លោកុប្បត្តិ 19:12-17

លោកុប្បត្តិ 19:12-17 គខប

ទេវតា​ពោល​ទៅ​លោក​ឡុត​ថា៖ «តើ​មាន​នរណា​ខ្លះ​នៅ​ជា​មួយ​លោក? បើ​មាន​កូន​ប្រសា កូន​ប្រុស កូន​ស្រី និង​មាន​អ្វី​ទៀត​ជា​កម្មសិទ្ធិ​របស់​លោក​នៅ​ក្នុង​ក្រុង ចូរ​នាំ​ចេញ​ពី​កន្លែង​នេះ​ទៅ ដ្បិត​យើង​នឹង​រំលាយ​ក្រុង​នេះ​ចោល ពី‌ព្រោះ​ពាក្យ​ចោទ​ប្រកាន់​ក្រុង​នេះ​បាន​លាន់​ឮ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​បាន​ចាត់​ពួក​យើង​ឲ្យ​មក​រំលាយ​ក្រុង​នេះ​ចោល»។ លោក​ឡុត​ក៏​ចេញ​ទៅ​ប្រាប់​កូន​ប្រសា​ប្រុសៗ ដែល​បាន​រៀបការ​ជា​មួយ​កូន​ស្រី​របស់​គាត់​ថា៖ «ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ពី​ទី​នេះ​ទៅ ដ្បិត​ព្រះ‌អម្ចាស់​នឹង​រំលាយ​ទីក្រុង​ចោល!»។ ប៉ុន្តែ កូន​ប្រសា​របស់​គាត់​យល់​ឃើញ​ថា គាត់​គ្រាន់​តែ​និយាយ​លេង​ប៉ុណ្ណោះ។ ពេល​ភ្លឺ​ស្រាងៗ​ទេវតា​នាំ​គ្នា​បង្ខំ​លោក​ឡុត​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ប្រពន្ធ និង​កូន​ស្រី​ទាំង​ពីរ​របស់​លោក​ដែល​នៅ​ជា​មួយ​ចេញ​ទៅ កុំ​ឲ្យ​វិនាស​ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ក្រុង​នេះ​ឡើយ»។ ប៉ុន្តែ ដោយ​លោក​ឡុត​នៅ​បង្អែ‌បង្អង់ ទេវតា​ក៏​ចាប់​ដៃ​គាត់ ប្រពន្ធ​គាត់ និង​កូន​ស្រី​គាត់​ទាំង​ពីរ ទាញ​ចេញ​ទៅ​ទុក​ឲ្យ​នៅ​ខាង​ក្រៅ​ទីក្រុង ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​គាត់​បាន​រួច​ជីវិត។ ពេល​នាំ​គាត់​ចេញ​ផុត​ពី​ក្រុង​នោះ ទេវតា​ម្នាក់​ពោល​ថា៖ «ចូរ​រត់​ឲ្យ​រួច​ជីវិត​ទៅ! កុំ​ងាក​មើល​ក្រោយ! កុំ​ឈប់​នៅ​តំបន់​វាល​រាប​ឲ្យ​សោះ! ចូរ​រត់​ទៅ​តំបន់​ភ្នំ ដើម្បី​ឲ្យ​រួច​អាយុ​ជីវិត»។