អេសេគាល 47:1-12

អេសេគាល 47:1-12 គខប

បុរស​នោះ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​កាន់​ទ្វារ​ព្រះ‌ដំណាក់​វិញ។ នៅ​ទី​នោះ ខ្ញុំ​ឃើញ​ទឹក​ផុស​ចេញ​ពី​ក្រោម​មាត់​ទ្វារ ហូរ​ទៅ​ទិស​ខាង​កើត ព្រោះ​ព្រះ‌ដំណាក់​បែរ​មុខ​ទៅ​ខាង​កើត។ ទឹក​ហូរ​ចុះ​ទៅ​ខាង​ស្ដាំ​ព្រះ‌ដំណាក់ កាត់​តាម​ខាង​ត្បូង​អាសនៈ។ បុរស​នោះ​នាំ​ខ្ញុំ​ចេញ​ពី​ទី‌លាន​តាម​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​នាំ​ខ្ញុំ​ដើរ​វាង​ព្រះ‌ដំណាក់ រហូត​ដល់​ខាង​ក្រៅ​ទ្វារ​ខាង​កើត។ នៅ​ទី​នោះ ទឹក​ក៏​ហូរ​ចេញ​ពី​ខាង​ស្ដាំ​មក​ដែរ។ កាល​បុរស​នោះ​ចេញ​ទៅ​ខាង​កើត ទាំង​កាន់​ខ្សែ​រង្វាស់​លោក​វាស់​មួយ​ពាន់​ហត្ថ រួច​ឲ្យ​ខ្ញុំ​ដើរ​លុយ​ទឹក ទឹក​ឡើង​ដល់​ត្រឹម​ភ្នែក​គោល។ លោក​វាស់​មួយ​ពាន់​ហត្ថ​ទៀត ហើយ​ឲ្យ​ខ្ញុំ​ដើរ​លុយ​ទឹក​ទឹក​ឡើង​ដល់​ត្រឹម​ក្បាល​ជង្គង់។ លោក​វាស់​មួយ​ពាន់​ហត្ថ​សា​ជា​ថ្មី​ទៀត រួច​ឲ្យ​ខ្ញុំ​លុយ​ទឹក លើក​នេះ​ទឹក​ឡើង​ដល់​ត្រឹម​ចង្កេះ។ លោក​វាស់​ថែម​មួយ​ពាន់​ហត្ថ​ទៀត ពេល​នោះ ទឹក​ហូរ​ខ្លាំង​ដូច​ទឹក​ស្ទឹង ខ្ញុំ​លុយ​លែង​កើត​ត្រូវ​តែ​ហែល ព្រោះ​ទឹក​ឡើង​ខ្លាំង​ពេក​ហើយ​ជ្រៅ​ផង។ លោក​ប្រាប់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! តើ​អ្នក​ឃើញ​ឬ​ទេ?» លោក​ក៏​នាំ​ខ្ញុំ​ទៅ​មាត់​ស្ទឹង​វិញ។ កាល​ខ្ញុំ​មក​ដល់​មាត់​ស្ទឹង ឃើញ​មាន​ដើម​ឈើ​ជា​ច្រើន​ដុះ​ទាំង​សង​ខាង។ លោក​ប្រាប់​ខ្ញុំ​ថា៖ «ទឹក​នេះ​ហូរ​ទៅ​ស្រុក​ខាង​កើត ចុះ​ទៅ​ដល់​តំបន់​ទន្លេ​យ័រដាន់ រួច​ហូរ​ចាក់​ទៅ​សមុទ្រ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ប្រែ​ជា​ទឹក​សាប។ ស្ទឹង​នេះ​ហូរ​កាត់​កន្លែង​ណា កន្លែង​នោះ​មាន​សត្វ​គ្រប់​ប្រភេទ​រស់​នៅ​រវើក‌រវ័ណ្ឌ ហើយ​មាន​ត្រី​ដ៏​ច្រើន​ឥត​គណនា ដ្បិត​ទឹក​នេះ​ហូរ​ចូល​សមុទ្រ ធ្វើ​ឲ្យ​ទឹក​សមុទ្រ​នោះ​ប្រែ​ទៅ​ជា​ទឹក​សាប។ ទឹក​នេះ​ហូរ​ទៅ​កន្លែង​ណា ជីវិត​នឹង​កើត​មាន​នៅ​កន្លែង​នោះ។ ពេល​នោះ មាន​អ្នក​នេសាទ​រាយ​អួន​របស់​ខ្លួន​ចាប់​ពី​អេន-‌កេឌី រហូត​ដល់​អេន-‌អេក‌លែម។ ត្រី​នៅ​ក្នុង​នោះ មាន​ពូជ​ច្រើន​ប្រភេទ ដូច​ពូជ​ត្រី​នៅ​ក្នុង​មហា‌សាគរ។ រីឯ​ទឹក​នៅ​តាម​ព្រៃ​ល្បប់ និង​ព្រៃ​រនាម​ជាប់​នឹង​សមុទ្រ​នោះ នៅ​តែ​ប្រៃ​ដដែល ព្រោះ​ជា​កន្លែង​បម្រុង​ទុក​សម្រាប់​ធ្វើ​អំបិល។ នៅ​តាម​មាត់​ស្ទឹង​ទាំង​សង​ខាង មាន​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ​ដុះ ស្លឹក​វា​មិន​ចេះ​ស្រពោន​ឡើយ ហើយ​ផ្លែ​ក៏​មិន​ចេះ​អស់​ដែរ។ រៀង​រាល់​ខែ ដើម​ឈើ​ទាំង​នោះ​ផ្ដល់​ផ្លែ​ថ្មី​មិន​ដាច់ ដ្បិត​វា​ទទួល​ទឹក​ដែល​ហូរ​ចេញ​ពី​ទីសក្ការៈ​មក។ គេ​បេះ​ផ្លែ​ឈើ​នេះ​ធ្វើ​ជា​អាហារ ហើយ​យក​ស្លឹក​វា​ធ្វើ​ជា​ថ្នាំ​សង្កូវ​សម្រាប់​កែ​រោគ​ផង»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេសេគាល 47:1-12

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ