អេសេគាល 28:12-16

អេសេគាល 28:12-16 គខប

«កូន​មនុស្ស​អើយ ចូរ​លើក​បទ​ទំនួញ​អំពី​ស្ដេច​ក្រុង​ទីរ៉ុស! ចូរ​ប្រាប់​ស្ដេច​នោះ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​ជា​គំរូ​ពេញ​លក្ខណៈ អ្នក​ពោរ‌ពេញ​ទៅ​ដោយ​ប្រាជ្ញា​វាង‌វៃ ព្រម​ទាំង​មាន​សម្ផស្ស​យ៉ាង​ល្អ​ឥត​ខ្ចោះ។ អ្នក​ស្ថិត​នៅ​ស្រុក​អេដែន ក្នុង​ឧទ្យាន​របស់​ព្រះ‌ជាម្ចាស់​ដែល​មាន​ត្បូង​គ្រប់​មុខ​ជា​ជញ្ជាំង គឺ​ត្បូង​ទទឹម ត្បូង​ជម្ពូ‌រ័ត្ន ត្បូង​ពេជ្រ ត្បូង​ប៊ុត‌លឿង ត្បូង​ដៃ‌រគៀម ត្បូង​មណី‌រ័ត្ន ត្បូង​កណ្ដៀង ត្បូង​និល‌រ័ត្ន មរកត និង​មាស។ មាន​ស្គរ និង​ខ្លុយ នៅ​ចាំ​លេង​កំដរ​អ្នក​ជា​ស្រេច តាំង​តែ​ពី​ថ្ងៃ​ដែល​អ្នក​កើត​ម៉្លេះ។ អ្នក​ជា​ចេរូប៊ីន*​ត្រដាង​ស្លាប ដែល​យើង​បាន​តែង‌តាំង​ឲ្យ​ការពារ យើង​បាន​ដាក់​អ្នក​នៅ​លើ​ភ្នំ​របស់​យើង អ្នក​ដើរ​នៅ​កណ្ដាល​ថ្ម​ដ៏​ភ្លឺ​ផ្លេក។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បង្កើត​អ្នក រហូត​មក​ដល់​ថ្ងៃ​ដែល​គេ​ឃើញ​ភាព​ទុច្ចរិត​នៅ​ក្នុង​អ្នក អ្នក​ធ្លាប់​តែ​មាន​កិរិយា‌មារយាទ​ល្អ​ឥត​ខ្ចោះ។ ការ​រីក​ចម្រើន​នៃ​ជំនួញ​របស់​អ្នក នាំ​ឲ្យ​អ្នក​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ និង​អំពើ​បាប។ ហេតុ​នេះ យើង​ដេញ​អ្នក​ចុះ​ពី​ភ្នំ​របស់​យើង ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​សាមញ្ញ។ ចេរូប៊ីន​ដែល​ជា​អ្នក​ការពារ​អើយ យើង​ដេញ​អ្នក​ចេញ​ពី​ចំណោម​ថ្ម​ដ៏​ភ្លឺ​ផ្លេក។