កាឡាទី 3:19-26

កាឡាទី 3:19-26 គខប

បើ​ដូច្នោះ តើ​ក្រឹត្យ‌វិន័យ​មាន​ប្រយោជន៍​អ្វី? ក្រឹត្យ‌វិន័យ​កើត​មាន​មក​តាម​ក្រោយ ដើម្បី​បង្ហាញ​បទ​ល្មើស​របស់​មនុស្ស ហើយ​មាន​ខ្លឹម‌សារ​រហូត​ដល់​ពូជ‌ពង្ស ដែល​ត្រូវ​ទទួល​មត៌ក​តាម​ព្រះ‌បន្ទូល​សន្យា​យាង​មក​ដល់។ ពួក​ទេវតា*​បាន​នាំ​យក​ក្រឹត្យ‌វិន័យ​នេះ​មក តាម​រយៈ​មនុស្ស​ម្នាក់ ដែល​ជួយ​ធ្វើ​អន្តរា‌គមន៍។ ប៉ុន្តែ ប្រសិន​បើ​មាន​តែ​ម្នាក់​នោះ មិន​បាច់​ឲ្យ​មាន​នរណា​ធ្វើ​អន្តរា‌គមន៍​ឡើយ។ រីឯ​ព្រះ‌ជាម្ចាស់​វិញ មាន​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។ ដូច្នេះ តើ​បាន​សេចក្ដី​ថា ក្រឹត្យ‌វិន័យ​ទាស់​នឹង​ព្រះ‌បន្ទូល​សន្យា​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! ប្រសិន​បើ​ក្រឹត្យ‌វិន័យ​ដែល​មនុស្ស​បាន​ទទួល​អាច​ផ្ដល់​ជីវិត បាន​សេចក្ដី​ថា មនុស្ស​នឹង​បាន​សុចរិត​ដោយ‌សារ​ក្រឹត្យ‌វិន័យ​មែន ក៏​ប៉ុន្តែ ក្នុង​គម្ពីរ​មាន​ចែង​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម​អំណាច​បាប ដើម្បី​ឲ្យ​អស់​អ្នក​ជឿ​បាន​ទទួល​ផល ស្រប​តាម​ព្រះ‌បន្ទូល​សន្យា ព្រោះ​គេ​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ​គ្រិស្ត។ មុន​ពេល​ជំនឿ​មក​ដល់ យើង​ជាប់​ឃុំ‌ឃាំង​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ ទាំង​រង់‌ចាំ​ជំនឿ​ដែល​នឹង​ត្រូវ​លេច​ចេញ​មក។ ដូច្នេះ ក្រឹត្យ‌វិន័យ​មាន​នាទី​ណែ‌នាំ​យើង​ទៅ​កាន់​ព្រះ‌គ្រិស្ត ដើម្បី​ឲ្យ​យើង​បាន​សុចរិត​ដោយ‌សារ​ជំនឿ។ កាល​ណា​ជំនឿ​មក​ដល់​ហើយ យើង​មិន​ស្ថិត​នៅ​ក្រោម​ឱវាទ​របស់​អ្វី​ដែល​ណែ‌នាំ​យើង​នោះ​ទៀត​ទេ ដ្បិត​ដោយ‌សារ​ជំនឿ​លើ​ព្រះគ្រិស្ត‌យេស៊ូ បងប្អូន​សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់។