លោកុប្បត្តិ 28:10-22

លោកុប្បត្តិ 28:10-22 គខប

លោក​យ៉ាកុប​ចាក​ចេញ​ពី​ក្រុង​បៀរ‌សេបា​ឆ្ពោះ​ទៅ​កាន់​ស្រុក​ខារ៉ាន។ ពេល​ថ្ងៃ​ជិត​លិច លោក​បាន​ទៅ​ដល់​កន្លែង​មួយ ហើយ​ស្នាក់​នៅ​ទី​នោះ។ លោក​បាន​យក​ថ្ម​មួយ​ដុំ​មក​កើយ រួច​សម្រាន្ត​លក់​នៅ​ទី​នោះ​ទៅ។ លោក​សុបិន​ឃើញ​មាន​ជណ្ដើរ​មួយ​បញ្ឈរ​លើ​ផែនដី ចុង​វា​ខ្ពស់​រហូត​ដល់​មេឃ ហើយ​មាន​ទេវតា*​របស់​ព្រះ‌ជាម្ចាស់ នាំ​គ្នា​ចុះ​ឡើង​តាម​ជណ្ដើរ​នោះ។ ពេល​នោះ ព្រះ‌អម្ចាស់​គង់​នៅ​ក្បែរ​លោក មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អប្រាហាំ ជីតា​អ្នក ហើយ​ក៏​ជា​ព្រះ​របស់​អ៊ីសាក​ដែរ។ យើង​នឹង​ប្រគល់​ទឹក​ដី​ដែល​អ្នក​ដេក​លើ​នេះ​ដល់​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។ ពូជ‌ពង្ស​របស់​អ្នក​នឹង​មាន​ចំនួន​ច្រើន​ដូច​ធូលី​ដី។ ទឹក​ដី​របស់​អ្នក​នឹង​លាត​សន្ធឹង​ទៅ​ទិស​ខាង​លិច ទិស​ខាង​កើត ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង។ ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​បាន​ទទួល​ពរ​ដោយ‌សារ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។ ចំពោះ​យើង​ផ្ទាល់ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ថែ‌រក្សា​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ ហើយ​យើង​នឹង​នាំ​អ្នក​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ ដ្បិត​យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ គឺ​យើង​នឹង​សម្រេច​អ្វី​ទាំង​អស់​តាម​ពាក្យ​ដែល​យើង​សន្យា​នេះ»។ លោក​យ៉ាកុប​ភ្ញាក់​ឡើង ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​គង់​នៅ​កន្លែង​នេះ​មែន តែ​ខ្ញុំ​មិន​ដឹង​សោះ!»។ លោក​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ពោល​ថា៖ «កន្លែង​នេះ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់! គឺ​ពិត​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពិត​ជា​ទ្វារ​នៃ​ស្ថាន​បរម‌សុខ!»។ លោក​យ៉ាកុប​ក្រោក​ឡើង​ពី​ព្រលឹម យក​ដុំ​ថ្ម​ដែល​លោក​កើយ​នោះ មក​ដាក់​បញ្ឈរ​ជា​ស្តូប រួច​ចាក់​ប្រេង​ពី​លើ ។ លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា«បេត‌អែល» ។ ប៉ុន្តែ កាល​ពី​ដើម គេ​ហៅ​កន្លែង​នោះ​ថា «លូស»។ លោក​យ៉ាកុប​បន់​ថា៖ «ប្រសិន​បើ​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ខ្ញុំ និង​ថែ‌រក្សា​ខ្ញុំ​តាម​ផ្លូវ​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ ប្រសិន​បើ​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​អាហារ​បរិភោគ និង​សម្លៀក‌បំពាក់ ហើយ​ប្រសិន​បើ​ខ្ញុំ​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​វិញ ដោយ​សុខ‌សាន្ត នោះ​ខ្ញុំ​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់​ទុក​ជា​ព្រះ​របស់​ខ្ញុំ​មែន។ ដុំ​ថ្ម​ដែល​ខ្ញុំ​លើក​បញ្ឈរ​ឡើង​នេះ ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់! អ្វីៗ​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​នឹង​យក​មួយ​ភាគ​ដប់​ថ្វាយ​ព្រះអង្គ​វិញ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លោកុប្បត្តិ 28:10-22

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ