ដំណឹងនេះបានលេចឮទៅដល់វាំងរបស់ព្រះចៅផារ៉ោនថា បងប្អូនរបស់លោកយ៉ូសែបមកដល់ហើយ ធ្វើឲ្យទាំងស្ដេច ទាំងក្រុមមន្ត្រីសប្បាយចិត្ត។ ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «សុំប្រាប់បងប្អូនរបស់លោកថា “ចូរនាំគ្នារៀបចំសត្វពាហនៈចេញដំណើរទៅស្រុកកាណានយ៉ាងប្រញាប់ រួចនាំឪពុក និងក្រុមគ្រួសារត្រឡប់មករកយើងវិញ យើងនឹងប្រគល់ដីមួយកន្លែងដ៏ល្អជាងគេ នៅស្រុកអេស៊ីបនេះឲ្យអ្នករាល់គ្នា ព្រមទាំងឲ្យអ្នករាល់គ្នាបរិភោគភោគផលដ៏ល្អជាងគេ នៅក្នុងស្រុកនេះផង”។ សុំលោកប្រាប់ពួកគេទៀតថា “ចូរយករទេះពីស្រុកអេស៊ីប ទៅដឹកជញ្ជូនប្រពន្ធកូន និងឪពុកអ្នករាល់គ្នាមកទីនេះ។ មិនត្រូវនឹកស្ដាយរបស់ទ្រព្យអ្នករាល់គ្នាឡើយ ដ្បិតនៅស្រុកអេស៊ីបអ្នករាល់គ្នានឹងបានកន្លែងដ៏ល្អជាងគេ”»។ កូនៗរបស់លោកអ៊ីស្រាអែលនាំគ្នាធ្វើតាមរាជឱង្ការនេះ។ លោកយ៉ូសែបយករទេះមកឲ្យពួកគេ តាមបញ្ជារបស់ព្រះចៅផារ៉ោន ហើយលោកក៏ឲ្យស្បៀងអាហារគេ សម្រាប់បរិភោគតាមផ្លូវដែរ។ លោកបានយកសម្លៀកបំពាក់មកឲ្យបងៗទាំងអស់គ្នា។ រីឯបេនយ៉ាមីនវិញ លោកឲ្យប្រាក់សុទ្ធប្រមាណកៅសិបតម្លឹង និងឲ្យសម្លៀកបំពាក់ប្រាំបន្លាស់។ លោកក៏ផ្ញើលាឈ្មោលដប់ក្បាល ដែលមានផ្ទុកភោគផលដ៏ល្អបំផុតនៅស្រុកអេស៊ីប ព្រមទាំងលាញីដប់ក្បាលដែលផ្ទុកស្រូវ និងស្បៀងអាហារផ្សេងៗ ទៅជូនឪពុករបស់លោក ទុកសម្រាប់ធ្វើដំណើរមក។ បន្ទាប់មក លោកឲ្យបងប្អូនចេញដំណើរទៅ ទាំងផ្ដាំថា៖ «កុំឈ្លោះប្រកែកគ្នានៅតាមផ្លូវឡើយ»។ ពួកគេចាកចេញពីស្រុកអេស៊ីប មកជួបលោកយ៉ាកុប ជាឪពុក នៅស្រុកកាណានវិញ។ គេនាំគ្នាជម្រាបលោកយ៉ាកុបថា៖ «យ៉ូសែបនៅរស់នៅឡើយទេ ហើយកំពុងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលផង»។ ប៉ុន្តែ លោកយ៉ាកុបមិនរំភើបចិត្តសោះ ព្រោះលោកមិនជឿសម្ដីរបស់ពួកគេទេ។ ពួកគេក៏ជម្រាបជូននូវសេចក្ដីទាំងប៉ុន្មានដែលលោកយ៉ូសែបបានផ្ដាំមក។ ពេលឃើញរទេះដែលលោកយ៉ូសែបបញ្ជូនមក ដើម្បីដឹកលោកទៅស្រុកអេស៊ីប លោកយ៉ាកុប ជាឪពុក ក៏ភ្ញាក់ស្មារតីឡើងវិញ ហើយមានប្រសាសន៍ថា៖ «បានហើយ ពុកជឿ! យ៉ូសែបកូនប្រុសឪពុកនៅរស់នៅឡើយ! ពុកចង់ទៅជួបមុខវា មុននឹងពុកលាចាកលោកនេះ»។
អាន លោកុប្បត្តិ 45
ស្ដាប់នូវ លោកុប្បត្តិ 45
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 45:16-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ