ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ពេលកូនចៅអ៊ីស្រាអែលរស់នៅលើទឹកដីរបស់ខ្លួននៅឡើយ ពួកគេធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង ដោយសារអំពើអាក្រក់ និងមារយាទថោកទាបរបស់ពួកគេ។ យើងចាត់ទុកមារយាទរបស់ពួកគេថា មិនបរិសុទ្ធ ដូចស្ត្រីក្នុងគ្រាមានសៅហ្មងដែរ។ ពួកគេធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង ដោយការបង្ហូរឈាម និងការថ្វាយបង្គំព្រះក្លែងក្លាយ ហេតុនេះហើយបានជាយើងជះកំហឹងរបស់យើងទៅលើពួកគេ។ យើងបានកម្ចាត់កម្ចាយពួកគេឲ្យទៅនៅក្នុងចំណោមប្រជាជាតិទាំងឡាយ យើងបំបែកពួកគេឲ្យទៅរស់នៅតាមស្រុកនានា។ យើងដាក់ទោសពួកគេតាមអំពើអាក្រក់ និងតាមមារយាទថោកទាបរបស់ខ្លួន។ ពេលទៅដល់ស្រុករបស់ប្រជាជាតិទាំងឡាយ ពួកគេបានបង្អាប់បង្អោននាមដ៏វិសុទ្ធរបស់យើង ហើយម្ចាស់ស្រុកនិយាយអំពីពួកគេថា “ពួកនេះជាប្រជារាស្ត្ររបស់ព្រះអម្ចាស់ ពួកគេចាកចេញពីស្រុករបស់ព្រះអង្គមក”។ យើងចង់រក្សានាមដ៏វិសុទ្ធរបស់យើង ដែលកូនចៅអ៊ីស្រាអែលបានបង្អាប់បង្អោន នៅក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលពួកគេស្នាក់អាស្រ័យនៅជាមួយ។ ហេតុនេះ ចូរប្រាប់ពូជពង្សអ៊ីស្រាអែលថា: ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ “ពូជពង្សអ៊ីស្រាអែលអើយ! យើងធ្វើដូច្នេះមិនមែនដោយយល់ដល់អ្នករាល់គ្នា គឺយល់ដល់នាមដ៏វិសុទ្ធរបស់យើងដែលអ្នករាល់គ្នាបានបង្អាប់បង្អោន ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលអ្នករាល់គ្នាអាស្រ័យនៅជាមួយ។ យើងនឹងសម្តែងបារមីឲ្យប្រជាជាតិនានាស្គាល់នាមដ៏វិសុទ្ធ*របស់យើង គឺនាមដែលអ្នករាល់គ្នាបានបង្អាប់បង្អោនក្នុងចំណោមប្រជាជាតិទាំងនោះ។ ពេលណាយើងសម្តែងភាពវិសុទ្ធរបស់យើងក្នុងចំណោមអ្នករាល់គ្នាឲ្យប្រជាជាតិទាំងនោះឃើញ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ យើងនឹងយកអ្នករាល់គ្នាចេញពីចំណោមប្រជាជាតិទាំងឡាយ យើងនឹងប្រមូលអ្នករាល់គ្នាពីគ្រប់ស្រុកនាំត្រឡប់មកមាតុភូមិវិញ។ យើងនឹងប្រោះទឹកដ៏បរិសុទ្ធលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ។ យើងនឹងជម្រះអ្នករាល់គ្នាឲ្យបានស្អាតបរិសុទ្ធ* ផុតពីអំពើសៅហ្មងទាំងឡាយ លែងឲ្យអ្នករាល់គ្នាជាប់ចិត្តនឹងព្រះក្លែងក្លាយទាំងប៉ុន្មាន។ យើងនឹងប្រគល់ចិត្តគំនិតថ្មីឲ្យអ្នករាល់គ្នា ហើយដាក់វិញ្ញាណថ្មីក្នុងអ្នករាល់គ្នា។ យើងនឹងដកចិត្តរឹងដូចថ្មចេញពីអ្នករាល់គ្នា រួចឲ្យអ្នករាល់គ្នាមានចិត្តអាណិតអាសូរវិញ។ យើងនឹងដាក់វិញ្ញាណរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចធ្វើតាមច្បាប់ ហើយកាន់តាមវិន័យរបស់យើង។ អ្នករាល់គ្នានឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យដូនតាអ្នករាល់គ្នា អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះរបស់អ្នករាល់គ្នា។ យើងនឹងសង្គ្រោះអ្នករាល់គ្នាឲ្យរួចផុតពីអំពើសៅហ្មងគ្រប់យ៉ាង យើងនឹងឲ្យអ្នករាល់គ្នាមានស្រូវយ៉ាងច្រើនបរិបូណ៌ គឺមិនឲ្យមានទុរ្ភិក្សទៀតទេ។ យើងនឹងធ្វើឲ្យដើមឈើ និងស្រែចម្ការបង្កើតផលផ្លែជាច្រើន ដើម្បីកុំឲ្យអ្នករាល់គ្នារងគ្រោះដោយទុរ្ភិក្ស និងត្រូវអាម៉ាស់នៅចំពោះមុខប្រជាជាតិនានា។ ពេលនោះ អ្នករាល់គ្នានឹងនឹកឃើញអំពីកិរិយាមារយាទអាក្រក់ និងអំពើមិនគួរគប្បី ដែលអ្នករាល់គ្នាធ្លាប់ប្រព្រឹត្តកាលពីមុន ហើយអ្នករាល់គ្នានឹងនឹកខ្មាសខ្លួនឯង ព្រោះតែអំពើបាប និងអំពើគួរស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ តោងដឹងថា យើងធ្វើដូច្នេះមិនមែនមកពីយល់ដល់អ្នករាល់គ្នាទេ! ពូជពង្សអ៊ីស្រាអែលអើយ ចូរនឹកខ្មាស និងអៀនខ្លួនចំពោះកិរិយាមារយាទរបស់ខ្លួនទៅ!” - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់»។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងជម្រះអ្នករាល់គ្នាឲ្យបានបរិសុទ្ធ រួចផុតពីអំពើបាបទាំងប៉ុន្មានរបស់ខ្លួនហើយ យើងនឹងឲ្យមានប្រជាជនរស់នៅសាជាថ្មីក្នុងក្រុងនានា ហើយគេនឹងសង់ផ្ទះនៅត្រង់កន្លែងបាក់បែកនោះឡើងវិញ។ ដីដែលគេបោះបង់ចោលនឹងមានដំណាំដុះសាជាថ្មី អស់អ្នកដើរកាត់តាមនោះនឹងលែងឃើញដីដែលគេបោះបង់ចោលទៀតហើយ។ ពួកគេនឹងពោលថា ស្រុកដែលគេបោះបង់ចោលនេះ ត្រឡប់ជាមានសោភណភាពដូចសួនឧទ្យានអេដែន ក្រុងដែលបាក់បែក ហើយស្ងាត់ជ្រងំនេះនឹងត្រូវសង់ឡើងវិញ ដោយមានកំពែងរឹងមាំ ព្រមទាំងមានប្រជាជនរស់នៅផង។ ប្រជាជាតិនានាដែលនៅជុំវិញអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ អ្វីៗដែលបាក់បែក យើងនឹងសង់ឡើងវិញ ហើយយើងក៏ដាំដំណាំសាជាថ្មី នៅលើដីដែលគេបោះបង់ដែរ»។ យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងនឹងធ្វើយ៉ាងនោះ។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងទុកឲ្យពូជពង្សអ៊ីស្រាអែលហៅរកយើងតទៅទៀត យើងនឹងជួយពួកគេ ដោយធ្វើឲ្យពួកគេកើនចំនួនច្រើនឡើង។ ក្រុងនានាដែលនៅសល់តែគំនរបាក់បែក នឹងមានមនុស្សរស់នៅយ៉ាងច្រើន ដូចចំនួនសត្វដែលគេនាំយកទៅធ្វើយញ្ញបូជានៅក្រុងយេរូសាឡឹម ក្នុងពិធីបុណ្យដ៏សំខាន់ៗកាលពីដើម។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
អាន អេសេគាល 36
ស្ដាប់នូវ អេសេគាល 36
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 36:16-38
25 ថ្ងៃ
ប្រជាជននឹងមិនស្តាប់ពាក្យព្រមានរបស់អេសេគាលឲ្យត្រឡប់ទៅរកព្រះវិញទេ ដូច្នេះ ផ្ទុយទៅវិញគាត់បានបញ្ចេញពាក្យប្រស្នាដ៏អាក្រក់ ហើយវាបានចាក់ទម្លុះដួងចិត្តមនុស្ស។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈអេសេគាល ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ