល់តែសោះ! ពុកនឹងបំបែកអ្នកទាំងពីរក្នុងពូជពង្សយ៉ាកុប ពុកនឹងកម្ចាត់កម្ចាយគេក្នុងស្រុកអ៊ីស្រាអែល។ យូដាអើយ បងប្អូនកូននឹងលើកតម្កើងកូនឡើង កូននឹងមានអំណាចបង្ក្រាបខ្មាំងសត្រូវរបស់កូន បងប្អូនបង្កើតរបស់កូននឹងក្រាបថ្វាយបង្គំកូន។ យូដាកូនអើយ កូនប្រៀបបាននឹងសត្វ សិង្ហស្ទាវ ដែលវិលមកពីចាប់សត្វស៊ី ពេលសិង្ហស្ទាវនេះក្រាបក្ដី ដេកក្ដី វាមានឫទ្ធិដូចសិង្ហឈ្មោល និងសិង្ហញី គ្មាននរណាហ៊ានដាស់ទេ។ ព្រះខ័នរាជ្យនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែព្រះមហាក្សត្រ ដែលជាម្ចាស់នៃព្រះខ័នរាជ្យនេះយាងមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងព្រះអង្គ។ ព្រះអង្គចងលារបស់ព្រះអង្គជាប់នឹង ដើមទំពាំងបាយជូរ ហើយចងកូនលាជាប់នឹងមែកវា។ ព្រះអង្គលាងព្រះពស្ដ្ររបស់ព្រះអង្គ ក្នុងស្រាទំពាំងបាយជូរ ហើយលាងព្រះភូសារបស់ព្រះអង្គ ក្នុងទឹកទំពាំងបាយជូរ។ ព្រះនេត្ររបស់ព្រះអង្គក្រហម ជាងស្រាទំពាំងបាយជូរ ហើយព្រះទន្តរបស់ព្រះអង្គ សជាងទឹកដោះគោទៅទៀត។
អាន លោកុប្បត្តិ 49
ស្ដាប់នូវ លោកុប្បត្តិ 49
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 49:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ